កីឡាជាតិ
ជាតិ
អាជ្ញាកណ្ដាលបាល់ទាត់កម្ពុជា៖ យើង សោកស្ដាយប្រសិនជាកំហុសយើង ប៉ុន្ដែយើងកាត់ក្តីតាមគោលការណ៍អាជ្ញាកណ្តាល
19, Nov 2022 , 8:59 pm        
រូបភាព
លោក ជួប វិសាល រត់ពីមុខគេ ត្រៀមកាត់សេចក្ដី ក្នុងជំនួបព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន រូបពី CPL
លោក ជួប វិសាល រត់ពីមុខគេ ត្រៀមកាត់សេចក្ដី ក្នុងជំនួបព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន រូបពី CPL
លោក ជួប វិសាល អាជ្ញាកណ្ដាលកីឡាបាល់ទាត់កម្ពុជា ថាខ្លួននឹងមានការសោកស្ដាយប្រសិនជាកាត់ក្ដីខុស។ លោកវិសាយបញ្ជាក់ថា លោកតែងតែកាត់ក្តីដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ និងគោលការណ៍របស់អាជ្ញាកណ្ដាល ដែលខ្លួនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលប៉ុណ្ណោះ។



លោក ជួប វិសាល​ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា មនុស្សម្នាក់ៗ មានព្រំដែនរបស់ខ្លួនក្នុងការធ្វើអ្វីមួយ។ នោះ មានន័យថាការធ្វើអ្វីមួយ គឺតាមសមត្ថភាពដែលខ្លួនមាន ហើយព្យាយាមធ្វើឲ្យបានល្អបំផុត។ ការកាត់សេចក្ដីការប្រកួត ពេលខ្លះក៏មានកំហុសអចេតនា ក្នុងការសម្រេចចិត្តណាមួយ ឬកីឡាករបាល់ទាត់ណាមួយ ដែលធ្វើឲ្យខ្លួនមានការសោកស្ដាយ។
  

លោក ជួប វិសាល កាត់ក្នុងជំនួបភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង រូបពី Cambodian Premier League

«យើង មានការសោកស្ដាយ ប្រសិននោះជាកំហុសរបស់យើង។ យើង មិនមែន Super Man ទេ ព្រោះយើងត្រូវសម្រេចចិត្ត ត្រឹមតែ ៣-៤ វិនាទីក្នុងទីលាន។ ការប្រកួតនីមួយៗមានការប្រែប្រួលជានិច្ច ស្ថានការខុសគ្នា ពេលវេលាខុសគ្នា ហើយការអនុវត្តន៌លើទីលានក៏មានភាពខុសគ្នាដែរសម្រាប់អាជ្ញាកណ្តាលនីមួយៗតែផ្អែកទៅលើច្បាប់តែមួយ។»។ លោក ជួប វិសាល បានបកស្រាយដូច្នេះ។
 
អាជ្ញាកណ្ដាលក្នុងទីលានរូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងនាមជាអាជ្ញាកណ្តាលកាត់ក្ដី​ មិនត្រូវមានការទោរទន់ ឬលម្អៀងទៅក្រុមណាមួយឡើយ ហើយត្រូវប្រកាន់យកការកាត់ក្ដីដោយសុក្រិត។ ការកាត់ក្ដីក្នុងទីលានប្រកួត អាជ្ញាកណ្ដាល តែងប្រឈមមុខនិងកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំងសងខាង។ ប៉ុន្ដែលោក ជួប វិសាល បន្ថែមថា លោក នៅតែប្រកាន់ខ្ជាប់នៅក្រមសីលធម៌ និងគោលការណ៍របស់អាជ្ញាកណ្ដាល ដែលខ្លួនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល។ 
 
លោក ជួប វិសាល បន្ថែមបែបនេះថា៖«ការសម្រេចលើទីលាន យើង ផ្អែកលើស្មារតីធ្វើការ និងច្បាប់អាជ្ញាកណ្ដាល។ ពេលកាត់សេចក្ដី យើងប្រឈមមុខ និងក្លិប មហាជន។ ជាក់ស្ដែង អាជ្ញាកណ្ដាល ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលជារៀងរាលឆ្នាំ។ យើង ត្រូវមើល VDO មកពិចារណា ចំពោះការកាត់សេចក្ដី។ រាល់ចប់ការប្រកួតនីមួយៗ យើងតែងមានអ្នកវាយតម្លៃ បានផ្ដល់ព័ត៌មានឲ្យ។ កន្លែងណាដែរ យើងខុស ឬមិនបានបំពេញគ្រប់ជ្រុងជ្រោយ មន្ដ្រីវាយតម្លៃនោះ នឹងកាត់ឲ្យមើល ហើយកែតម្រូវ។»។ 
 
រាល់ប្រកួតនីមួយៗ មានអាជ្ញាកណ្ដាលចំនួន៤ ហើយតែងពិភាក្សាគ្នាពីយុទ្ធសាស្ដ្រ ក្នុងការកាត់សេចក្ដី ធ្វើយ៉ាងណាឲ្យបានល្អ និងត្រឹមត្រូវ។ ជាពិសេស ក្នុងការប្រកួត ដែលមានការវាយបកឆាប់រហ័ស អាជ្ញាកណ្ដាល មានការពិបាកក្នុងរត់តាមចង្វាក់ និងទម្រង់របស់កីឡាករ។ ក្នុងករណី ដែលអាជ្ញាកណ្ដាលក្នុងទីលាន មានបញ្ហារបួស មន្ដ្រីអាជ្ញាកណ្ដាលទី៤ ដែលអង្គុយនៅខាងក្រៅ អាចប្ដូជំនួសបាន៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com