អន្តរជាតិ
ប្រមុខការទូតរុស្ស៊ី មិនដើរចេញពីកិច្ចប្រជុំ G20 អំឡុងប្រធានាធិបតីអ៊ុយក្រែនថ្លែងសុន្ទរកថា
15, Nov 2022 , 6:08 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក្នុងកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី។ រូបថត AFP
ដោយ:
ថ្លែងទៅកាន់មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20)នាកោះបាលីថ្ងៃទី១៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពាវនាវឱ្យបញ្ចប់សង្រ្គាមដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ជាមួយវត្តមានក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ឆ្លើយតបដោយអះអាងដដែលថា ប្រតិបត្តិការសឹក គឺដើម្បីវាយប្រហារពួកណាស៊ីជំនាន់ថ្មីនៅអ៊ុយក្រែនប៉ុណ្ណោះ។

 
កាលពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស​ G20 កាលពីខែកក្កដា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ មិនមានវត្តមានក្នុងកិច្ចប្រជុំឡើយ នៅពេលរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ឌីមីត្រូ គូលេបា ថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញ។ ដោយឡែកលើកនេះ ប្រមុខការទូតរុស្ស៊ីរូបនេះដែលអង្គុយនៅកៅអីរបស់ប្រធានាធិបតីរុស្ស៊ីបង្ហាញវត្តមានក្នុងកិច្ចប្រជុំ ហើយថែមទាំងឆ្លើយតបទៅវិញទៀត ក្រោយសុន្ទរកថាតាមប្រព័ន្ធអនឡាញរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ 
 
សង្រ្គាមនៅអ៊ុយក្រែនដែលអូសបន្លាយដល់ខែទីប្រាំបួនហើយនៅតែជាប្រធានបទដ៏ក្តៅគគុកក្នុងកិច្ចប្រជុំមេដឹកនាំ G20។ អំឡុងកិច្ចប្រជុំទីមួយដែលនិយាយពីសន្តិសុខថាមពល និងស្បៀង លោក ហ្សេលេនស្គី ឆ្លៀតលើកឡើងពីសង្រ្គាមនៅប្រទេសខ្លួនដែរ។ អ៊ុយក្រែនមិនមែនជាសមាជិកប្រទេស G20 ទេ តែត្រូវបានអញ្ជើញដោយឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។
 
«សង្រ្គាមគួរតែត្រូវបានបញ្ចប់ដោយយុត្តិធម៌ និងផ្អែកលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ លោក ហ្សេលេនស្គី ថ្លែងបែបនេះដោយសំដៅលើរូបមន្តស្វែងរកសន្តិភាពនៅអ៊ុយក្រែននៅចំពោះមុខមេដឹកនាំ G20 តែត្រូវបានលោកហៅថាជាមេដឹកនាំ G19 ដោយមិនរាប់បញ្ចូលរុស្ស៊ី។ 
 
ក្នុងសុន្ទរកថារបស់ប្រធានាធិបតីអ៊ុយក្រែន លោកក៏បានបញ្ជាក់ដែរថា អ៊ុយក្រែនកំពុងធ្វើការជាមួយបណ្តារដ្ឋគាំទ្រដើម្បីផ្តល់មូលនិធិដល់ការដឹកជញ្ជូនធញ្ញជាតិថ្មី។ លោក ហ្សេលេនស្គី ព្រមទាំងអំពាវនាវ ដល់ប្រទេសទាំងអស់ ពិសេសមេដឹកនាំ G19 ឱ្យចូលរួមគំនិតផ្តួចផ្តើមនេះដើម្បីជួយផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសក្រីក្រ។ 
 
យ៉ាងណាមិញ ទាក់ទងសង្រ្គាមនៅអ៊ុយក្រែន ប្រមុខការទូតរុស្ស៊ីឆ្លើយតបទៅវិញដូចដែលអះអាងកន្លងមកថា រុស្ស៊ីកំពុងប្រយុទ្ធប្រឆាំងពួកណាស៊ីជំនាន់ថ្មីនៅអ៊ុយក្រែនប៉ុណ្ណោះ។ អំឡុងសុន្ទរកថារបស់ប្រមុខកាទូតទាំងអ៊ុយក្រែន និងរុស្ស៊ីមិនមានអ្នកដើរចេញដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកន្លងមកទេ។ 
 
សូមបញ្ជាក់ថា កិច្ចប្រជុំពីរទៀតដែលធ្វើឡើងអំឡុងកិច្ចប្រជុំកំពូល G20 នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកានេះមានបញ្ហាទាក់ទងនឹងសុខភាពរួមមានការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ជាដើម និងការផ្លាស់ប្តូរទៅរកឌីជីថល៕
 

Tag:
 G20
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com