អន្តរជាតិ
ថៃ ពង្រាយកម្លាំងសន្តិសុខជាង៣ម៉ឺននាក់ការពារកិច្ចប្រជុំកំពូល APEC
15, Nov 2022 , 8:29 pm        
រូបភាព
កម្លាំងសន្តិសុខថៃ៣៥០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ នៅទីក្រុងបាងកក នាថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមការលើកឡើងរបស់អគ្គស្នងការនគរបាលជាតិថៃ ឧត្តមសេនីយ៍ Damrongsak Kittiprapas។



ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwon នៅថ្ងៃទី១៤ ខែវិច្ឆិកាបានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ ទទួលបន្ទុកកិច្ចការត្រួតពិនិត្យសុវត្ថិភាព ដើម្បីពិភាក្សាអំពីការគ្រប់គ្រងក្នុងអំឡុងកិច្ចប្រជុំកំពូល APEC ។ ក្រោយកិច្ចប្រជុំ អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Damrongsak Kittiprapas បាននិយាយថា ទីបញ្ជាការគ្រប់គ្រង នឹងបើកកិច្ចប្រជុំប្រចាំថ្ងៃដើម្បីត្រួតពិនិត្យសន្តិសុខនាកិច្ចប្រជុំកំពូល។
 
អំឡុងពេលនេះ តំបន់ជាច្រើន នឹងត្រូវហាមឃាត់សម្រាប់ការជួបជុំ។ 
«ខណៈពេលដែលប្រជាជនមានសិទ្ធិប្រមូលផ្តុំគ្នា ការធ្វើបាតុកម្មមិនត្រូវឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសាធារណៈ ឬរំលោភសិទ្ធិអ្នកដទៃឡើយ។ ជនល្មើសនឹងប្រឈមមុខច្បាប់ ហើយផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។ យើងមិនអនុញ្ញាត​ឲ្យ​អ្នក​ណា​បង្ក​ការ​ខូច​ខាត​ដល់​ប្រទេស​ឡើយ»។ អគ្គស្នងការនគរបាលជាតិ លោក Damrongsak លើកឡើងបែបនេះ។ 
 
លោក Damrongsak បន្ថែមថាមន្ត្រី ៣៥០០០ នឹងត្រូវបានប្រមូលផ្តុំមករក្សាសន្តិសុខទីក្រុងបាងកក ដែលជាកន្លែងប្រារព្ធកិច្ចប្រជុំ កន្លែងគណៈប្រតិភូស្នាក់នៅ និងទទួលទានអាហារ ក៏ដូចជាផ្លូវសម្រាប់រថយន្តរបស់មេដឹកនាំធ្វើដំណើរ។ កងកម្លាំងអន្តរាគមពិសេសរបស់ថៃ ក៏ត្រូវបានចាត់តាំងផងដែរដើម្បីដោះស្រាយបញ្ហារំខានដែលអាចកើតមានក្នុងអំឡុងពេលកិច្ចប្រជុំនេះ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
ទីតាំងត្រួតពិនិត្យសន្តិសុខចំនួន ២៩កន្លែងត្រូវបានដាក់ពង្រាយនៅទីក្រុងបាងកក ខណៈដែលភ្នាក់ងារសន្តិសុខត្រូវឃ្លាំមើលក្រុមអ្នកតវ៉ា និងអ្នកដែលមានដីកាចាប់ខ្លួនផ្សេងៗផងដែរ។ លើសពីនេះ ការបិទផ្លូវនឹងត្រូវអនុវត្តមានចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា តាមបណ្តោយផ្លូវ Ratchadaphisek ចន្លោះផ្លូវ Asok Montri និង Rama IV-Klong Toey។ 
 
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែវិច្ឆិកា ជាថ្ងៃឈប់សម្រាកនៅទីក្រុងបាងកក Nonthaburi និង Samut Prakan ដែលជាកន្លែងពាក់ព័ន្ធនឹងដំណើរការកិច្ចប្រជុំ Apec។ យ៉ាងណាមិញ រថយន្ត​ក្រុងសាធារណៈ​នឹង​នៅបន្តដឹកជញ្ជូនអ្នក​រស់​​នៅ​ជុំវិញ​តំបន់នោះដែលត្រូវធ្វើដំណើរ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com