អន្តរជាតិ
មេដឹកនាំចិន ស្នើមេដឹកនាំបារាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក
15, Nov 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅឥណ្ឌូណេស៊ី។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែវិច្ឆិកា បានជំរុញឱ្យបារាំងរក្សាឯករាជ្យភាពរបស់ខ្លួនក្នុងទំនាក់ទំនងការបរទេស និងគោរពផលប្រយោជន៍ស្នូលទៅវិញទៅមកនៅក្នុងជំនួបទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតីបារាំg អេម៉ានុយអែល ម៉ាក្រុង។



មួយថ្ងៃបន្ទាប់ពីជួបជាមួយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ប្រធានាធិបតីចិន ស៊ី ជិនភីង បានបើកកិច្ចប្រជុំទ្វេភាគីទល់មុខគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។ វាជាជំនួបទ្វេភាគីដោយផ្ទាល់លើកដំបូងក្រោយជំងឺកូវីដ-១៩ ។ កិច្ចប្រជុំទ្វេភាគី ធ្វើឡើងក្រៅកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) លើកោះបាលី របស់ឥណ្ឌូណេស៊ី។
 
នាកិច្ចប្រជុំ លោក ស៊ី បានលើកឡើងថាបច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ ដូច្នេះចិន និងបារាំង រួមទាំងអឺរ៉ុបគួរតែប្រកាន់ខ្ជាប់ស្មារតីឯករាជ្យ ការបើកចំហ និងកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី។
 
«ភាគីទាំងពីរត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី ប្រកបដោយទស្សនៈឆ្ពោះទៅអនាគត គោរពផលប្រយោជន៍ស្នូល គោរពបញ្ហាសំខាន់ៗរបស់គ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ»។ លោក ស៊ី ស្នើបែបនេះទៅសមភាគីបារាំង មុនបន្ដថា ចិនក៏សង្ឃឹមថាទីក្រុងប៉ារីសអាចផ្តល់បរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ជាងមុន និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិននៅបារាំង។ 
 
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក ម៉ាក្រុង បានអំពាវនាវឱ្យទីក្រុងប៉ារីស និងទីក្រុងប៉េកាំង រួបរួមគ្នាប្រឆាំងនឹងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ បើតាមមេដឹកនាំបារាំង ការលុកលុយរបស់រុស្ស៊ីនេះជាកត្តាដ៏ស្មុគស្មាញមួយ រំខានទំនាក់ទំនងចិនជាមួយអឺរ៉ុប។ នេះដោយសារចិនបដិសេធការថ្កោលទោសរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន នាំឱ្យអឺរ៉ុបមើលឃើញថាទីក្រុងប៉េកាំងឈរនៅខាងក្រុងមូស្គូ។ 
 
ជាការឆ្លើយតប លោក ស៊ី បានលើកឡើងថាជំហររបស់ចិនចំពោះវិបត្តិអ៊ុយក្រែន មានភាពច្បាស់លាស់ និងរឹងមាំ។ ចិនឈរលើគោលការណ៍ឈប់បាញ់ប្រហារ ការបញ្ចប់ជម្លោះ និងការចរចាប្រកបដោយសន្តិភាព ហើយចិន​​នឹង​បន្ត​ធ្វើ​ការ​តាម​វិធីរបស់​ខ្លួន​ដើម្បី​ដើរ​តួនាទី​ស្ថាបនាក្នុងបញ្ហានេះ។
 
គួរកត់សម្គាល់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយ មេដឹកនាំចិន និងបារាំង បានរក្សាទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និទ្ធតាមមធ្យោបាយផ្សេងៗ និងបានធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗរីកចម្រើនយ៉ាងខ្លាំង៕ 
 

Tag:
 ចិន
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com