អន្តរជាតិ
មេដឹកនាំចិន ស្នើជប៉ុនគួរបង្កើនទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងទប់ស្កាត់ជម្លោះជាមួយចិន
18, Nov 2022 , 2:04 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅទីក្រុងបាងកក។ រូបថត Xinhua
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបនៅទីក្រុងបាងកក។ រូបថត Xinhua
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានលើកឡើងក្ដីព្រួយបារម្ភជុំវិញបញ្ហាសន្តិសុខក្នុងតំបន់ប្រាប់ប្រធានាធិបតីចិន ស៊ី ជិនភីងក្នុងជំនួបទល់មុខនៅថៃ ស្របពេលការប្រឈមមុខក្នុងតំបន់កើនឡើង។ ចំណែកលោក ស៊ី បានលើកឡើងថា ចិននិងជប៉ុនគួរបង្កើនទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ព្រមទាំងទប់ទល់ជម្លោះ និងការប្រឈមមុខដាក់គ្នា។



នាជំនួបទល់មុខគ្នាក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានពិភាក្សាពីការព្រួយបារម្ភលើភាពតានតឹងនៅកោះតៃវ៉ាន់ និងបញ្ហានានាក្នុងដែនសមុទ្រចិនខាងកើតនាពេលថ្មីៗនេះ។ នេះជាជំនួបថ្នាក់ដឹកនាំលើកដំបូងរវាងប្រទេសមហាអំណាចទាំង២ក្នុងរយៈពេលជិតបីឆ្នាំចុងក្រោយ។
 
«ខ្ញុំបានរំលឹកឡើងវិញពីសារសំខាន់នៃសន្តិភាព និងសន្តិសុខនៅក្នុងច្រកសមុទ្រតៃវ៉ាន់»។ លោក គីស៊ីដា ប្រាប់អ្នកព័ត៌មានបែបនេះក្រោយជំនួបនៅថៃ មុនបន្ថែមថា លោកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅសមុទ្រចិនខាងកើត រួមទាំងប្រជុំកោះ Senkaku ក៏ដូចជាវត្តមានយោធារបស់ចិននិងការបាញ់មីស៊ីលផ្សេងៗ។ 
 
ជាការឆ្លើយតប លោក ស៊ី ប្រាប់ លោក គីស៊ីដា ថាបញ្ហារបស់តៃវ៉ាន់ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ព្រោះវាប៉ះពាល់ដល់មូលដ្ឋានគ្រឹះនយោបាយ និងការជឿទុកចិត្តជាមូលដ្ឋាននៃទំនាក់ទំនងចិន និងជប៉ុន។ លោក ស៊ី បន្ត​ថា ​ចិន​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ហើយក៏​មិន​ឱ្យមាន​អ្នកណា​​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ក្រោម​ហេតុផល​ណាមួយ​ដែរ​​។ នេះបើយោងតាមទូរទស្សន៍ CCTV ។
 
លោក ស៊ី ក៏បានលើកឡើងជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគីដែរ។ មេដឹកនាំចិននិយាយថា ចិន និងជប៉ុនគួរតែបង្កើនទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់ ព្រមទាំងទប់ទល់ជម្លោះ និងការប្រឈមមុខដាក់គ្នា។ ឯលោក គីស៊ីដា ប្រាប់អ្នកសារព័ត៌មានថា លោកបានយល់ព្រមជាមួយលោក ស៊ី បើកបណ្តាញទំនាក់ទំនងការទូតឡើងវិញ ដោយរដ្ឋមន្ត្រីការបរទេសជប៉ុននឹងទៅបំពេញទស្សនកិច្ចនៅចិននាពេលខាងមុខនេះ។
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងជប៉ុនមិនសូវល្អឡើយ ពិសេសលើបញ្ហាតៃវ៉ាន់។ ចិនបានប្រើកម្លាំងយោធាដើម្បីគំរាមតៃវ៉ាន់ក្រោយពេលប្រធានសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅទស្សនកិច្ចនៅតៃវ៉ាន់។ យោធាចិនកាលពីខែសីហាបានបាញ់មីស៊ីលបាលីស្ទិក៥គ្រាប់ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន នៅជិតកោះ Senkaku ដែលស្ថិតក្នុងជម្លោះថែមទៀត៕
 

Tag:
 ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com