កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បទ «វិរភាពកីឡា» ជាការគាំទ្រកីឡាជាតិ និងជំរុញកម្លាំងចិត្តអត្តពលិកកម្ពុជា
21, Nov 2022 , 4:49 pm        
រូបភាព
តារាចម្រៀង ៦រូបនៅពីមុខ ក្នុងបទចម្រៀង«វិរៈភាពកីឡា» រូបពី VDO ចម្រៀង
តារាចម្រៀង ៦រូបនៅពីមុខ ក្នុងបទចម្រៀង«វិរៈភាពកីឡា» រូបពី VDO ចម្រៀង
លោក ម៉ម ពេជ្ជរិទ្ធ តារាចម្រៀងមួយរូប ក្នុងចំណោម ៥រូបផ្សេងទៀត ក្នុងបទ«វិរភាពកីឡា» រួមគ្នានិពន្ធបទនេះឡើងដើម្បីបង្ហាញការចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ ចម្រៀងមួយបទនេះ រៀបរាប់អំពីការផ្ដល់កម្លាំងចិត្ត ដល់អត្ដពលិកកម្ពុជា ក្នុងការប្រកួតដណ្ដើមមេដាយ ដើម្បីលើកមុខមាត់ប្រទេសជាតិ។ «វិរភាពកីឡា» ក៏នឹងជំរុញឲ្យអត្ដពលិកទាំងអស់ មានស្មារតីហ្វឹកហាត់ និងប្រកួតកាន់តែល្អ អំឡុងពេលស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។



បទចម្រៀង«វិរភាពកីឡា» ត្រូវបានតារាចម្រៀង ៦រូបច្រៀងរួមគ្នា ក្នុងនោះមាន កញ្ញា មាស សុខសោភា, កញ្ញា តី, លោក ម៉ម ពេជ្ជរិទ្ធ, លោក ដួង វិរៈសិទ្ធ, ពូ ឃ្លាំង និង លោក រៀម សុខភិរម្យ។ 
 
លោក ម៉ម ពេជ្ជរិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ ទាំងអារម្មណ៍សប្បាយរីករាយ ដោយតារាចម្រៀងរូបនេះ ចាត់ទុកថាចម្រៀងមួយបទនេះ ជាការគាំទ្រដល់អត្ដពលិក និងអ្នកដែលបានប្រឹងប្រែង ធ្វើឲ្យវិស័យកីឡានៅកម្ពុជា មានការវិវឌ្ឍទៅមុខ។ ជាពិសេសទៀតនោះ លោក ពេជ្ជរិទ្ធ សង្ឃឹមថាការគាំទ្រពីប្រជាពលរដ្ឋ ទាំងអស់ធ្វើឲ្យអត្ដពលិក មានស្មារតីប្រកួត និងពុះពារការលំបាកក្នុងការហ្វឹកហាត់ ដើម្បីសម្រេចបានលទ្ធផលល្អ ក្នុងស៊ីហ្គេមលើកទី៣២ និងការប្រកួតអន្ដរជាតិនានា។


   អត្ដពលិក ឈរមើលទង់ជាតិកម្ពុជា រូបពី VDO ចម្រៀង
 
«អត្ថន័យ ក្នុងបទចម្រៀងនេះ គឺលើកទឹកចិត្តដល់កីឡាករ កីឡាការិនី និងអ្នកគាំទ្រកីឡា ឲ្យបន្ដទៅមុខទៀត ព្រោះយើងត្រូវត្រៀមសម្រាប់ស៊ីហ្គេម​ និងការឆ្ពោះទៅមុខរហូតផងដែរ។»។ លោក ម៉ម ពេជ្ជរិទ្ធ បាននិយាយដូច្នេះ។
 
បទចម្រៀងនេះ ត្រូវបាននិពន្ធ ដោយ លោក កៅ សេដា, លោក រៀម សុខភិរម្យ, លោក ឌៀប សិដ្ឋសុធា រួមជាមួយ លោកពេជ្ជរិទ្ធ។ 
គួរបញ្ជាក់ថា បទចម្រៀង«វិរភាពកីឡា» ត្រូវបានក្រុមហ៊ុន សេវាទូរស័ព្ទ Smart បង្ហាញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីអបអរក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជាតិប៉ារ៉ាឡាំពិក លើកទី១ នឹងត្រូវបើកជាផ្លូវការនៅថ្ងៃទី២១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតេយ្យភាពរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
 

Tag:
 កីឡាជាតិ
  National Games
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com