អន្តរជាតិ
ពីកិច្ចប្រជុំ APEC អាម៉េរិក និងសម្ព័ន្ធមិត្តទទូចឱ្យមានការឆ្លើយតបជាសកលទៅកូរ៉េខាងជើង
18, Nov 2022 , 11:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី កាណាដា ជប៉ុន អនុប្រធានាធិបតីអាម៉េរិក នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងនូវែលសេឡង់ ជួបគ្នាបន្ទាន់នៅក្រៅកិច្ចប្រជុំ APEC នៅថៃ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី កាណាដា ជប៉ុន អនុប្រធានាធិបតីអាម៉េរិក នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងនូវែលសេឡង់ ជួបគ្នាបន្ទាន់នៅក្រៅកិច្ចប្រជុំ APEC នៅថៃ។ រូបថត AFP
ដោយ:
មេដឹកនាំមកពីអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកា បើកកិច្ចប្រជុំបន្ទាន់មួយ ដោយបានថ្កោលទោសកូរ៉េខាងជើងដែលបាញ់មីស៊ីលអន្តរទ្វីបឆ្ពោះទៅសមុទ្រខាងកើត ហើយធ្លាក់ក្នុងតំបន់ផ្តាច់មុខរបស់ជប៉ុន។ មេដឹកនាំទាំងនេះក៏បានអំពាវនាវឱ្យមានចំណាត់ការឆ្លើយតបរួមទៅនឹងសកម្មភាពបង្ករឿងរបស់ក្រុងព្យុងយ៉ាងនេះដែរ។

 
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា កូរ៉េខាងជើងបាញ់មីស៊ីលដែលសង្ស័យជាមីស៊ីលអន្តរទ្វីបចូលសមុទ្រខាងកើត។ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីជប៉ុន​ គីស៊ីដា ហ្វូមីអូ មីស៊ីលចម្ងាយឆ្ងាយបំផុតរបស់កូរ៉េខាងជើងនេះបានធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ថ្លែងទៅអ្នកកាសែត លោក គីស៊ីដា ថ្កោលទោសសកម្មភាពនេះយ៉ាងជាខ្លាំង ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តត្រីភាគីអាម៉េរិក និងកូរ៉េខាងត្បូងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
 
ទាក់ទងបញ្ហានេះ មេដឹកនាំមកពីអាម៉េរិក កាណាដា នូវែលសេឡង់ កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃទី១៨ ខែវិច្ឆិកាបានបើកកិច្ចប្រជុំជាបន្ទាន់នៅក្រៅជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)នាទីក្រុងបាងកក។ 
 
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស ហៅការបាញ់មីស៊ីលរបស់កូរ៉េខាងជើងជាការបំពានដ៏គឃ្លើននៃសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយលើកឡើងថា សកម្មភាពរបស់ក្រុងព្យុងយ៉ាងបង្កឱ្យសន្តិសុខក្នុងតំបន់អស្ថិរភាព។
 
ឯនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Han Duck-soo លើកឡើងថា សកម្មភាពរបស់កូរ៉េខាងជើងគឺខុសច្បាប់ ហើយគ្មានថ្ងៃត្រូវបានអត់ឱនឱ្យទេ។ បន្ថែមពីនេះ លោកក៏បានទទូចឱ្យមានការឆ្លើយតបរួមគ្នាយ៉ាងម៉ឺងម៉ាត់ផងដែរ។ បើតាមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា វិញ មួយរយៈចុងក្រោយកូរ៉េខាងជើងតេស្តមីស៊ីលញឹកញាប់ជាខ្លាំងមិនធ្លាប់មានពីមុន ហើយព្រមានថា នឹងអាចមានមីស៊ីលបាញ់ជាច្រើនគ្រាប់ទៀត។
 
ចំណែកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ លើកឡើងថា ទង្វើរបស់កូរ៉េខាងជើងត្រូវតែត្រូវបានថ្កោលទោសដោយគ្រប់តំបន់ជុំវិញពិភពលោក ខណៈសមភាគីអូស្រ្តាលី អាន់ថូនី អាល់បានីស និយាយថា ការបាញ់មីស៊ីលនោះជាសកម្មភាពមិនគិតពីផលវិបាក។
 
«​យើងឈរជាមួយពិភពលោក និងជាការពិតណាស់ជាមួយសម្ព័ន្ធមិត្តរបស់យើងប្រឆាំង និងថ្កោលទោសសកម្មភាពនេះយ៉ាងខ្លាំង»។ លោក​ អាល់បានីសបញ្ជាក់បែបនេះដោយបន្ថែមថា លោកត្រៀមជាស្រេចចូលរួមក្នុងការឆ្លើយតបជាសកលចំពោះរឿងនេះ។
 
រីឯ នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន និយាយថា លោកស្រីដឹងពីកង្វល់ ការព្រួយបារម្ភ និងការគំរាមផ្នែកសន្តិសុខដែលជប៉ុន និងកូរ៉េខាងត្បូងកំពុងមាន៕
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com