អន្តរជាតិ
ចិនថា ហ្វីលីពីន​គួរតែបដិសេធឯកតោភាគីនិយម និងការគំរាមកំហែងក្នុងតំបន់
18, Nov 2022 , 6:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីហ្វីលីពីន Ferdinand Marcos Jr នាជំនួបនៅថៃ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីហ្វីលីពីន Ferdinand Marcos Jr នាជំនួបនៅថៃ។ រូបថត Xinhua
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. និងប្រធានាធិបតីចិនលោក ស៊ី ជិនភីង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថៃ។ ហ្វីលីពីន​លើកឡើងថា ​នេះកិច្ចប្រជុំទ្វេភាគីជាប្រវត្តិសាស្ត្រដោយបានពិភាក្សាពីបញ្ហាជាច្រើនរួមទាំងសមុទ្រចិនខាងត្បូងផងដែរ។



ក្រោយបញ្ចប់ជំនួបនេះ ក្រសួងការបរទេស​ចិនក្នុង​សេចក្តីថ្លែងការណ៍​មួយបាន​និយាយថា ភាគី​ទាំងពីរនឹង​ប្រកាន់ខ្ជាប់​នូវ​ការ​ពិគ្រោះ​យោបល់គ្នាក្នុងនាមជាមិត្ត ​ដោះស្រាយ​ការខ្វែងគំនិត និង​ជម្លោះ​ឱ្យ​បាន​ត្រឹមត្រូវ។ លើសពីនោះ ចិនក៏បញ្ជាក់ថា ប្រទេសទាំងពីរគួរតែការរួមគ្នាដើម្បីបដិសេធទង្វើឯកតោភាគីនិយម និងការគំរាមកំហែង ក៏ដូចជាការពារយុត្តិធម៌ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ 
 
យ៉ាងណាមិញ ចិនមិនបានបញ្ជាក់ឱ្យច្បាស់ពីទង្វើគំរាមនេះឡើយ ប៉ុន្តែកន្លងមកចិនតែងតែលើកឡើងថា អាម៉េរិកបានបង្កការគំរាមកំហែងក្នុងតំបន់សមុទ្រ​ចិន​ខាង​ត្បូង។
លើសពីនេះដែរ ក្រសួងការបរទេសហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញបន្ទាប់ពីបញ្ចប់ការប្រជុំ បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាថាបញ្ហាដែនសមុទ្រនឹងមិនគួរប៉ះទង្គិចដល់ទំនាក់ទំនងហ្វីលីពីន-ចិនជារួមនោះទេ។ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ប្រទេសទាំងពីរ បានអះអាងឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងដើម្បីជួយដោះស្រាយ និងបន្ធូរភាពតានតឹងក្នុងតំបន់។
 
ប៉ុន្តែក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងនេះ នៅមិនទាន់បានឯកភាពគ្នានៅឡើយជាង ២០ ឆ្នាំមកនេះបន្ទាប់អាស៊ាននិងចិនបានព្រមព្រៀងគ្នាលើការបង្កើតក្រមនេះដំបូង។ 
កិច្ចពិភាក្សាទ្វេភាគីរវាងលោក Marcos និងលោក ស៊ី  និងការចូលរួមរបស់ចិននៅឯកិច្ចប្រជុំថ្នាក់តំបន់បានកើតស្របពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងអាម៉េរិកក្នុងតំបន់។ ក្នុងកិច្ចប្រជុំកំពូល APEC កន្លងទៅ លោក ស៊ី ក្នុងសេចក្តីថ្លែងការណ៍មួយបានព្រមានចំៗថា តំបន់អាស៊ីប៉ាស៊ីហ្វិកអាចធ្លាក់ក្នុងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច៕
 

Tag:
 ចិន
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com