កីឡាជាតិ
ជាតិ
៣ប្រកួតនៅសេសសល់ ឱកាសជើងឯកបើកចំហរសម្រាប់វិសាខា, ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន
20, Nov 2022 , 6:29 am        
រូបភាព
ឈានដល់ការប្រកួតសប្តាហ៍ទី២៥នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២២ ឱកាសជើងឯកនៅតែបើកចំហរសម្រាប់វិសាខា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន។ សម្រាប់បឹងកេត បើទោះបីជាពួកគេឈ្នះទាំងបីប្រកួតដែលនៅសេសសល់ក៏ដោយ ក៏មិនអាចមានពិន្ទុគ្រប់គ្រាន់ដើម្បីគ្រោងតំណែងជើងឯកនោះដែរ។

 
នៅថ្ងៃអាទិត្យនេះ គូប្រជែងកាលពីថ្ងៃពុធ ត្រូវជួបគ្នាសារជាថ្មី ដោយកីឡដ្ឋានព្រីនស៍ របស់វិសាខា បើកទ្វារស្វាគមន៍បឹងកេត វិញ ហើយព្រះខ័នរាជស្វាយរៀង ទៅតទល់ជាមួយភ្នំពេញក្រោននៅទឹកដីស្មាត អ.អេស.អិន នាវេលាម៉ោង៦ និង៣០នាទីដូចគ្នា។
 
បឹងកេត បាត់បង់ឱកាសប្រជែងជើងឯក ក្រោយខកចិត្តចាញ់វិសាខា ២-១ ដែលធ្វើឲ្យពួកគេនៅទ្រឹងជាមួយនឹង៣៩ពិន្ទុ។ ផ្ទុយទៅវិញ វិសាខា បានឡើងទៅកាន់កំពូលតារាងជាបណ្តោះអាសន្នជាមួយ៤៦ពិន្ទុ ក្រោយជ័យជម្នះនៅកីឡដ្ឋានខេមបូឌាអ៊ែវេ។
 
សម្រាប់ព្រះខ័នរាជស្វាយរៀងវិញ ពួកគេបន្តចាញ់ជាប់ៗគ្នា ដោយរក្សានៅ៤៦ពិន្ទុ ប៉ុន្តែចាញ់ប្រៀបវិសាខាក្រោមរូបមន្ត Head to Head។ ជ័យជម្នះដ៏អស្ចារ្យ ៥-២ របស់ភ្នំពេញក្រោន នៅទឹកដីព្រះខ័នរាជស្វាយរៀង បានបើកផ្លូវពួកគេក្នុងដំណើរប្រជែងយកពាន ដោយឡើងបានដល់៤៣ពិន្ទុ។
 
បឹងកេតឈឺចាប់ដោយសារវិសាខាផ្ទួនៗ ទាំងក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន និងការប្រជែងវិលជុំសម្រាប់ក្រុម Top 4 ក្នុងព្រីមៀរលីគ ដូច្នេះក្នុងជំនួបនាល្ងាចថ្ងៃអាទិត្យ ពួកគេក៏នៅតែត្រៀមខ្លួនដើម្បីបង្អាក់ដំណើររបស់ម្ចាស់ផ្ទះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វិសាខា ច្បាស់ជាមិនបោះបង់ការព្យាយាមឡើយ ដើម្បីមានឱកាសឈ្នះពាន២ក្នុងឆ្នាំតែមួយ។
 
ងាកទៅព្រះខ័នរាជស្វាយរៀងឯណោះវិញ ពួកគេបានរងបរាជ័យទាំង៣លើកក្នុងការប្រកួតប្រជែងជាមួយក្រុម៣ទៀតនៅ Top 4 ដែលធ្វើឲ្យឱកាសលើគោករបស់ពួកគេទៅជាស្តួចស្តើងទៅវិញ។ ទោះបីមាន៣ពិន្ទុតាមពីក្រោយក៏ដោយ ភ្នំពេញក្រោនក៏នៅតែជាកម្លាំងគំរាមកំហែងសម្រាប់ព្រះខ័នរាជស្វាយរៀង និងវិសាខា ហើយការទស្សន៍ទាយរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ លោក Keisuke Honda ដែលថាពួកគេអាចរក្សាតំណែងជើងឯកនោះ ក៏មិនទាន់ខុសនោះដែរ៕
 
 

Tag:
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com