កីឡាជាតិ
ជាតិ
កម្ពុជា សង្ឃឹមឈ្នះមេដាយពីព្រឹត្តិការណ៍ប្រណាំងទូកជើងឯកអាស៊ីនៅថៃ
16, Nov 2022 , 10:59 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាទូកជម្រើសជាតិកម្ពុជា ត្រៀមចេញដំណើរទៅប្រទេសថៃ។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាទូកជម្រើសជាតិកម្ពុជា ត្រៀមចេញដំណើរទៅប្រទេសថៃ។ រូបពី សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា
ដោយ:
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ៣៥រូបទៅចូលរួមប្រកួតកីឡាទូកប្រពៃណីអន្តរជាតិ«ទូកនាគ»ជើងឯកអាស៊ីលើកទី១៤ (14th Asian Dragon Boat Championship 2022) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ គ្រូជំនួយកីឡាទូកកម្ពុជា លោក គង់ សុភាព រំពឹងថាកីឡាករ-កីឡាការិនីកម្ពុជា នឹងទទួលបានមេដាយ ពីព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី១៤ នេះ។

 
ប្រធានប្រតិភូលោក ឯក ម៉ាអូរ៊ី បានដឹកនាំគ្រូបង្វឹក-គ្រូជំនួយ៣រូប កីឡាករ២៥រូប និងកីឡាការិនី៦រូប ទៅចូលរួមការប្រកួតកីឡាទូកប្រពៃណីអន្តរជាតិ«ទូកនាគ»ជើងឯកអាស៊ីលើកទី១៤ នៅប្រទេសថៃ ដែលមាន១២ ប្រទេសចូលរួមប្រកួតប្រជែងក្នុងតំបន់អាស៊ី។
 
លោក គង់ សុភាព គ្រូជំនួយកីឡាទូកកម្ពុជាបាននិយាយថា ការចេញដំណើរទៅប្រកួតនៅទឹកដីថៃ គឺជាបន្ទាត់វាស់ស្ទង់កម្រិតសមត្ថភាពរបស់អត្តពលិកក្រុមជម្រើសជាតិកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ថ្វីដ្បិតបច្ចុប្បន្នកម្រិតសមត្ថភាពកីឡាករ-កីឡាការិនីកំពុងតែមានការកើនឡើងក្តី។
 
លោក សុភាព បន្តថា៖«យើងសង្ឃឹមថាការចេញដំណើរទៅចូលរួមប្រកួតលើកនេះ កីឡាករ-កីឡាការិនីកម្ពុជានឹងទទួលបានមេដាយ ព្រោះយើងបានតេស្តសាកល្បងកម្រិតសមត្ថភាពពួកគាត់រៀងរាល់ខែ ហើយមើលឃើញថាការអនុវត្តរបស់គាត់មានកម្លាំងហ្ស៊ូសច្រើន បូករួមមានគ្រូអន្តរជាតិជួយបង្ហាត់បង្ហាញផង»។ 
ការប្រកួតប្រណាំងទូកអន្តរជាតិ ជើងឯកអាស៊ីលើកទី១៤ (14th Asian Dragon Boat Championship 2022) នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២៕
 

Tag:
 កីឡាទូក
 ADBC
© រក្សាសិទ្ធិដោយ thmeythmey.com