ជាតិ
​ខេត្តកំពង់ស្ពឺ ​ត្បូងឃ្មុំ និងព្រះវិហារ រៀបចំការ​ប្រណាំងទូក ពី​ថ្ងៃ​ទី៧-៩ វិច្ឆិកា​
07, Nov 2022 , 3:29 pm        
រូបភាព
ទិដ្ឋភាពអុំទូក
ទិដ្ឋភាពអុំទូក
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្ត បានរៀបចំការប្រណាំងទូកផ្កាចារ និងទូកខ្នាតអន្តរជាតិ ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ដើម្បីចូលរួមអបអរ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អកអំបុក និងសំពះព្រះខែ។

ខេត្តកំពង់ស្ពឺ ​ប្រារព្ធ​ពិធី​ប្រណាំង​ទូកខ្នាតផ្កាចារ និងខ្នាតអន្តរជាតិ រយៈពេល៣ថ្ងៃពេញ អមជាមួយ​ការសម្ដែង​សិល្បៈ និង​ការបាញ់​កាំជ្រួច ​នៅតាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត មុខ​សួនច្បារ​សម្ដេច​សង្ឃ ជួន ណាត​​។ ដោយឡែក នាពេលរាត្រីក៏មានការតាំងពិព័រណ៍ ផលិតផល ការប្រគំតន្រី្តខ្នាតធំផងដែរ។
 
ចំណែកខេត្តត្បូងឃ្មុំ ក៏រៀបចំការប្រណាំងទូកខ្នាតផ្កាចារ និងខ្នាតអន្តរជាតិ​ដែរ នៅ២ទីតាំង​ផ្សេងគ្នា។ ទីតាំងទី១ នឹងរៀបចំនៅបរិវេណមុខសាលាខេត្តត្បូងឃ្មុំ រយៈពេល​៣ថ្ងៃពេញ អមដោយការ​តាំងពិព័រណ៍​ផលិតផល ម្ហូបអាហារចម្រុះ ការបណ្តែតប្រទីប សំពះព្រះខែ អកអំបុក ​បាញ់កាំជ្រួច និងការសម្តែងល្ខោនបាសាក់។
 
ចំណែកទីតាំងទី២វិញ ធ្វើឡើងតែនៅថ្ងៃទី៨ វិច្ឆិកាប៉ុណ្ណោះ នៅ​កស្សិណទឹកតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ហ្លួងព្រះស្តេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក។ ពិធីនេះ នឹងមាន​ការប្រណាំងទូកអន្តរជាតិចម្ងាយ៦០០ម៉ែត្រ ​ចំនួន២៨ទូក ​និងប្រណាំងទូកផ្កា​ចារ ចម្ងាយ៣០០ម៉ែត្រ ចំនួន៤ទូក។ ដោយឡែក ទូកត្នោត មានចំនួន​៣ទូក ប្រណាំងចម្ងាយ១០០ម៉ែត្រ និងខ្ទះត្នោត មានចំនួន១១ ប្រណាំងចម្ងាយ៥០ម៉ែត្រ។ 
 
ពី​ថ្ងៃ​ទី៧-៩ វិច្ឆិកានេះ នៅខេត្តព្រះវិហារ នឹងរៀបចំការប្រណាំងទូកជាលក្ខណៈសហគមន៍ ​ជាមួយនឹងការបង្ហោះគោម បាញ់កាំជ្រួច និងបណ្តែតប្រទើប នៅទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។
 
សូមបញ្ជាក់ដែរ រដ្ឋបាលខេត្តទាំង៣ បានរៀបចំសណ្តាប់ធ្នាប់  រក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាម ពង្រឹងសន្តិសុខ នៅទីតាំងប្រណាំងទូក និងទីតាំងតាំងពិព័រណ៍ការប្រគំតន្រ្តីកម្សាន្តផងដែរ៕
 
 
 

Tag:
 ThmeyThmey
  ប្រណាំងទូក
  កំពង់ស្ពឺ
 ត្បូងឃ្មុំ
 ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com