ជាតិ
កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជិត ១,២ លាននាក់ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២
19, Nov 2022 , 1:59 pm        
រូបភាព
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានអង្គរ
ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្នុង​រយៈ​ពេល ៣​ត្រី​មាស ឆ្នាំ​២០២២ ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិជិត ១,២លាននាក់ កើន​ឡើង​ ៨៦១ភាគរយ បើធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២១។ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការ​តាំង​ពិ​ព័រណ៍​​វិស័យ​ផ្គត់​ផ្គង់​ម្ហូប​អាហារ សណ្ឋាគារ និង​សំណង់​ ខ្នាត​អន្តរជាតិ​ ឆ្នាំ​២០២២។



ចរន្ត​ភ្ញៀវទេសចរ​អន្តរជាតិ ​មាន​សន្ទុះ​ឡើងវិញ បន្ទាប់​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ធូរ​ស្បើយ។ ការណ៍​នេះ បានធ្វើ​ឱ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិមក​កម្សាន្ត​នៅ​កម្ពុជា​​មាន​ការ​កើន​ឡើង​។ របាយ​ការណ៍​របស់​លោក ថោង ខុន​ រដ្ឋមន្រ្តី​ទេសចរណ៍ បញ្ជាក់ថា ​ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១,២លាននាក់ កើនឡើង ៨៦១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយ​ឡែក ​ទេសចរ​ផ្ទៃ​ក្នុង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស មានជាង ៩,៦លាន​នាក់​ កើន​ ៤៣០ភាគ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
  

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ ថ្លែង​ក្នុងពិធីសម្ពោធបើកការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិ ឆ្នាំ២០២២​។ រូបភាពពី Cambodia Hotel Association.
 
ជាមួយ​គ្នានេះ ក្រសួង​ទេសចរណ៍​ ក៏​ប៉ាន់ស្មាន​ថា កម្ពុជា​ នឹង​អាច​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២លាន​នាក់ និង​ភ្ញៀវទេសចរ​ផ្ទៃ​ក្នុង​ប្រមាណ ១១លាននាក់​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០២២នេះ។ បើតាម​លោក ថោង ខុន ក្នុង​រយៈ​ពេល​​៥ឆ្នាំ​​ខាងមុខ (២០២៣-២០២៨) ក្រសួង​ទេសចរណ៍​​​​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ ផែន​ការ និង​យុទ្ធសាស្រ្ត​ធំៗ​ ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​​ប្រកប​ដោយ​ប្រសិទ្ធភាព គុណ​ភាព និង​និរន្តរភាព។​​ 
 
របាយការណ៍​ដដែល បន្តថា កម្ពុជា​នឹង​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ប្រមាណ​ ៧,៥លាន​នាក់ និង​ទេសចរ​ផ្ទៃ​ក្នុង​ប្រមាណ ១៦លាន​នាក់ នៅ​ឆ្នាំ​២០២៨ខាង​មុខ។ សូម​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២២នេះ អាជីវកម្ម​ទេសចរណ៍ប្រមាណ ២,​៧០៨ទីតាំង បាន​បើក​ទ្វារ​ឡើងវិញ និង​មាន​បុគ្គលិក​ធ្លាប់​រង​ផល​ប៉ះពាល់​ចំនួន ៣១,១០៥នាក់ ទទួល​បាន​ការ​ងារ​វិញ៕ 
 

Tag:
 ទេសចរណ៍
  ភ្ញៀវ
  អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com