អន្តរជាតិ
អាម៉េរិកនឹងចំណាយប្រាក់៦៦លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានយោធានៅហ្វីលីពីន
16, Nov 2022 , 9:59 am        
រូបភាព
មូលដ្ឋានទ័ពជើងទឹកអាម៉េរិកនៅ Subic របសហ្វីលីពីន។ រូបថត Reuters
មូលដ្ឋានទ័ពជើងទឹកអាម៉េរិកនៅ Subic របសហ្វីលីពីន។ រូបថត Reuters
ហ្វីលីពីន អះអាងនៅថ្ងៃទី១៥ វិច្ឆិកាថា អាម៉េរិកដែលជាសម្ព័ន្ធមិត្តយោធារបស់ខ្លួនបាន​យល់​ព្រម​ផ្ដល់​ប្រាក់៦៦,៥លានដុល្លារដើម្បីសាងសង់កន្លែងហ្វឹកហាត់សមយុទ្ធ និងឃ្លាំងផ្ទុក​​អាវុធនៅមូលដ្ឋានទ័ព​នៅហ្វីលីពីនក្រោមកិច្ចព្រមព្រៀងសន្តិសុខរួមគ្នាឆ្នាំ ២០១៤។

 
បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វីលីពីន ការសាងសង់នៃគម្រោងមួយចំនួន​នៅមូ​លដ្ឋានយោធាអាម៉េរិកចំនួន៣ក្នុងចំណោម៥នៅហ្វីលីពីនក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ពង្រឹងការការពារជាតិ (EDCA) នឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។
 
«ក្រសួងការពារជាតិ​ ប្ដេជ្ញាចិត្តក្នុងការ​ពន្លឿនការអនុវត្តគម្រោងនៃកិច្ចព្រមព្រៀង EDCA ដោយរួម​បញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជួសជុល ព្រមទាំងការអភិវឌ្ឍគម្រោ​ង​ហេដ្ឋា​រចនាសម្ព័ន្ធថ្មីនៅទីតាំងដែលមានស្រាប់»។ ក្រសួងការពារជាតិហ្វីលីពីនបញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ខាងលើបែបនេះ។
 
ហ្វីលីពីនជាសម្ព័ន្ធមិត្តយ៉ាងជិតស្និតជាមួយអាម៉េរិក ខណៈបារម្ភពីការបង្កើនឥទ្ធិពលក្នុង តំបន់​សមុទ្រ​ចិនខាងត្បូង។ ប្រទេសទាំងពីរមានសន្ធិសញ្ញាការពារជាតិដែលមានអាយុ៧០ឆ្នាំ ហើយ​ធ្វើ​សមយុទ្ធ​រួមគ្នាជាច្រើនលើកក្នុងមួយឆ្នាំៗដែលរួមមានទាំងការហាត់បាញ់គ្រាប់ពិត  ការ​វាយ​លុក​ក្នុង​សមុទ្រ​ បេសកកម្ម​មនុស្សធម៌ និង​សមយុទ្ធ​ប្រឆាំង​ភេរវកម្ម។ 
 
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្រមុខ​យោធាហ្វីលីពីនលោក Bartolome Bacarro និយាយថា អាម៉េរិក​បានស្នើការរួមបញ្ចូលមូលដ្ឋានយោធាចំនួនប្រាំបន្ថែមទៀតនៅក្នុង EDCA ប៉ុន្តែរង់ចាំការអនុម័ត​ពី​ក្រសួងការពារជាតិ និងក្រសួងការបរទេសហ្វីលីពីន៕
 
 
 

Tag:
 អាម៉េរិក
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com