ជាតិ
ក្មេង​ប្រុស៣នាក់ លង់​ទឹក​ស្លាប់ ក្រោយ​លិច​ទូក​នៅ​បឹង​តាអី ក្នុងស្រុកពោធិ៍រៀង
12, Nov 2022 , 5:32 pm        
រូបភាព
រូបភាពពីរដ្ឋបាលស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង
រូបភាពពីរដ្ឋបាលស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង
ភ្នំពេញ៖ ក្មេង​ប្រុស ៣ បាន​បាត់​បង់ជីវិត និង​៦នាក់ផ្សេងទៀត ត្រូវបាន​ពលរដ្ឋ​ជួយសង្រ្គោះទាន់ពេល ក្នុងករណីលិចទូក​ក្នុង​បឹង​តាអី នៅ​ស្រុកពោធិ៍រៀង ខេត្ត​ព្រៃវែង។ លោក ជា វាសនា អធិការស្រុក​ពោធិ៍រៀង ប្រាប់​សារព័ត៌មា​ន​ថ្មីៗ តាម​ទូរសព្ទថា ក្មេងប្រុសទាំង៩នាក់ បាន​ជិះ​ទូក​លេង ក្រោយ​ពួក​គេចេញ​ពី​រៀន​នៅ​ម៉ោង​ប្រហែល៩ព្រឹក។​


 
យុវជន​៩ នាក់ ជា​សិស្សសាលា​បាន​នាំ​គ្នា​​ជិះ​ទូក​លេង នៅ​ក្នុង​បឹងតាអី ដែល​មាន​ជម្រៅចន្លោះពី២ទៅ៣ម៉ែត្រ​​ ​ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បើតាមលោក ជា​ វាសនា អធិការ​ស្រុក​ពោធិ៍រៀង ពេល​កំពុង​ជិះទូក ​ស្រាប់តែ​ទូក​លិច បណ្ដាល​ឱ្យ​យុវជន​ ៣នាក់​ ​លង់ទឹកស្លាប់ ខណៈ​៦នាក់ទៀត ហែលរួចខ្លួន និង​ខ្លះ​ត្រូវបាន​ពលរដ្ឋ​ក្បែរនោះ​ជួយ​សង្រ្គោះ។ 
 
លោក ជា​ វាសនា អធិការ​ស្រុក​ពោធិ៍រៀង បន្តថា ក្រោយ​កើត​ហេតុ​សមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន បាន​ចុះមុជទឹក​ស្វែង​រក​សាក​សព​យុវជនទាំង ៣ ដោយ​​រក​ឃើញភ្លាមៗចំនួន ២នាក់ និង​ម្នាក់​រកឃើញ​នៅ​ម៉ោង​ជិត ១២ថ្ងៃត្រង់។  
 
អធិការ​ស្រុក​ពោធិ៍រៀងរូបនេះ ក៏បាន​អំពាវនាវ​ដល់​ឪពុកម្ដាយ ឬអាណាព្យាបាល ប្រុង​ប្រយ័ត្ន​ និង​ណែនាំ​កូន​ចៅ​កុំ​ឱ្យ​លេង​ទឹក​ ជៀសវាង​គ្រោះថ្នាក់​​ជា​យថាហេតុណាមួយ៕​
 

Tag:
 លង់ទឹក
  លិច​ទូក
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com