អន្តរជាតិ
ស្រីលង្កាបង្ហាញកញ្ចប់ថវិកាថ្មី ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ
15, Nov 2022 , 9:29 am        
រូបភាព
ស្រីលង្កានៅថ្ងៃទី​១៤ វិច្ឆិកា បានបង្ហាញសំណើកញ្ចប់ថវិកាថ្មី​របស់រដ្ឋាភិបាលជាមួយនឹងការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុដែលមានទំហំទឹកប្រាក់២,៩ពាន់លានដុល្លារ​ សំដៅជំរុញប្រទេសឱ្យងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតខ្លួនចាប់តាំងពីទទួលឯករាជ្យក្នុងឆ្នាំ១៩៤៨មក។



ប្រធានាធិបតី Ranil Wickremesinghe​ បានបង្ហាញគម្រោងប្រើប្រាស់ថវិការបស់រដ្ឋាភិបាលពេញមួយឆ្នាំ ទៅកាន់សភាដែលមានទំហំទឹកប្រាក់ជាង២,៩ពាន់ន់លានដុល្លារ ដែលអមដោយវិធានការថ្មីគ្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាយ ខណៈដែលកំពុងធ្វើការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)​ លើកញ្ចប់ជំនួយ។ 
 
«នេះគឺជាកញ្ចប់ថវិកាដែលត្រូវបានដាក់ស្នើ ខណៈស្រីលង្កាកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក»។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កា Ranjith Siyambalapitiya លើកឡើងបែបនេះ។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ranijth ក៏បានបន្ថែមថា គ្រួសារជាង៧០ភាគរយកំពុងស្នើសុំរដ្ឋាភិបាលសម្រាប់ការគាំទ្រ ខណៈសេដ្ឋកិច្ចប្រទេសត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះ៨,៣ភាគរយនៅឆ្នាំនេះ។ លោកក៏បានបន្តថា កញ្ចប់ថវិកាថ្មីនេះ នឹងជួយសម្រួលដល់ផ្នែកនយោបាយ និងសេដ្ឋកិច្ចប្រទេសឱ្យឆ្ពោះទៅមុខ។ 
 
គួរបញ្ជាក់ថា ធនាគារពិភពលោកប៉ាន់ស្មានថា សេដ្ឋកិច្ចរបស់ស្រីលង្កាអាចនឹងធ្លាក់ចុះ៩,២ភាគរយនៅឆ្នាំនេះ និង ៤,២ ភាគរយនៅឆ្នាំ ២០២៣។
 
ប្រទេសដែលមានប្រជាជនចំនួន ២២ លាននាក់នេះបានធ្លាក់ចូលទៅក្នុងវិបត្តិនៅក្នុងឆ្នាំនេះ ដោយសារការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ព្រោះជំងឺកូវីដ-១៩ បន្តរាលដាល រួមផ្សំនឹ​ងការកាត់បន្ថយពន្ធ និងការគ្រប់គ្រងសេដ្ឋកិច្ចខុស​ដែលនាំឱ្យមានខ្វះខាតប្រាក់ដុល្លារយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់សេដ្ឋកិច្ច។
 
ស្រីលង្កាដែលមិនអាចបង់ថ្លៃសម្រាប់ការនាំចូលទំនិញសំខាន់ៗបាន កំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ អតិផរណា និងការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណជាតិ។ បច្ចុប្បន្នរដ្ឋាភិបាលបានស្នើដំឡើងអត្រាពន្ធលើប្រាក់ចំណូលនិងសាជីវកម្មដល់៣០ភាគរយ ដើម្បីជំរុញប្រាក់ចំណូលជាតិ បើទោះបីជាមានការរិះគន់ពីក្រុមហ៊ុន និងគណបក្សប្រឆាំងក៏ដោយ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com