អន្តរជាតិ
តុលាការហូឡង់កាត់ទោសជនសង្ស័យ៣នាក់ពាក់ព័ន្ធការធ្លាក់យន្តហោះ MH17 ឆ្នាំ២០១៤
18, Nov 2022 , 4:49 pm        
រូបភាព
តុលាការក្រុងឡាអេ នៅថ្ងៃទី១៧ ខែវិច្ឆិកា កាត់ទោសបុរសបីនាក់ជុំវិញការបាញ់ទម្លាក់យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ ដែលសម្លាប់មនុស្ស២៩៨នាក់។ បុរសបីនាក់នោះត្រូវបានកាត់ទោសពីបទមនុស្សឃាតដោយចេតនា។



ប្រាំបីឆ្នាំបន្ទាប់ពីអ្នកដំណើរ២៩៨នាក់បានស្លាប់ដោយហេតុការណ៍ធ្លាក់យន្តហោះ MH17 តុលាការក្រុងឡាអេ បានរកឃើញជនសង្ស័យ៤នាក់ជាប់ពាក់ព័ន្ធរឿងក្ដីនេះ ដែលមានបុរសជនជាតិរុស្ស៊ី៣នាក់ និងអ៊ុយក្រែនម្នាក់។ 
 
ក្នុងនោះ បុរសជនជាតិរុស្ស៊ីម្នាក់មិនមានទោស និងត្រូវបានដោះលែង ខណៈបុរស៣នាក់ទៀតត្រូវបានតុលាការសម្រេចកាត់ទោសកំបាំងមុខឱ្យជាប់គុកអស់មួយជីវិតពីបទមនុស្សឃាតដោយចេតនា។ លើសពីនេះ ពួកគេត្រូវពិន័យជាប្រាក់យ៉ាងហោចណាស់១៦លានដុល្លារដើម្បីសងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ។
 
«មានតែការផ្តន្ទាទោសដ៏ធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលសមនឹងការសងសឹកចំពោះអ្វីដែលជនសង្ស័យបានធ្វើ។ ពួកគេបានបង្កទុក្ខលំបាកយ៉ាងខ្លាំងដល់ជនរងគ្រោះ និងសាច់ញាតិដែលនៅរស់រានមានជីវិត»។ ប្រធានអង្គសវនាការ លោក Hendrik Steenhuis លើកឡើងបែបនេះពេលអានការសង្ខេបនៃសេចក្តីសម្រេច។ 
 
អ្នកទោស២នាក់ជាអតីតភ្នាក់ងារចារកម្មរុស្ស៊ីថា Igor Girkin និង Sergey Dubinsky ហើយអ្នកទោសម្នាក់ទៀតជាជនជាតិអ៊ុយក្រែនឈ្មោះ Leonid Kharchenko ដែលជាអតីតមេដឹកនាំក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្ររុស្ស៊ី។ ចំណែកជនសង្ស័យម្នាក់ទៀតរួចខ្លួន ដោយសារតុលាការមិនមានព័ស្ដុតាងបញ្ជាក់ពីតួនាទីពាក់ព័ន្ធក្នុងហេតុការណ៍បាញ់មីស៊ីលទម្លាក់យន្តហោះ។ 
ជុំវិញបញ្ហានេះ ក្រុងមូស្គូបានបដិសេធការជាប់ពាក់ព័ន្ធទាំងអស់ ហើយនៅក្នុងឆ្នាំ២០១៤នោះ រុស្ស៊ីអះអាងថាខ្លួនមិនមានវត្តមាននៅអ៊ុយក្រែនឡើយ។ អ៊ុយក្រែនពេញចិត្តនិងសាទរចំពោះការកាត់ក្ដីនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Al Jazeera។
 
យន្តហោះ MH17 ជាប្រភេទយន្តហោះ Boeing 777 ហោះហើរពីទីក្រុងអាំស្ទែដាំទៅកាន់ទីក្រុងគូឡាឡាំពួ ហើយត្រូវបានបាញ់ទម្លាក់ពីអាកាសនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនឆ្នាំ២០១៤។ ការ​បាញ់​ទម្លាក់​នេះ​បាន​កើត​ឡើង​អំឡុង​ពេល​មានសង្គ្រាម​នៅ Donbas លើ​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​កងកម្លាំងឧទ្ទាម​បំបែក​ខ្លួនគាំទ្ររុស្ស៊ី។ អ្នក​ស្លាប់ក្នុងព្រឹត្តិការណ៍ធ្លាក់យន្តហោះ​មក​ពី១៧ប្រទេស​ជុំវិញ​ពិភពលោក ហើយ​រួម​មាន​ប្រជាជនហូឡង់ ម៉ាឡេស៊ី អូស្ត្រាលី និង​កុមារ ៨០​នាក់៕
 

Tag:
 ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com