អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី អំពាវនាវឱ្យមេដឹកនាំ G20 រួបរួមគ្នា ខណៈសង្រ្គាមអ៊ុយក្រែនជាប្រធានបទក្តៅគគុក
15, Nov 2022 , 3:29 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។ រូបថត AFP
ដោយ:
នាសុន្ទរកថាបើកកិច្ចប្រជុំមេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០(G20)នៅកោះបាលីថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ស្នើឱ្យមានការរួបរួមគ្នារវាងមេដឹកនាំក្នុងការស្រោចស្រង់សេដ្ឋកិច្ចសកលលោក បើទោះជាបែកបាក់គ្នាជុំវិញវិបត្តិនៅអ៊ុយក្រែនក៏ដោយ។

 
ឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០(G20)នៅឆ្នាំនេះពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា។ កិច្ចប្រជុំថ្នាក់ដឹកនាំ G20 លើកទី១៧ នេះធ្វើឡើងដើម្បីពិភាក្សាពីដំណោះស្រាយបញ្ហាសេដ្ឋកិច្ចសកលក្រោមមូលបទ«ងើបឡើងជាមួយគ្នា ងើបឡើងខ្លាំងជាងមុន»។ ប្រធានបទសំខាន់ៗរួមមានអតិផរណាពិភពលោក សន្តិសុខថាមពល និងស្បៀងអាហារជាដើម។
 
ប៉ុន្តែជំនួបរដ្ឋមន្រ្តីការបរទេសកន្លងមកហាក់ដូចជាមិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីឡើយ ដោយសារតែបញ្ហានៅអ៊ុយក្រែនក្លាយជាប្រធានបទដ៏ក្តៅគគុកដែលនាំឱ្យមានការខ្វែងគំនិតគ្នាមិនអាចចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចសកលបាន។
 
«​យើងមិនមានជម្រើសផ្សេងទេ កិច្ចសហប្រតិបត្តិការគឺត្រូវការដើម្បីជួយសង្រ្គោះពិភពលោក»។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ថ្លែងបែបនេះនៅថ្ងៃទី១៥ ខែវិច្ឆិកាក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូល G20 នាកោះបាលី។ 
 
បើតាមប្រធានាធិបតីឥណ្ឌូណេស៊ី G20 ត្រូវតែជាកាតាលីករជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ពិភពលោកមិនត្រូវបែកចែកជាជាបក្សពួកនោះទេ ហើយក៏មិនត្រូវអនុញ្ញាតឱ្យពិភពលោកធ្លាក់ចូលក្នុងសង្រ្គាមត្រជាក់ទៀតដែរ។ 
 
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន មិនបានចូលរួមកិច្ចប្រជុំកំពូល G20 តែប្រហែលថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ហើយបញ្ជូនរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ជំនួសវិញ ខណៈប្រធានាធិបតីអ៊ុយក្រែនក៏ចូលប្រជុំតាមប្រព័ន្ធអនឡាញដែរ។ រីឯ ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្ន Jair Bolsonaro ដែលទើបចាញ់ការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិបន្ទាប់កាលពីចុងខែតុលា ក៏មិនបានចូលរួមដែរ។ 
 
G20 ដែលមាន១៩ប្រទេសបូកនឹងសហភាពអឺរ៉ុបតំណាងឱ្យជិត ៨៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ប្រហែល២ភាគ៣នៃចំនួនប្រជាជនពិភពលោកសរុប និងជាង ៧៥ភាគរយនៃពាណិជ្ជកម្មពិភពលោក៕
 
 

Tag:
 G20
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com