អន្តរជាតិ
មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឱ្យរុស្ស៊ីផ្តល់សំណងដល់អ៊ុយក្រែន
15, Nov 2022 , 10:59 am        
រូបភាព
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ដោយ:
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី១៤ ខែវិច្ឆិកា អនុម័តសេចក្តីសម្រេចមួយទៀតពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដោយអំពាវនាវឱ្យប្រទេសមួយនេះទទួលខុសត្រូវចំពោះទង្វើបំពានច្បាប់អន្តរជាតិបែបនេះ។ ​ក្នុងនោះដែរ រុស្ស៊ីក៏ត្រូវទទួលខុសត្រូវផ្តល់សំណងសម្រាប់ការខូចខាត និងការបាត់បង់ជីវិតអំឡុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។

 
នេះជាសេចក្តីសម្រេចទីប្រាំហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) អនុម័តតាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ ជាមួយសំឡេងគាំទ្រ៩៤ ក្នុងចំណោមរដ្ឋសមាជិក ១៩៣ ដំណោះស្រាយនោះសរសេរថា រុស្ស៊ីដែលលុកលុយប្រទេសជិតខាងខ្លួនត្រូវទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយរបស់ខ្លួនដែលបំពានច្បាប់អន្តរជាតិ។
 
«រុស្ស៊ីត្រូវតែទទួលរាល់ផលវិបាកផ្លូវច្បាប់នៃគ្រប់ទង្វើខុសនឹងច្បាប់អន្តរជាតិរួមមានការផ្តល់សំណងសម្រាប់ការខូចខាតដែលបណ្តាលមកពីសកម្មភាពបែបនោះ»។ សេចក្តីសម្រេចរបស់មហាសន្និបាត UN បញ្ជាក់បែបនេះ ហើយក៏បានលើកឡើងពីតម្រូវការបង្កើតយន្តការអន្តរជាតិសម្រាប់ធ្វើការផ្តល់សំណងនេះដែរ។
 
បន្ថែមពីលើនេះ ដំណោះស្រាយដដែលក៏ចេញអនុសាសន៍ដល់ប្រទេសជាសមាជិកសហការជាមួយអ៊ុយក្រែនបង្កើតបញ្ជីអន្តរជាតិមួយដើម្បីចងក្រងឯកសារទាមទារ​ និងព័ត៌មានស្តីពីការខូចខាត ការបាត់បង់ ឬរបួសដែលបង្កដោយរុស្ស៊ីដល់ប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែន។
 
នេះជាសេចក្តីសម្រេចរបស់មហាសន្និបាតដែលទទួលបានគាំទ្រតិចបំផុតក្នុងចំណោមសេចក្តីសម្រេចកន្លងមក។ ខណៈរដ្ឋសមាជិកទាំងអស់មិនបានចូលរួមបោះឆ្នោត  ប្រទេសចំនួន១៤ បោះឆ្នោតប្រឆាំងរួមមានរុស្ស៊ី ចិន និងអ៊ីរ៉ង់ ហើយ៧៣ប្រទេសទៀតបោះឆ្នោតអនុបវាទរួមមានឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។ 
 
ដោយឡែកស្ថានភាពនៅអ៊ុយក្រែនវិញ យោធាអ៊ុយក្រែនបានរំដោះ និងលើកទង់ជាតិអ៊ុយក្រែនឡើងវិញនៅទីក្រុង Kherson ដែលស្ថិតក្នុងដៃរុស្ស៊ីប្រហែលប្រាំបីខែមកនេះ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែវិច្ឆិកា ហៅជ័យជម្នះនេះជាចំណុចចាប់ផ្តើមនៃការបញ្ចប់សង្រ្គាម៕
 
 
 
 
 
 
 
 
 
 

Tag:
 UN
  អ៊ុយក្រែន
 ​ រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com