អន្តរជាតិ
អាម៉េរិក និងណាតូ ស៊ើបអង្កេតករណីមីស៊ីលធ្លាក់នៅទឹកដីប៉ូឡូញដែលសម្លាប់មនុស្សពីរនាក់
16, Nov 2022 , 11:29 am        
រូបភាព
បណ្ដាមេដឹកនាំប្រទេសសមាជិកណាតូជួបប្រជុំបន្ទាន់ជុំវិញករណីមីស៊ីលធ្លាក់នៅប៉ូឡូញ។ រូបថត AFP
បណ្ដាមេដឹកនាំប្រទេសសមាជិកណាតូជួបប្រជុំបន្ទាន់ជុំវិញករណីមីស៊ីលធ្លាក់នៅប៉ូឡូញ។ រូបថត AFP
ដោយ:
សម្ព័ន្ធយោធាណាតូ និងអាម៉េរិកកំពុងស៊ើបអង្កេតពីមូលហេតុផ្ទុះមីស៊ីលនៅប៉ូឡូញដែលសម្លាប់មនុស្សពីរនាក់នៅថ្ងៃទី១៥ ខែវិច្ឆិកា ស្របពេលរុស្ស៊ីត្រូវបានមន្រ្តីនៅអឺរ៉ុបជាច្រើនចោទប្រកាន់ថាជាអ្នកបាញ់មីស៊ីលធ្លាក់លើទឹកដីណាតូនេះ។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ីច្រានចោលការចោទប្រកាន់នេះ។

 
បើតាមក្រសួងការបរទេសប៉ូឡូញ មីស៊ីលមួយគ្រាប់ប្រហែលជាម៉ោង៣ និង ៤០ នាទីល្ងាច(ម៉ោងនៅប៉ូឡូញ)ថ្ងៃទី១៥ ខែវិច្ឆិកាធ្លាក់ទៅលើភូមិ Przewodow ភាគខាងកើតប៉ូឡូញដែលស្ថិតនៅចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន។ ប៉ុន្តែមិនទាន់មានព័ស្តុតាងច្បាស់នៅឡើយថាអ្នកណាបាញ់មីស៊ីលធ្លាក់លើដីប៉ូឡូញដែលសម្លាប់មនុស្សពីរនាក់នេះ។ 
 
«យើងមិនទាន់មានព័ស្តុតាងសម្រេចណាមួយនៅឡើយនៅពេលនេះថាតើ អ្នកណាបាញ់មីស៊ីលនេះ...។ វាទំនងជាមីស៊ីលផលិតដោយរុស្ស៊ី ប៉ុន្តែទាំងអស់នេះនៅតែស្ថិតក្រោមការស៊ើបអង្កេតពេលនេះនៅឡើយ»។ ប្រធានាធិបតីប៉ូឡូញ Andrzej Duda ប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។ 
 
លោក Duda បញ្ជាក់ថា ប៉ូឡូញនឹងស្នើឱ្យមានកិច្ចពិភាក្សារវាងសម្ព័ន្ធមិត្តណាតូក្រោមមាត្រា៤នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា។​ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេស Zbigniew Rau ក៏បានកោះហៅអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប៉ូឡូញទាមទារឱ្យផ្តល់សេចក្តីពន្យល់លម្អិតភា្លមៗផងដែរ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ សម្ព័ន្ធយោធាណាតូ និងសម្ព័ន្ធមិត្តរួមមានអាម៉េរិកកំពុងស៊ើបអង្កេតពីស្ថានភាព​ ហើយក្រុមសម្ព័ន្ធមិត្តកំពុងពិភាក្សាយ៉ាងដិតដល់។ ប្រមុខណាតូលោក Jens Stoltenberg បង្ហោះសារបែបនេះលើបណ្តាញសង្គម Twitter ដោយបន្ថែមថា វាពិតជាសំខាន់ណាស់ដែលការពិតទាំងអស់
ត្រូវរកឃើញ។
 
នៅឯកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០(G20) នៅឥណ្ឌូណេស៊ីវិញ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak និងគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន រៀបចំកិច្ចពិភាក្សានាពេលព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាពីស្ថានភាពនៅប៉ូឡូញដែលមានការបាត់បង់ជីវិតក្នុងការវាយប្រហារមីស៊ីលនោះ។ ទោះមិនមែនជាសមាជិកណាតូ នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះដែរ។
 
«យើងនឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធដើម្បីកំណត់ជំហានបន្ទាប់ នៅពេលវាដំណើរការ»។ លោក បៃដិន បង្ហោះសារបែបនេះលើ Twitter ដោយបញ្ជាក់ថា លោកបាននិយាយជាមួយប្រធានាធិបតីប៉ូឡូញដើម្បីសម្តែងការរំលែកទុក្ខ ហើយផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការស៊ើបអង្កេតរបស់ប៉ូឡូញលើករណីផ្ទុះមីស៊ីលនេះ។ ខណៈមីស៊ីលនោះផលិតដោយរុស្ស៊ី លោក បៃឌិន អះអាងថា វាមិនទំនងឡើយដែលមីស៊ីលនោះបាញ់ចេញពីរុស្ស៊ី។ 
 
តាមមាត្រា៤របស់ណាតូ ករណីខាងលើនេះ ទំនងជាគ្រប់គ្រាន់ដើម្បីបើកផ្លូវដល់ការអនុវត្តយន្តការពិគ្រោះយោបល់ក្នុងចំណោមសមាជិកដើម្បីវាយតម្លៃពីស្ថានភាព និងវិធានការឆ្លើយតបនានា។ ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺការវាយប្រហារលើប៉ូឡូញដែលជាសមាជិកណាតូ នឹងធ្វើឱ្យជម្លោះនៅអ៊ុយក្រែនរាលដាល ដែលអាចទៅជាការប្រឈមមុខដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីតែម្ដង។
 
យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីច្រានចោលរបាយការណ៍នោះដោយអះអាងថាគ្មានការវាយប្រហារនៅព្រំដែនអ៊ុយក្រែន-ប៉ូឡូញដោយរុស្ស៊ីទេ ហើយរបាយការណ៍នេះដែរជាចេតនាបង្ករឿងធ្វើឱ្យស្ថានភាពកាន់តែតានតឹងទេ៕
 

Tag:
 ប៉ូឡូញ
  ណាតូ
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com