កីឡាជាតិ
ជាតិ
CPL៖ វិសាខាឡើងឈរលេខ១ ជំនួសព្រះខ័នរាជស្វាយរៀងដែលចាញ់ភ្នំពេញក្រោន ៥-២
17, Nov 2022 , 10:19 am        
រូបភាព
ការស៊ុតរបស់ខ្សែប្រយុទ្ធភ្នំពេញក្រោន Fareed Sadat(ក្រហម) ទៅលើអ្នកចាំទីព្រះខ័នរាជស្វាយរៀង ឱប ឱត្តម(អាវលឿង)។ រូបពី CPL
ការស៊ុតរបស់ខ្សែប្រយុទ្ធភ្នំពេញក្រោន Fareed Sadat(ក្រហម) ទៅលើអ្នកចាំទីព្រះខ័នរាជស្វាយរៀង ឱប ឱត្តម(អាវលឿង)។ រូបពី CPL
ដោយ:
វិសាខា ឡើងទៅឈរកំពូលតារាងខេមបូឌានព្រីមៀរលីគវិញ ក្រោយព្រះខ័នរាជស្វាយរៀងប្រកួតចាញ់ភ្នំពេញក្រោន ៥-២ ក្នុងជំនួបលីគសប្តាហ៍ទី២៤នៅថ្ងៃទី១៦ ខែវិច្ឆិកា។ វិសាខា ដែលបានយកឈ្នះបឹងកេត ២-១ មាន៤៦ពិន្ទុ ស្មើព្រះខ័នរាជស្វាយរៀងដែលធ្លាក់ទៅលេខ២ ខណៈភ្នំពេញក្រោននៅលេខ៣មាន៤៣ពិន្ទុ និងបឹងកេតលេខ៤មាន៣៩ពិន្ទុ។

 
វិសាខា ដណ្តើមដំណែងកំពូលតារាងបណ្តោះអាសន្នបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-១ នាកីឡដ្ឋានខេមបូឌាអ៊ែវ៉េរ។ ភ្ញៀវវិសាខា ពីរគ្រាប់របស់គេរកបានដោយខ្សែប្រយុទ្ធ Paulo Victor ស៊ុតបញ្ចូលទីនៅនាទី៥៦ និងនាទី៧៩ ចំណែកម្ចាស់ផ្ទះបឹងកេត រកបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា នៅនាទី៦៣។
 
ងាកទៅកីឡដ្ឋានខេត្តស្វាយរៀងឯណោះវិញ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រងបរាជ័យជាដំណំក្រោយចាញ់ភ្ញៀវភ្នំពេញក្រោន ៥-២។ ពីរគ្រាប់របស់ម្ចាស់ផ្ទះសម្រេចដោយខ្សែបម្រើ Hikaru Mizuno នៅនាទី១០ និងគ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Marcus Haber នៅនាទី៧៧ រីឯក្រុមភ្ញៀវវិញ៥គ្រាប់រកបានដោយកីឡាករ៣រូប ដោយខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ បញ្ចប់ទីនៅនាទី៣១ និងនាទី៨០ ខ្សែប្រយុទ្ធ Fareed Sadat នាទី៧៧ និង៨៨ និងខ្សែបម្រើ ជួន ចាន់ចាវ សម្រេចទីនៅនាទី៨៤ ដោយបាល់ពិន័យ១១ម៉ែត្រ។
 
វិសាខា ឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ដោយមាន៤៦ពិន្ទុស្មើជាមួយព្រះខ័នរាជស្វាយរៀង តែមានប្រៀបលើគ្រាប់បាល់ (Head to Head)។ ភ្នំពេញក្រោន ដែលតាមពីក្រោយក្រុមលេខ១ និងលេខ២ចំនួន៣ពិន្ទុ កើនឱកាសប្រជែងពានលីគកំពូលរដូវកាលនេះផងដែរ ស្របពេលបឹងកេតដែលមាន៣៩ពិន្ទុ ហាក់ឃ្លាតឱកាសកាន់តែឆ្ងាយ ស្របពេលការប្រកួតនៅសល់៣លើកទៀតប៉ុណ្ណោះ។
ជំនួបបន្ទាប់ សប្តាហ៍ទី២៥ ភ្នំពេញក្រោនទទួលភ្ញៀវព្រះខ័នរាជស្វាយរៀង ស្របពេលវិសាខាស្វាគមន៍បឹងកេត នៅថ្ងៃទី២០ ខែវិច្ឆិកា៕
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com