កីឡាជាតិ
ជាតិ
MCL2014៖​ បៀល​ប្រាយ​ អាស៊ី​អឺរ៉ុប និង Albirex ស្វែង​រក​ជ័យ​ជម្នះ​លើក​ដំបូង
08, Feb 2014 , 7:26 am        
រូបភាព
អ្នក​ចាំទីរបស់ Albirex នា​ការ​ប្រកួត​ជាមួយ​ស្វាយ​រៀង។ រូបថត CAM Photo Agency
អ្នក​ចាំទីរបស់ Albirex នា​ការ​ប្រកួត​ជាមួយ​ស្វាយ​រៀង។ រូបថត CAM Photo Agency
ដោយ:
ក្រុម​បាល់ទាត់​ភ្នំពេញ​ក្រោន, TriAsia, ណាហ្គា​ខប និង អ​គ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ កំពុង​តែ​មាន​ពិន្ទុ​ ៤ ពិន្ទុ​ស្មើ​គ្នា​នាំ​មុខ​​ក្នុង​តារាង​នៃ​​ពាន​រង្វាន់​បាល់ទាត់ Metfone Cambodian League 2014 គិត​ត្រឹម ២ ​សប្ដាហ៍​កន្លង​ទៅ​នេះ ខណៈ​ក្រុម​ខេត្ត​ស្វាយ​រៀង, ចម្ការ​កៅស៊ូបឹ​ងកេត​ និង​ វេស្ទើ​ន មាន​ ៣ ពិន្ទុ​ម្នាក់​តាម​ពី​ក្រោយ។



នៅ​ថ្ងៃ​សៅរិ៍​ទី ៨ កុម្ភៈ នេះ​មាន​ការ​ប្រកួត ៤ ប្រកួត ដោយ​នៅ​ស្ដាត​ចាស់​មាន ២ គូ និង ពហុ​កីឡដ្ឋាន​ជាតិ មាន​២ គូ។ តើ​ក្រុម​ណា​អាច​រក​ពិន្ទុ​ឈរ​កំពូល​តារាង​នៅ​​សប្ដាហ៍​ទី៣ ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ?


ចម្ការ​កៅស៊ូ​បឹង​កេត Vs អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ (ម៉ោង ​១ :៣០ នៅ​ស្ដាត​ចាស់)
ក្រុម​ចម្ការ​កៅស៊ូ​បឹងកេត ក្រោម​ការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក ប្រាក់ វុទ្ធី ក្រោយ​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ចំណូល​ថ្មី TriAsia កាល​ពី​ចុង​​សប្ដាហ៍​កន្លង​ទៅ ត្រូវ​រួម​កម្លាំង​គ្នា​សាជាថ្មី ស្វែង​រក​ពិន្ទុ​នៅ​ប្រកួត​នេះ និង ប្រកួត​បន្ទាប់ ​​​ជៀសវាង​ដាច់​ឆ្ងាយ​ពី​ក្រុម​ខ្លាំង​ដទៃ​ទៀត។ ខ្សែ​ប្រយុទ្ធ​ជនជាតិ​ហុល្លង់ Van Der Hooft Elroy, ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, សុខ ផេង សុទ្ធ​តែ​ជា​តារា​ជើង​ស៊ុត​របស់​ក្រុម។

ចំណែក​អគ្គស្ន​ងកា​ររដ្ឋាន​ន​គរបាល​ជាតិ (ប៉ូលិស) មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ដោយ ២ ប្រកូត​ឈ្នះ ១ និង ស្មើ ១​ ប្រកួត។ ក្រុម​លោក​គ្រូបង្វឹក អ៊ុង កងយ៉ានិត ក៏​ត្រូវ​ការ​ពិន្ទុ​ដើម្បី​ភាព​ខ្លាំង​របស់​ខ្លួន​បន្ត​ទៀត ខណៈ​ដែល​កីឡាករ នួន បូរី រក​គ្រាប់​បាល់​បាន ២ គ្រាប់​ម្នាក់​ឯង​ឱ្យ​ក្រុម នា​ប្រកួត​កន្លង​មក។

បៀល​ប្រាយ​យូ​ណាយ​ធីត​ Vs ណា​ហ្គាខ​ប (ម៉ោង​ ៣:៤៥ ​រសៀល​ នៅ​ស្ដាត​ចាស់)
បៀល​ប្រាយ​ដែល​មាន​កម្លាំង​កីឡាករ​ក្នុង​ស្រុក ផ្សំ​នឹង​ធនធាន​ល្អៗ មក​ពី​បរទេស មួយ​ចំនួន បាន​ធ្វើ​ឱ្យ​ក្រុម​ដទៃ​គិត​ថា​ជា​ឧបសគ្គ​​មួយ​​​នៅ​រដូវកាល​នេះ។ តែ​អ្វី​ៗ​ដូចជា​មិន​ទាន់​លេច​ចេញ​ជា​លទ្ធផល​ធំដុំ​នៅ​ឡើយ​នោះ​ទេ ព្រោះ​២ ប្រកួត​កន្លង​មក​ស្មើ​ទាំង ២ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​គ្រូ​បង្វឹក លាស់ សា​ឡាស់​ខាន់ ត្រូវ​ពិចារណា​រក​វិធី​ធ្វើ​ឱ្យ​ផុត​ទុក្ខ។

ចំពោះ​ណាហ្គា​ខប ដែល​​ប្រមូល​ផ្ដុំ​ដោយ​កីឡាករ​ចាស់ៗ និង បទពិសោធន៍​ច្រើន​ឆ្នាំ បន្ថែម​នឹង​កីឡាករ​បរទេស ៥ នាក់​ទៀត​ត្រូវ​បាន​មហាជន​រំពឹង​ថា​ទំនង​ជា​បេក្ខភាព​ប្រជែង​យ៉ាង​ពាន​រឹងមាំ​ជាង​គេ។ បើ​ទោះ​ជា​ឈ្នះ ក្រសួង​ការ​ពារជា​តិ ៣ ទល់ ០ និង ស្មើ ​គីរី​វង់សុខ​សែនជ័​យ ០ ទល់ ០ តែ​ទម្រង់​លេង​របស់​ក្រុម​មួយ​នេះ​នៅ​មិន​ទាន់​រលូន ខណៈ ៨ ថ្ងៃ​ចុង​ក្រោយ​នេះ​ឆ្លង​កាត់​ការ​ប្រកួត​រហូត​ដល់ ៤ ប្រកួត​ឯណោះ។

ស្វាយ​រៀង Vs អាស៊ី​អឺរ៉ុប ផ្សាយ​ផ្ទាល់​នៅ​​ប៉ុស្ដិ៍ BTV (ម៉ោង ​៣:៣០ រ​សៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ)
ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​ខេត្ត​ស្វាយ​រៀង ទើប​ប្រកួត​បាន​មួយ​ប្រកួត​តែ រក​គ្រាប់​បាល់​បាន ៦ គ្រាប់។ លោក សំ វ៉ាន់ដេត ត្រូវ​ធ្វើ​យ៉ាង​ណា​បង្វឹក​កូន​ក្រុម​ឱ្យ​បាន​កាន់​​ល្អ​​ព្រោះ​ឆ្នាំ​នេះ​ត្រូវ​ប្រកួត​រហូត​ដល់​ពាន​រង្វាន់ ៣ ខុស​គ្នា​រួម​មាន លីក, Hun Sen Cup និង តំណាង​ឱ្យ​កម្ពុជា​ក្នុង​​ពាន​លំដាប់​ទី៣ របស់​ទ្វីប​អាស៊ី AFC President's Cup។

ដោយ​ឡែក​អាស៊ីអឺរ៉ុប មាន​ដង្ហើម​ដក​នៅ​លីក​កម្ពុជា​មួយ​រដូវកាល​ទៀត តែ​អ្វីៗ​ដូចជា​ចាប់​ផ្ដើម​មិន​សូវ​ល្អ​សោះ ព្រោះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១១ ក្នុង​ចំណោម ១២ ក្រុម បន្ទាប់​ពី២ ប្រកួត​ចាញ់​ទាំង២។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​​ដើម​រដូវកាល ២០១៤ ក្រុម​សាកលវិទ្យា​មួយ​នេះ​មិន​ទាន់​បង្ហាញ​មុខ​កម្លាំង​បរទេស​នៅ​ឡើយ​នោះ​ទេ។

Albirex Niigata Phnom Penh Vs TriAsia Phnom Penh (ម៉ោង ៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ)
ក្រុម​​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​ទាំង២​ត្រូវ​​​ដឹកនាំ​ការ​ប្រកួត​បង្ហាញ​ទស្សនិកជន​កម្ពុជា​ជា​លើក​ដំបូង​ប្រចាំ​រដូវកា​ល។ បើ​មើល​ឱ្យ​ចំ TriAsia របស់​លោក​គ្រូ​បង្វឹក Daisuke Yoshioka មាន​ប្រៀប​ជាង​ទាំង​កីឡាករ ​និង អ្នក​គាំទ្រ។ ប៉ុន្ដែ​អ្វីៗ មិន​ទាន់​អាច​កំណត់​បាន​មុន ដរាប​ណា​ប្រកួត​ចប់​ទើប​ដឹង​លទ្ធផល៕




© រក្សាសិទ្ធិដោយ thmeythmey.com