ជាតិ
ព្រះ​មហាក្សត្រ​ព្រុយណេ នឹងយាងទស្សនកិច្ច ​កម្ពុជា​នៅ​ថ្ងៃទី​១៤ វិច្ឆិកានេះ
07, Nov 2022 , 6:29 pm        
រូបភាព
ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ​ព្រុយណេ
ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃ​ព្រុយណេ
ភ្នំពេញ៖ ព្រះ​ចៅ​ស៊ុល​តង់ ព្រះ​មហាក្សត្រនៃ​ព្រុយណេ​ដារូស្សា​ឡាម នឹង​យាង​មក​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៅ​កម្ពុជា​ នា​ថ្ងៃ​ទី​១៤ វិច្ឆិកា​ខាង​មុខនេះ។ ការ​យាង​មក​របស់​ព្រះ​ចៅ​ស៊ុលតង់នេះ ​តបតាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ​​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 
ក្នុង​ព្រះរាជដំណើរ​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋនេះ ព្រះ​ចៅ​ស៊ុល​តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ​អ៊ីហ្សាឌី វ៉ាឌូឡាហ៍ ​ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមាន​ព្រះ​សវនាការ​ជាមួយ​ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រះ​បរម​រាជវាំង។ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មា​ន​របស់​ក្រសួង​ការបរទេស ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកានេះ ព្រះ​ចៅ​ស៊ុល​តង់ ក៏នឹង​មាន​កិច្ច​ប្រជុំ​កំពូល​ទ្វេភាគី​ ជាមួយ​សម្ដេច ហ៊ុន សែន នា​វិមាន​សន្តិភាពផងដែរ។ 
 
ជាមួយ​គ្នានេះ ព្រះ​ចៅ​ស៊ុលតង់ និង​សម្ដេច​នាយករដ្ឋមន្រ្តី​កម្ពុជា នឹង​យាង/អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុ​ស្សរណៈ​នៃការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្ដី​ពី​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី។ ក្រៅពី​ជួប​ព្រះ​មហាក្សត្រកម្ពុជា និង​សម្ដេច ហ៊ុន សែន ព្រះ​ចៅ​ស៊ុល​តង់​ នឹង​យាង​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ​នៅ​វិមាន​​​​ឯករាជ្យ និង​នៅ​ព្រះ​បរម​រូប​​ ព្រះ​បរមនកោដ្ឋ។​
 
សេចក្ដី​ប្រកាស​ព័ត៌មាន​ខាង​លើ​ បញ្ជាក់ថា ព្រះ​រាជដំណើរ​ទស្សនកិច្ច​របស់​ព្រះ​ចៅ​ស៊ុល​តង់ ប្រព្រឹត្ត​ទៅ​ស្រប​ពេល​ដែល​ប្រទេស​ព្រុយណេ និង​កម្ពុជា ប្រារព្ធ​ខួប​​អនុស្សាវរីយ​លើក​ទី​៣០ នៃការ​បង្កើត​ទំនាក់​ទំនង​ការ​ទូតក្នុង​ឆ្នាំ​នេះ​៕ 
 

Tag:
 ព្រះ​ចៅ​ស៊ុល​តង់
  ព្រះ​មហាក្សត្រ​ព្រុយណេ
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com