ជាតិ
អាស៊ាន
លោក លី សៀនឡុង ថា សម្តេច ហ៊ុន សែន ជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
× លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានទៅដល់ប្រទេសរបស់ខ្លួនវិញ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងរាជធានីភ្នំពេញ។
«សូមអរគុណសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសម្រាប់ភាពជោគជ័យក្នុងឆ្នាំដែលសម្តេចធ្វើជាប្រធានអាស៊ាន»។ លោក លី សៀនឡុង បានសរសេរបែបនេះ នៅលើបណ្តាញសង្គម Twitter និងហ្វេសប៊ុករបស់ខ្លួន។
តាមរយៈការបង្ហោះជាបន្តបន្ទាប់ លោកក៏បានសរសើរពីសិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសការសម្តែងនាអំឡុងពេលបើកកិច្ចប្រជុំ រួមទាំងទេសភាពដ៏ស្រស់ស្អាតនានាក្នុងរាជធានីភ្នំពេញផងដែរ។
នៅភ្នំពេញ លោក លី បានចូលរួមកិច្ចប្រជុំកំពូលជាមួយបណ្តាមេដឹកនាំអាស៊ាន រួមទាំងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ (EAS) ដោយពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច។ «យើងជាក្រុមដ៏ចម្រុះ ប៉ុន្តែភាពរឹងមាំរបស់អាស៊ាន និង EAS បាននាំឲ្យបណ្តាមេដឹកនាំរួមគ្នាសម្រាប់ការចរចា និងពិភាក្សា»។ លោកបានសរសេរយ៉ាងដូច្នេះ។
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានចូលរួមកិច្ចប្រជុំជាច្រើនទៀត ដូចជា អាស៊ានបូកបី, អាស៊ាន-អាម៉េរិក, អាស៊ាន-កាណាដា, អាស៊ាន-ឥណ្ឌា, អាស៊ាន-អូស្ត្រាលី ជាដើម។
លោក លី សៀនឡុង កំពុតត្រៀមខ្លួនបន្តទៀតដើម្បីធ្វើការជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលជាប្រធានអាស៊ានសម្រាប់កិច្ចប្រជុំបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com