អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មលើសមាជិកគ្រួសារមហាសេដ្ឋីរុស្ស៊ីដែលគាំទ្រការឈ្លានពានអ៊ុយក្រែន
15, Nov 2022 , 4:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
អាម៉េរិកនៅថ្ងៃទី១៤ ខែវិច្ឆិកា បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១៤រូប និងអង្គភាព២៨ រួមមានទាំងសមាជិកគ្រួសារមហាសេដ្ឋីរុស្ស៊ី ដោយចុះឈ្មោះពួកគេចូលបញ្ជីខ្មៅ។ បុគ្គល និងអង្គភាពទាំងនោះត្រូវបានរកឃើញថាជាខ្សែបណ្តាញទាក់ទងនឹងការផ្គត់ផ្គង់វិស័យយោធារុស្ស៊ី ដើម្បីគាំទ្រទីក្រុងមូស្គូក្នុងការលុកលុយអ៊ុយក្រែន។



ភ្លាមៗក្រោយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោកស្រី ចាណេត យេលេន ព្រមានថាវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មលើបណ្ដាញផ្គត់ផ្គង់វិស័យយោធារុស្ស៊ី រតនាគារអាម៉េរិកនៅថ្ងៃទី១៤ ខែវិច្ឆិកាបានសម្រេចដាក់ទណ្ឌកម្មតែម្ដង។ ក្នុងចំណោមអ្នករងទណ្ឌកម្មជាបុគ្គល១៤នាក់ និង២៨អង្គភាព សមាជិកមួយចំនួននៃគ្រួសារមហាសេដ្ឋីរុស្ស៊ី លោក Suleiman Kerimov ត្រូវជាប់ទណ្ឌកម្មអាម៉េរិកហើយក៏មានអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុរបស់គ្រួសារសេដ្ឋី Suleiman ដែរ។
 
ក្រៅពីនេះ​ រតនាគារអាម៉េរិកបានចុះក្រុមហ៊ុន Milandr ទៅក្នុងបញ្ជីខ្មៅ ដោយក្រុមហ៊ុននេះរកស៊ីផ្នែកមីក្រូអេឡិចត្រូនិច ហើយជាផ្នែកមួយនៃរចនាសម្ព័ន្ធស្រាវជ្រាវ និងអភិវឌ្ឍយោធារបស់ទីក្រុងមូស្គូ។ ទីក្រុងវ៉ាស៊ីនតោនក៏បានចុះឈ្មោះ អង្គភាពចំនួនបីដែលជាប់ទាក់ទងនឹងក្រុមហ៊ុន Milandr និងនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនទៀតទៅក្នុងបញ្ជីខ្មៅ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
«អាម៉េរិកនឹងបន្តរំខានដល់ដំណើរការផ្គត់ផ្គង់ផ្សេងៗទៅឱ្យយោធារុស្ស៊ី និងតម្លើងថ្លៃចំណាយលើអ្នកជួយជំរុញអំណាចរបស់ប្រធានាធិបតី ពូទីន ក៏ដូចជាអ្នកដែលគាំទ្រអំពើឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន»។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។
 
នេះមិនមែនជារឿងថ្មីដែលអាម៉េរិកដាក់ទណ្ឌកម្មលើអ្នកពាក់ព័ន្ធសង្គ្រាមរុស្ស៊ីឡើយ។ កន្លងមក រតនាគារអាម៉េរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាសំខាន់ៗនៅរុស្ស៊ី ហើយក្រសួងពាណិជ្ជកម្មអាម៉េរិកបានកាត់ផ្តាច់ការនាំចេញសមាសធាតុផលិតសព្វាវុធរបស់ខ្លួន បូករួមទាំងបច្ចេកវិទ្យាដែលត្រូវប្រើនៅក្នុងការផលិតសព្វាវុធយោធាមួយចំនួនរបស់រុស្ស៊ីផងដែរ។
 
លើសពីនេះ រុស្ស៊ីត្រូវបានគេសង្ស័យថាទិញដ្រូនពីអ៊ីរ៉ង់ ដែលត្រូវបានប្រើដើម្បីវាយប្រហារទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន។ អង្គភាព និងឧស្សាហកម្មយោធាអ៊ីរ៉ង់កំពុងស្ថិតក្រោមទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីអាម៉េរិក លើកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com