អន្តរជាតិ
ប្រធានាធិបតីចិន ជួបអនុប្រធានាធិបតីអាម៉េរិកនៅកិច្ចប្រជុំ APEC
19, Nov 2022 , 4:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីចិនលោក ស៊ី ជិនភីង និងអនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស ជួប​ពិភាក្សារយៈខ្លីមួយក្រៅជំនួបកិច្ចសហប្រតិបត្តិការអាស៊ីបាស៊ីហ្វិក (APEC) នៅថ្ងៃទី ១៩ ខែវិច្ឆិកា។ នេះបើយោងតាមមន្ត្រីសេតវិមាន និងទូរទស្សន៍រដ្ឋចិន CCTV។

 
«អនុប្រធានាធិបតីអាម៉េរិកសង្កត់ធ្ងន់ពីសារដែលប្រធានាធិបតីលោក (ចូ) បៃឌិន ដែលបញ្ជាក់​កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកាពេលជួបជាមួយលោកស៊ីថា ពួកយើងត្រូវតែរក្សាបណ្ដាញទំនាក់ទំនង​ដើម្បី​ទទួល​ខុសត្រូវចំពោះការប្រកួតប្រជែងរបស់ប្រទេសទាំងពីរ»។ មន្ត្រីអាម៉េរិកបញ្ជាក់បែបនេះ។ 
 
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយចិន CCTV ក៏បានបញ្ជាក់ពីជំនួបខ្លីរវាងមេដឹកនាំទាំងពីរផងដែរ។ មេដឹកនាំ​ចិនសង្ឃឹមថា ចិននិងអាម៉េរិកអាចបន្តពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក ការកាត់​បន្ថយ​ការយល់ច្រឡំ និងការវិនិច្ឆ័យខុស ហើយងាកទៅធ្វើការរួមគ្នាដើម្បីពាំនាំ​ទំនាក់​ទំនង​ទ្វេភាគី​ត្រឡប់​ទៅ​ផ្លូវវិជ្ជមាននិងមានស្ថិរភាព។
 
លោកស្រីហារីសបានសង្កត់ធ្ងន់ថា អាម៉េរិកមិនស្វែងរកការប្រឈមមុខតតាំងគ្នា ឬជម្លោះ​ជាមួយ​ចិន​នោះឡើយ។ លោកស្រីផ្ដល់យោបល់ថា ភាគីទាំងពីរគួរតែសហការគ្នាលើបញ្ហាសកល និងរក្សា​ផ្លូវ​ទំនាក់ទំនងឱ្យបើកចំហ។
 
នេះជាជំនួបលើកទី២រវាងមេដឹកនាំមហាអំណាចទាំង២ ដោយលោក ស៊ី ទើបជួបលោក បៃឌិន រួចកាលពីជំនួបប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅកោះបាលី ទឹកដីឥណ្ឌូណេស៊ី។ ទោះមិនមានលទ្ធផលដុំកំភួន ជំនួបមេដឹកនាំចិន និងអាម៉េរិក ក៏អាចសម្រាលក្ដីបារម្ភពីការកើនឡើងភាពតានតឹងរវាងមហាអំណាចទាំង២នេះដែរ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com