ជាតិ
សង្គមជាតិ
វត្តស្វាយរមៀតរៀបចំពិធីប្រណាំងទូកខ្នាតតូចរក្សាទំនៀមពីបុរាណ
05, Nov 2022 , 3:20 pm        
រូបភាព
សៀមរាប៖ នេះជាឆ្នាំទី៥ហើយ ដែលគណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុចវត្តមហានទីរតនារាម ហៅវត្តស្វាយរមៀត រៀបចំពិធីប្រណាំងទូកខ្នាតតូច ក្នុងបំណងរក្សាប្រពៃណីពីបុរាណ និងបង្កើតភាពសប្បាយរីករាយដល់សហគមន៍ជុំវិញ។

 
ពិធីប្រណាំងទូកខ្នាតតូចនេះធ្វើឡើងពីរថ្ងៃ គឺថ្ងៃទី៥ និងទី៦ វិច្ឆិកា នៅវត្តស្វាយរមៀតដែលមានទីតាំងនៅជាប់បារាយណ៍ទឹកថ្លា។ ពិធីនេះត្រូវបានអាក់ខាន២ឆ្នាំ ដោយសារជំងឺកូវីដ១៩។ 
 
ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះចៅអធិការវត្ត មានសង្ឃដីកាថា ពិធីប្រណាំងទូកបែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចូលរួមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករបស់ជាតិ  និងដើម្បីថែរក្សាប្រពៃណីរវាងវត្ត និងសហគមន៍ដែលធ្លាប់មានមកកុំឱ្យបាត់បង់។ ពិធីនេះក៏ដើម្បី អបអរសាទរ បុណ្យកថិនទានសាមគ្គីដង្ហែចូលវត្ត និងដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមផងដែរ។
 
សូមបញ្ជាក់ថា ការប្រណាំងទូកខ្នាតតូចចំណុះ៦នាក់ មានទូកតាមភូមិតំបន់ជុំវិញចូលរួមសរុប ២៦ទូក ក្នុងនោះក៏មានការប្រណាំងចានដែក ដោយកុមារតូចៗផងដែរ៕
 









 
 

Tag:
 ពិធីប្រណាំងទូក
  វត្តស្វាយរមៀត
© រក្សាសិទ្ធិដោយ thmeythmey.com