ជាតិ
បាក់ឌុប៖ ​មន្រ្តីACU និង​គរុសិស្ស​ជិត ៥ពាន់នាក់ នឹង​ចុះ​សង្កេត​ការណ៍នៅ​​ឆ្នាំនេះ
21, Nov 2022 , 10:59 pm        
រូបភាព
ជំនួយការអប្បមាទ កំពុង​ត្រួតពិនិត្យ​បេក្ខជនដែលចូលប្រឡង។
ជំនួយការអប្បមាទ កំពុង​ត្រួតពិនិត្យ​បេក្ខជនដែលចូលប្រឡង។
ភ្នំពេញ៖​ សម័​យ​ប្រឡង ៥ ធ្នូ ២០២២នេះ នឹង​មាន​គរុសិស្សដែលជាជំនួយការអប្បមាទ​ចំនួន ២៧០០នាក់ រួមទាំង​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ប្រមាណ ២ពាន់នាក់ ចូលរួម​សង្កេត​ការ​ណ៍​ក្នុង​ដំណើរការ​ប្រឡង​។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២១ វិច្ឆិកានេះ។



ឆ្នាំ​នេះ ជា​ឆ្នាំ​ទី៨ហើយ ដែល​ក្រសួង​អប់រំ យុវជន និងកីឡា បាន​កំណែ​ទម្រង់ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ដោយបន្ត​កិច្ច​សហការជាមួយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ដើម្បី​ធានា​ឱ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តទៅ​ដោយ​រលូន ​មិនមាន​អំពើ​ពុក​រលួយ ឬការ​បើក​ចម្លង​ផ្សេង​ៗ។ 

«ដើម្បីជួយ​ត្រួតពិនិត្យ​មើល​​ដំណើរការ​សំណេរ​ យើង​នឹង​ប្រើប្រាស់​ជំនួយការអប្បមាទ ដែលជា​គរុសិស្ស​​ចំនួន ២៧០០នាក់​។ ម៉្យាង​វិញ​ទៀត ក៏​មាន​ការ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែលចូលរួម​នៅ​គ្រប់​ដំណាក់កាល​​ទាំង​អស់នៃ​ការ​ប្រឡង ដំណាក់កាល​សំណេរ​, កំណែ​, បូក​ស្រង់​ពិន្ទុ​ និង​ការ​ប្រកាស​លទ្ធផល​ ដែលមាន​អ្នកចូលរួម​ប្រមាណជិត ២ពាន់នាក់»។ នេះជា​ការ​លើក​ឡើងរបស់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ។
  

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ
 
រដ្ឋមន្រ្តី​ក្រសួង​អប់រំ បន្តថា ​បុគ្គលិក​អប់រំដែល​​បាន​ប្រព្រឹត្ត​សកម្មភាព​មិន​ត្រឹមត្រូវ​ក្នុង​ការ​ប្រឡង នឹង​ត្រូវ​ទទួល​ទណ្ឌកម្មខាង​វិន័យ​មាន​ពីរកម្រិត ក្នុង​នោះ​​វិន័យ​ថ្នាក់ទី១ ជា​វិស័យ​ស្រាល និង​វិន័យ​ថ្នាក់ទី២ ជា​វិន័យ​តឹង។​ បើតាម​លោក ហង់ជួន ណារ៉ុន ​សកម្មភាព​មិន​ត្រឹមត្រូវរបស់​បុគ្គលិក​អប់រំ ​​ក្នុង​ដំណើរ​ការ​ប្រឡងដែល​នឹង​ទទួល​វិន័យថ្នាក់ទី១ មាន​ដូចជា ​បង្កើត​បណ្ដាញ​ស្វែង​រក​ផល​កម្រៃ​ពី​ការ​ប្រឡង, ផ្ដល់​ ឬ​ទទួល​ប្រាក់​ដើម្បី​រៀបចំ​បែងចែក​តួនាទី​ក្នុង​គណៈកម្មការ​នានា, ជួយ​លាក់​កំបាំង​ទង្វើ​ខុស​ឆ្គង​របស់​គណៈ​មេប្រយោគ ឬ​គណៈ​កម្មការ​ប្រឡង, អនុញ្ញាត​ឱ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា ឬ​ការពារ​បេក្ខជន​ឱ្យ​ចម្លង​សំណៅ​ឯកសារ, មិន​កែ​តាម​អត្រា​កំណែ​ដែល​បាន​សម្រេច និងរំខាន​អ្នក​ដទៃ​ក្នុង​ដំណើរការ​កំណែ។

បុគ្គលិកអប់រំ​​ដែល​ប្រព្រឹត្តខុស នឹង​ត្រូវ​ទទួល​វិន័យថ្នាក់ទី១ ដោយ​​ត្រូវ​បាន​ស្ដីបន្ទោស​ដោយ​ផ្ទាល់មាត់​ ឬ​តាមរយៈ​លិខិត​ស្នាម និង​មិនអាច​ឡើង​តំណែងផងដែរ​​​។ ចំពោះ​វិន័យ​ថ្នាក់ទី២ បុគ្គលិក​អប់រំ នឹងមិនត្រូវ​បានដាក់​បញ្ចូល​ក្នុងតារាងដែលត្រូវ​ដំឡើងប្រាក់បៀវត្ស និង​ដាក់​ឱ្យ​ទំនេរ​​ ដោយ​មិន​ទទួល​ប្រាក់បៀវត្សជាដើម។​
  

ជំនួយការអប្បមាទ កំពុង​ត្រួតពិនិត្យ​បេក្ខជនដែលចូលប្រឡង។

ដោយ​ឡែក​ បេក្ខជន​ប្រឡងវិញ ក៏​មាន​កម្រិត​វិន័យ​៣កម្រិតផងដែរ។ បេក្ខជន​ប្រឡងដែល​ឱ្យ​គេ​ប្រឡង​ជំនួស នឹងត្រូវ​ធ្លាក់ដោយ​ស្វ័យ​ប្រវត្តិ ​និងមិន​អនុញ្ញាតឱ្យ​ចូល​ប្រឡង​រយៈពេល​២ឆ្នាំ។​ សម្រាប់​បេក្ខជន​លួច​ចម្លង​ឯកសារ​ ឬ​ចម្លងគ្នា ក៏​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិផងដែរ។
 
ក្នុង​រយៈពេល​៥ឆ្នាំចុង​ក្រោយនេះ លោក ហង់ជួន ណារ៉ុន មើល​ឃើញ​ថាមិន​មាន​បេក្ខជនណា រំលោភលើ​បទ​ប្បញត្តិ និង​មិន​មាន​លួច​ចម្លងគ្នានោះទេ។ លោក សំណូម​ពរ​ដល់​បេក្ខជន​ខិតខំ​ប្រឹង​ប្រែង​ និង​គោរព​បទ​ប្បញត្តិឱ្យបាន​ខ្ជាប់ខ្ជួន។ 
អត្ថបទទាក់ទង
 
 
​សូមបញ្ជាក់ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២នេះ មាន​បេក្ខជន​ប្រឡង​ចំនួន ១២៨ ១៣៤នាក់ និង​មាន​មណ្ឌលប្រឡង ២២១ ស្មើនឹង​៥១៧៤បន្ទប់។ សម្រាប់​ថ្ងៃ​ប្រកាស​លទ្ធផល ក្រសួង​អប់រំ ​កំណត់យកថ្ងៃទី ២៧ ធ្នូ​សម្រាប់​​រាជធានីភ្នំពេញ និងខេត្តកណ្ដាល និង​ថ្ងៃទី​២៨ ធ្នូ ​​សម្រាប់​ខេត្ត​ផ្សេងៗ៕​ 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com