កីឡាជាតិ
ជាតិ
ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងប៉ារ៉ាឡាំពិកលើកទី១ ចាប់ផ្តើមល្ងាចនេះ
21, Nov 2022 , 11:29 am        
រូបភាព
ពីធីបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាប៉ារ៉ាឡាំពិក លើកទី១ នឹងប្រារព្ធធ្វើនៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតេយ្យភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា។



ការប្រកួតកីឡាជាតិលើកទី៣ បានចាប់ផ្តើមប្រកួតពីថ្ងៃទី១៩ ខែវិច្ឆិកា និងបញ្ចប់ទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា។ ដោយឡែកពិធីបើកផ្លូវការ នឹងធ្វើនៅល្ងាចថ្ងៃទី២១ វិច្ឆិកា វេលាម៉ោង ៦:០០ នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 
 
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់៣៨ ប្រភេទកីឡា និង៧ប្រភេទកីឡាប៉ារ៉ាឡាំពិក ដែលសរុប ៤០៥វិញ្ញាសា។ ទីតាំងចំនួន ៥កន្លែង ត្រូវបានជ្រើសជាទីលានប្រកួត មានដូចជា ភ្នំពេញ, កែប, កំពត, ព្រះសីហនុ, និងសៀមរាប។
 
៣៨ ប្រភេទកីឡានោះ មាន៖ អត្ដពលិកម្ម, ហែលទឹក, វាយសី, បាល់បោះបុរស, បាល់ទាត់, បាល់ទះ+បាលទះឆ្នេខ្សាច់, ប្រដាលសកល, ប្រដាល់គុនខ្មែរ, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, តេក្វាន់ដូ ITF, វាយកូនបាល់, ប៉េតង់, ល្បុកត្តោ, កាយសម្ព័ន្ធ, វ៉ូវីណាម, យូដូ, ការ៉ាតេ, ទោចក្រយាន, ទ្រីយ៉ាត្លុង, សីដក់, សូហ្វតិន្នីស, អុកចត្រង្គ, ម៉ូតូទឹក, វ៉ូស៊ូ, ហ៊ុកគី, រាំ, ឃីកប៊ុកស៊ីង, កាយវប្បកម្ម, គុនដាវ, ជីជិតស៊ូ, ទូកប្រពៃណី, វាយកូនគោល, ទូកក្ដោង, លើកទម្ងន់, ប៊ីយ៉ា ស្នូឃ័រ, គ្រិកឃីត។ 
 
ចំណែក កីឡាប៉ារ៉ាឡាំពិក មាន៧ប្រភេទ ដូចជា៖ អត្ដប៉ារ៉ាឡាំពិក, ហែលទឹកប៉ារ៉ាឡាំពិក, បាល់បោះ, កូនឃ្លីលើតុ, បាល់ទះ, វាយសី, បូស្យា។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជាតិ ឆ្នាំ២០២២នេះ ធ្វើឡើងក្រោមគោលដៅសំខាន់ៗ ដូចជា៖ ផ្តល់ឱកាសដល់អត្ដពលិកជាតិ បានវាស់ស្ទង់សមត្ថភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣, ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ យកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម, ផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ បានអនុវត្តជាក់ស្តែង ទទួលបានចំណេះដឹង និងបទពិសោធន៍, គណៈកម្មការរៀបចំការប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំការប្រកួត និងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៣។
 

Tag:
 National Games
  Sea Game
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com