អន្តរជាតិ
វិមានក្រេមឡាំង៖ រុស្ស៊ីមិនរំពឹងមានការចរចាជាសាធារណៈជាមួយអ៊ុយក្រែននោះឡើយ
18, Nov 2022 , 3:49 pm        
រូបភាព
ទង់ជាតិអ៊ុយក្រែន និងរុស្ស៊ីលើតុចរចានៅបេឡារុសនាពេលកន្លងមក។ រូបថត Xinhua
ទង់ជាតិអ៊ុយក្រែន និងរុស្ស៊ីលើតុចរចានៅបេឡារុសនាពេលកន្លងមក។ រូបថត Xinhua
អ្នកនាំពាក្យវិមានក្រេមឡាំងនៅថ្ងៃទី១៧ ខែវិច្ឆិកាបញ្ជាក់ថា រុស្ស៊ីមិនរំពឹងការចូលរួមកិច្ចចរចាជា​សាធារណៈជាមួយអ៊ុយក្រែននោះឡើយ ព្រោះក្រុងកៀវផ្លាស់ប្ដូរគោលដៅក្នុងការចរចាសន្តិភាព។

 
ថ្លែងក្នុងសន្និសីទកាសែតមួយ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov អះអាងថា ក្រុង​កៀវបានផ្លាស់ប្ដូរជំហរក្នុងការចរចាជាមួយក្រុងមូស្គូជាច្រើនសារក្នុងអំឡុងសង្គ្រាម​រយៈពេល​៩​ខែ​មក​នេះ។ ហេតុនេះអ៊ុយក្រែនមិនមែនជាភាគីចរចាដែលគួរឱ្យទុកចិត្តនោះឡើយ។ 
 
«(ក្រោយ) ការពិភាក្សាលើកទីមួយ ពួកគេក៏បដិសេធ បន្ទាប់មកទៀតពួកគេអនុម័តច្បាប់ដែល​ហាម​ឃាត់ការចរចាគ្រាប់ប្រភេទ បន្ទាប់មកពួកគេចង់ពិភាក្សាវិញ ប៉ុន្តែមិនមែនជាការពិភាក្សា​សាធារណៈ​»។ លោក Peskov ប្រាប់អ្នកសារព័ត៌មានបែបនេះរួចបន្តថា ហេតុផលនេះ​ហើយ​ដែល​រុស្ស៊ី​មិន​ស្រមៃ​ថា កិច្ចចរចាជាសាធារណៈជាមួយអ៊ុយក្រែននឹងកើតឡើងនោះឡើយ តែរឿងមួយ​ដែលច្បាស់​នោះ​គឺ​ភាគី​អ៊ុយក្រែនមិនចង់ទទួលបានការពិភាក្សាណាមួយឡើយ។
 
លោកអ្នកនាំពាក្យ Peskov សង្កត់ធ្ងន់ថា ក្នុងបរិបទបែបនេះ ក្រុងមូស្កូសម្រេចបន្តសកម្មភាពដែល ខ្លួនហៅថាប្រតិបត្តិការពិសេស។
 
ទន្ទឹមនេះ អ្នកនាំពាក្យវិមានក្រេមឡាំងរូបនេះក៏បានលើកឡើងពីតួនាទីរបស់អាម៉េរិក។ លោក Peskov អះអាងថាអាម៉េរិកអាចយកកង្វល់របស់រុស្ស៊ីទៅពិចារណា ហើយអាចលើកទឹកចិត្ត ក្រុងកៀវ​ប្រសិ​ន​ជា​អាម៉េរិកចង់ធ្វើបែបនោះស៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com