ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ពោធិ៍សាត់៖ អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត បញ្ជាក់ពីតម្លាភាពក្នុងការ​ផ្តល់​បណ្ណក្រីក្រក្នុងឃុំ​
05, Nov 2022 , 7:59 pm        
រូបភាព
ដោយ៖ ផាន សុខជា និង ព្រំ វិសាល (យុវជនឃុំអន្លង់ត្នោត) 
 
ស្រុកក្រគរ, ពោធិ៍សាត់៖ បច្ចុប្បន្នពលរដ្ឋដែលមានបណ្ណក្រីក្រ នៅក្នុងឃុំអន្លង់ត្នោត មានចំនួន ៣០០គ្រួសារ ក្នុងនោះចំនួន ៨៥គ្រួសារ ទទួលបានក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត នៃស្រុកក្រគរ ខេត្តពោធិ៍សាត់។  ជុំវិញការផ្តល់បណ្ណក្រីក្រដល់ពលរដ្ឋ អ្នកស្រី ប៊ិន ស៊ីវឡា បានអះអាងថា គឺធ្វើឡើងដោយមានតម្លាភាព ដោយការចុះសម្ភាសពិនិត្យស្ថានភាពគ្រួសារជាក់ស្តែង ដោយមានការចូលរួមមន្ត្រីឃុំ និងយុវជនស្ម័គ្រចិត្តនៅក្នុងឃុំ។ ទន្ទឹមនឹងនេះ នៅពេលឃុំបិទប្រកាសឈ្មោះគ្រួសារដែលត្រូវទទួលបានបណ្ណក្រីក្រ ពលរដ្ឋ ក៏អាចតវ៉ាមកអាជ្ញាធរ ឱ្យពិនិត្យឡើងវិញ ប្រសិនបើយល់ថា ការផ្តល់បណ្ណក្រីក្រមិនយុត្តិធម៌។ ពលរដ្ឋឃុំអន្លង់ត្នោតដែលទទួលបានក្រីក្រ បានអរគុណដល់រដ្ឋាភិបាល ដែលបានគិតគូរដល់ពលរដ្ឋក្រីក្រ។ ពួកគេអះអាងថា បណ្ណក្រីក្រ បានជួយសម្រាលបន្ទុកគ្រួសារខ្លួនមួយកម្រិត។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាវីដេអូខាងក្រោមនេះ៖
 
 
ពលរដ្ឋចំនន ៣០០គ្រួសារ នៅក្នុងឃុំអន្លងត្នោត កំពុងកាន់កាប់បណ្ណក្រីក្រទាំង២ប្រភេទ ដែលផ្តល់ដោយរដ្ឋាភិបាល។  អ្នកស្រី ប៊ិន ស៊ីវឡា មេឃុំអន្លង់ត្នោត នៃស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអះអាងថា ការផ្តល់បណ្ណក្រីក្រនៅក្នុងឃុំខ្លួន គឺធ្វើឡើងដោយតម្លាភាព ព្រោះមានការចូលរួមវិនិច្ឆ័យពីអ្នកពាក់ព័ន្ធជាច្រើន។ 
អ្នកស្រី ប៊ិន ស៊ីវឡា ពន្យល់បន្ថែម៖«មុននឹងយើងអនុម័ត គឺយើងត្រូវចូវចុះទៅមើល៣ទៅ៤ដង។ យើងមិនមែនធ្វើតែមេឃុំយើងតែម្នាក់ទេ គឺមានក្រុមប្រឹក្សារឃុំ មេភូមិ និងក្រុមយុវជនស្ម័គ្រចិត្តតាមភូមិ ឱ្យគាត់ជួយមើល ថាតើវាត្រឹមត្រូវ ឬក៏អត់។ ប្រសិនបើ លើក្តារព័ត៌មានយើងបិទ ប្រសិនបើមានការតវ៉ាណាមួយ យើងមិនអាចឱ្យបានទេ។ គឺខ្ញុំធ្វើម៉ត់ចត់ណាស់។ ព្រោះបណ្ណក្រីក្រនេះ នៅពេលដែលខ្ញុំនៅជាក្រុមប្រឹក្សាឃុំ ​ជាទំទប់ទី១ ជាជំទប់ទី២ ខ្ញុំជាអ្នកកាន់។ អ៊ីចឹង មុននឹងធ្វើអី គឺខ្ញុំប្រយ័ត្នណាស់។ មុននឹងសម្រេចថា យក​មិនមែនចេះតែយកតាមអ្នកសម្ភាសទេ។ គឺត្រូវមើលថាវាជាក់លាក់ដែរឬអត់ ជាពិសេស គឺអត់មានការតវ៉ាពីមូលដ្ឋាន»។
 
លោក ទូច កាដុំ ពលរដ្ឋដែលទទួលបានបណ្ណក្រីក្រប្រភេទទី២ រស់នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ អះអាងថាណ្ណក្រីក្រនេះ បានជួយសម្រាលជីវភាពគ្រួសាររបស់ខ្លួនមួយកម្រិត។ បុរសដែលមានពិការភាពជើងទាំងសងខាងរូបនេះ បានអរគុណដល់អាជ្ញាធរឃុំ ដែលបានផ្តល់បណ្ណក្រីក្រដល់គ្រួសារខ្លួន។ ​
 
អ្នកស្រី រឿង ធារិន ជាពលរដ្ឋម្នាក់ទៀតដែលទើបទទួលបានបណ្ណក្រីក្រប្រភេទទី១។ មានរបរធ្វើស្រែ និងទិញ-លក់អេតចាយ អ្នកស្រី រឿង ធារិន ទទួលបន្ទុកទំនុកបម្រុងកូន និងក្មួយសរុប ៥នាក់ ខណៈប្តីអ្នកស្រី បានបាត់បង់ការ គ្មានប្រាក់ចំណូលមួយរយៈហើយ។ ស្ត្រីរូបនេះ សប្បាយចិត្តដែលទទួលបានបណ្ណក្រីក្រនេះ ដោយអ្នកស្រីអះអាងថាវាបានសម្រាលបន្ទុកគ្រួសារបានមួយកម្រិត៕
 ​
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ThmeyThmey
  បណ្ណក្រីក្រ​
  អន្លង់ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com