ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ នគរបាលឃុំត្រពាំងធំ ចុះល្បាតតាមភូមិរាល់ថ្ងៃ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ
13, Nov 2022 , 7:59 pm        
រូបភាព
ដោយ៖ ណី ស្រីពៅ (យុវជនឃុំត្រពាំងធំ)
 
ស្រុកទឹកឈូ, កំពត៖ លោក ពៅ ទូច មេប៉ុស្ដិ៍ត្រពាំងធំ បានលើកឡើងថា មន្ត្រីប៉ុស្តិ៍ សហការជាមួយប្រជាការពារភូមិ មានការចុះល្បាត ជារៀងរាល់ថ្ងៃ ដើម្បីតាមដាន និងបង្ការបញ្ហាអសន្តិសុខនៅក្នុងភូមិ-ឃុំ។ ការចុះល្បាតនេះ ផ្ដោតទៅលើការបង្រ្កាបល្បែងស៊ីសង ប្រើគ្រឿងញៀន និងការរក្សាសន្តិសុខជូនប្រជាពល។

 
បើតាមមេប៉ុស្ដិ៍ត្រពាំងធំ ក្រៅពីចុះល្បាត កម្លាំងនគរបាល ក៏តែងតែអប់រំប្រជាពលរដ្ឋ កុំឱ្យប្រព្រឹត្តសកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ព្រោះសកម្មភាពនេះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ ភូមិឃុំ និងអាចឈានដល់មានប្រើអំពើហិង្សានៅក្នុងគ្រួសារ។ ជុំវិញរឿងនេះ ប្រសិនបើអាជ្ញាធរចុះណែនាំប្រជាពលរដ្ឋមិនគោរពតាម នោះនឹងហៅពួកគេទៅធ្វើកិច្ចសន្យានៅប៉ុស្ដិ៍ ដើម្បីបញ្ចប់កុំឱ្យមាននៅថ្ងៃក្រោយទៀត។

លោក ពៅ ទូច មេប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត 
 
ទន្ទឹមនឹងការចុះល្បាត លោក ពៅ ទូច ក៏អះអាងដែរថា កម្លាំងនគរបាលប៉ុស្តិ៍ គឺតែងតែបំផុសគំនិតឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងការផ្តល់ព័ត៌មានពីបញ្ហា និងភាពអសកម្មនានា ដើម្បីចាត់វិធានការទប់ស្កាត់ និងអន្តរាគមន៍បានទាន់ពេលវេលា។ លោក ពៅ ទូច មេប៉ុស្តិ៍នគរបាលឃុំត្រពាំងធំ បន្ថែមថា៖ «មនុស្សយើងឱ្យតែទំនាក់ទំនងជាមួយពលរដ្ឋល្អ គឺល្អហើយ តែបើមិនល្អទោះមានរឿងអ្វីក៏ពួកគេមិនផ្ដល់ព័ត៌មានឱ្យដែរ។ ការមានទំនាក់ទំនងជាមួយពលរដ្ឋ គឺសំខាន់ណាស់»។
 
ជុំវិញការងារចុះល្បាតរបស់អាជ្ញាធរឃុំនេះ អ្នកស្រី អ៊ុង សុខហៀង ដែលជាពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច តែងតែចុះទៅល្បាតចល័តនៅតាមភូមិ ដើម្បីការពារសុវត្ថិភាព កុំឱ្យកើតមានអំពើហិង្សា និងករណីផ្សេងៗទៀត ដែលអាចនឹងកើតមានជាយថាហេតុ។

អ្នកស្រី អ៊ុង សុខហៀង ដែលជាពលរដ្ឋរស់នៅឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត
 
យ៉ាងណាក៏ដោយពលរដ្ឋរូបនេះ ថានៅក្នុងខែវស្សា ការចុះល្បាត ក៏មានការខ្វះចន្លោះដែរ ព្រោះតែផ្លូវពិបាកធ្វើដំណើរ។ «ខែវស្សាគាត់អត់សូវមកទេ ព្រោះផ្លូវពិបាកជិះម៉ូតូ បើខែប្រាំងគាត់ល្បាតញឹកញាប់»។ នេះជាការបញ្ជាក់របស អ្នកស្រី អ៊ុង សុខហៀង៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ភូមឃុំមានសុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com