ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ ព្រោះខ្វះបន្ទប់ ​​​បណ្ណាល័យនៃសាលាបឋមសិក្សា​តូនីតាកេ ត្រូវរៀបចំក្នុងទីចាត់ការ
07, Nov 2022 , 9:39 pm        
រូបភាព
លោក អ៊ីង​ ជា នាយកសាលាបឋមសិក្សាតូនីតាកេ ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត
លោក អ៊ីង​ ជា នាយកសាលាបឋមសិក្សាតូនីតាកេ ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត
ដោយ៖ ដោយ : ណី ស្រីពៅ (យុវជនឃុំត្រពាំងធំ)
 
ស្រុកទឹកឈូ, ខេត្តកំពត៖  សាលាបឋមសិក្សាតូនីតាកេ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្តកំពត។ ប៉ុន្តែសាលា​ នេះ មិនមានបន្ទប់សិក្សាគ្រប់គ្រាន់សម្រាប់ឡើយ ហើយបណ្ណាល័យទៀត សោត ត្រូវរៀបចំ នៅក្នុងបន្ទប់ទីចាត់ការតែម្តង។ 

 
លោក អ៊ីង ជា នាយកសាលាបឋមសិក្សាតូនីតាកេ បានឱ្យដឹងថា នៅក្នុងបណ្ណាល័យ មានសៀវភៅអាន និងសិក្សា សម្រាប់​ការសិក្សារបស់សិស្សបឋមសិក្សាជិត ៥០នាក់ ដែលកំពុងសិក្សានៅទីនេះ។ «មានបណ្ណាល័យ ដែលរៀបនៅក្នុងទីចាត់ការ ដោយសារសាលាយើងខ្វះអគារ អ៊ីចឹងយើងរៀបចមធ្នើរដែលឧបត្ថម្ភដោយក្រសួងអប់រំ មានធ្នើរ មានសៀវភៅ។ ចំណែកឯសៀវភៅក្នុងបណ្ណាល័យ ដែលរៀបចំក្នុងទីចាត់ការ មានសៀវភៅច្រើនចម្រុះគ្នា។ មានលក្ខណៈអប់រំ មានលក្ខណៈប្រជាប្រិយភាព មានទាំងច្បាប់ផ្សេងៗ ដែលបម្រើដល់ការសិក្សា និងអានរបស់សិស្សានុសិស្ស»។
 


ដ្បិតតែមានបណ្ណាល័យ ដែលមានសៀវភៅសិក្សាគ្រប់គ្រាន់ សម្រាប់មែន ប៉ុន្តែ លោក អ៊ីង ជា បានបញ្ជាក់ថា ដោយសារតែវាត្រូវបានរៀបចំនៅក្នុងទីចាត់ការដូច្នេះ វាមានភាពចង្អៀតបន្តិចសម្រាប់សិស្សដែលចង់​មកអានសៀវភៅខ្លះដែរ។ ជុំវិញកង្វះ បន្ទប់សិក្សា និងការរៀបចំបណ្ណាល័យនេះ កន្លងមក លោក នាយកសាលាបឋមសិក្សាតូនីតាកេ រូបនេះ ក៏បានស្នើសុំទៅលោកគ្រូបានស្នើសុំជាលក្ខណៈសូចនាកររាល់ឆ្នាំ ប៉ុន្តែពុំមានស្នើសុំជាលិខិតទេ។ ប៉ុន្តែការដាក់ស្នើសុំទៅកាន់ក្រសួងអប់រំ តាមរយៈការសូចនាករប្រចាំឆ្នាំដែរ ក៏ប៉ុន្តែមិនមានការឆ្លើយតប​ឡើយ​។
 
បើតាមលោក អ៊ីង ជា ការណ៍ដែលក្រសួងមិនទាន់ឆ្លើយ ទំនងជាមកពីចំនួនសិស្សនៅទីនេះ មានចំនួនតិចតួចនៅឡើយដែរ។ លោក អ៊ីង ពន្យល់ដូច្នេះថា៖ «ការស្នើសុំ​ គឺពាក់ព័ន្ធទៅនឹងកំណើនសិស្សដែរ។ ប្រសិនបើកំណើនសិស្សមានការកើនឡើងច្រើន តម្រូវការ និងការរៀបចំបណ្ណាល័យ សម្រាប់ឲ្យសិស្សក៏ច្រើន។ ប្រសិនបើមានកំណើនសិស្សកើនពីមួយឆ្នាំ ទៅមួយឆ្នាំ ការដាក់ស្នើទៅមន្ទីរអប់រំ យុវជន និងកីឡា ក្រសួង នឹងមានការរៀបចំបន្ទប់បណ្ណាល័យ»។ 


 លោក អ៊ីង​ ជា នាយកសាលាបឋមសិក្សាតូនីតាកេ ដែលមានទីតាំងក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត

យ៉ាងណាក៏ដោយលោកនាយកសាលារូបនេះ ចង់​ឱ្យ​ក្រសួង ឬមន្ទីរអប់រំ គិតគូរដល់ការរៀបចំបណ្ណាល័យ នៅក្នុងសាលាខ្លួនឱ្យបានប្រសើរ និងទូលាយល្អ ដើម្បីរួមចំណែកទាក់ទាញសិស្សឱ្យចូលអាន និងស្វែងយល់បានកាន់តែច្រើន​៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ​
© រក្សាសិទ្ធិដោយ thmeythmey.com