កីឡាជាតិ
ជាតិ
ក្លិបបាល់ទាត់ណិចស្ដិប អាចត្រូវបញ្ចូលគ្នា ជាមួយក្លិបបន្ទាយមានជ័យនៅរដូវកាលក្រោយ
20, Nov 2022 , 8:59 am        
រូបភាព
ជំនួបណិចស្ដិប និងកោះកុងអេហ្វស៊ី រូបពី Cambodian League 2
ជំនួបណិចស្ដិប និងកោះកុងអេហ្វស៊ី រូបពី Cambodian League 2
លោក Charlie Promroy គ្រូបង្វឹក និងជាស្ថាបនិកក្លិបណិចស្ដិប បានបញ្ជាក់ថា ក្លិបមានគោលដៅខ្ពស់ដើម្បីត្រៀមរដូវកាលក្រោយ ប៉ុន្ដែក្លិបត្រូវគិតអំពីផែនការចំណាយ និងចែករំលែកការវិនិយោគរបស់ណិចស្ដិប។ ស្ថាបនិករូបនេះ បានបង្ហើបថា ក្លិបអាចត្រូវបញ្ចូលគ្នាជាមួយបន្ទាយមានជ័យ ប៉ុន្ដែនេះ មិនទាន់អាចបញ្ជាក់បានទេ ដោយស្ថិតក្នុងការពិចារណា។



លោក Charlie Promroy បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលក្រាមថា ដើម្បីឲ្យក្លិបអាចបន្ដយូរអង្វែង រូបលោកត្រូវគិតពីហិរញ្ញវត្ថុទ្រទ្រង់ក្លិប។ ស្ថាបនិករូបនេះ បន្ថែមថាក្លិបបានបើកភ្លើងខៀវ ដល់អ្នកគាំទ្រ និងអ្នកជំនួញ ដោយទុក៤០ភាគរយ សម្រាប់វិនិយោគទន់ក្នុងក្លិប។ 
 
«ខ្ញុំ ដាក់ទុន៣០ភាគរយ ហើយ៣០ភាគរយមសម្រាប់ម្ចាស់ទុនថ្មី និង៤០%ផ្សេងទៀតសម្រាប់អ្នកគាំទ្រ។»។ លោក Charlie និយាយដូច្នេះ។


   លោក Charlie Promroy ក្នុងពេលបង្វឹកកីឡាករ. រូបពីលោក Charlie Promroy
 
មូលហេតុស្ថាបនិកក្លិបរូបនេះ ទុកភាគ៤០ភាគរយ ឲ្យទំនេរ សម្រាប់អ្នកគាំទ្រ ឬអ្នកវិនិយោគទន់ផ្សេងទៀត ព្រោះលោក សង្ឃឹមថា បើទោះមានផ្នែកណាខ្វះខាត ឬមានម្នាក់ណាដកភាគហ៊ុនចេញពីក្លិប រូបលោកក៏អាចនឹងមានសមត្ថភាពទប់ទល់នៅការចំណាយបានខ្លះ។ លោក Charlie Promroy បន្ថែមទៀតថា ក្លិបអាចនឹងច្របាច់ចូលគ្នា ជាមួយក្រុមបន្ទាយមានជ័យ ដើម្បីឲ្យក្រុមបាតតារាងទាំងពីរ មានឱកាសប្រកួតប្រជែងនៅឆ្នាំក្រោយ។ ប៉ុន្ដែ នេះ គ្រាន់តែជាគ្រោងការរបស់លោកប៉ុណ្ណោះ ដោយគ្រូបង្វឹករូបនេះ នឹងរកពេលវេលាណាមួយនិយាយជាផ្លូវការជាមួយ ក្លិបបន្ទាយមានជ័យ។
 
ដោយឡែកចំពោះទីតាំងក្លិប លោក Charly Promroy មិនទាន់បញ្ជាក់ទេថា នឹងបន្ដនៅខេត្តសៀមរាបទៀត ឬក៏ត្រូវប្ដូរ។  លោក បានបញ្ជាក់ថា អ្នកគាំទ្រជាច្រើនបានទាមទារមិនឲ្យក្លិបណិចស្ដិបផ្លាស់ប្ដូរទីតាំងចេញពីខេត្តសៀមរាបទេ។
 
គ្រូបង្វឹករូបនេះ ថាក្លិបមានទស្សនវិស័យចង់ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ជាពិសេសចង់ឲ្យកីឡាករកម្ពុជា មានឱកាសចូលប្រកួត និងបង្ហាញសមត្ថភាព លើទីលានជាក់ស្ដែង។ ក្លិប មានគម្រោងនឹងនាំយកគ្រូបរទេស ដែលមានបទពិសោធន៍ល្អ មកបង្វឹកកីឡាករ ប៉ុន្ដែអ្វី ដែលក្លិបត្រូវផ្ដោតលើពេលនេះ គឺការចុះអាជ្ញាប័ណ្ណក្លិប (Club Licensing)។
លោក Charlie បាននិយាយទៀតថា៖«ក្រៅពីគោលដៅចូលរួមក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ខ្ញុំ ក៏មានគោលដៅក្នុងការប្រកួតប្រជែងផងដែរ។ ប៉ុន្ដែ យើង ត្រូវធ្វើតាមសម្រួលដើម្បីភាពយូរអង្វែងរបស់ក្លិប។»។
 
គួរបញ្ជាក់ផងដែរថា ក្លិបណិចស្ដិប បានត្រឹមឈរចំណាត់ថ្នាក់លេខ ១១ ក្នុងតារាងនៃលីគ២ ដោយក្នុងចំណោម ២២ប្រកួត ឈ្នះ២ ស្មើ២០។ រីឯខេត្តបន្ទាយមានជ័យ ឈរលេខ១២ ឈ្នះ១ ស្មើ៣ ចាញ់១៨៕
 

Tag:
 បាល់ទាត់
  ណិចស្ដិប
 ​ បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com