កីឡាជាតិ
ជាតិ
លីក​២០១៤​៖ ត្រាយ​អាស៊ី ឈរ​កំពូល​តារាង​បណ្ដោះអា​សន្នទាំ​ងក្លិប ទាំង​កីឡាករ
10, Feb 2014 , 2:41 pm        
រូបភាព
កីឡាករ​ខ្មែរ​បារាំង គួច ដានី កំពុង​នាំមុខ​គេ​លើ​ការ​ស៊ុ​តបាល់​បញ្ចូល​ទី។ រូបថត CAM Photo Agency
កីឡាករ​ខ្មែរ​បារាំង គួច ដានី កំពុង​នាំមុខ​គេ​លើ​ការ​ស៊ុ​តបាល់​បញ្ចូល​ទី។ រូបថត CAM Photo Agency
ដោយ:
ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​សប្ដាហ៍​ទី៣​នៃក្រប​ខណ្ឌ​មិត្ត​ហ្វូន​ខេមបូ​ឌានលីក​២០១៤ ក្រុម​ត្រាយ​អេស៊ី​ភ្នំពេញ បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន ដោយមាន​៧ពិន្ទុ​ស្មើ​ណាហ្គាខប ភ្នំ​ពេញ​ក្រោន និង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ខ្សែបម្រើ​ខ្មែរ​បារាំង គួច ដានី  នៃក្លិប​ត្រាយ​អេស៊ី បាន​ឈាន​មុខ​គេ​លើ​ការ​ស៊ុត​បាល់​បញ្ចូលទី​ផង​ដែរ តាម​រយៈការ​សម្រេច​បាន​៤គ្រាប់។



កាល​ពីល្ងាច​ថ្ងៃសៅរ៍ ​ត្រាយ​អាស៊ី បាន​​ដណ្ដើម​កៅអី​លេខ​១ បណ្ដោះអាសន្ន​ពី​​ក្រុម​ភ្នំពេញក្រោន​​​ក្រោយ​​យក​ឈ្នះ​ក្រុម Albirex Niigata ក្នុង​លទ្ធផល ៨ ទល់ ១ ខណៈដែល គួច ដានី រក​បាន​បីគ្រាប់តែម្នាក់​ឯង។

តាម Page Facebook របស់​ក្លិប​លោក Daisuke Yoshioka ​គ្រូ​បង្វឹក​បង្គោល និង ជា​អ្នក​ចាត់ការ​ក្រុម ត្រាយ​អាស៊ី នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការ​​របូត​គ្រាប់​បាល់​មួយ​គ្រាប់ ហើយ​លោក​នៅ​តែ​គិត​ថា​​នេះជា​បញ្ហា​ក្នុង​ក្រុម​ដែល​ត្រូវ​ដោះស្រាយ​​ឱ្យ​បាន​ច្បាស់​លាស់​ពី​កីឡាករ​ម្នាក់​ទៅ​កីឡាករ​ម្នាក់​មុន​ការ​ប្រកួត​លើក​ក្រោយ​មក​ដល់។

​ក្លិប​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​ជនជាតិ​ជប៉ុន​​មួយ​នេះ​នៅ​មិន​ទាន់​ស្គាល់​​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ ​​ក្នុង​ប្រកួត​ផ្លូវការ​គិត​ត្រឹម ១៧ ប្រកួត​កន្លង​មក បើ​គិត​ទាំង​ជម្រុះ​ក្នុង​ក្របខណ្ឌ ក១, ជម្រុះ​ពាន​រង្វាន់ Hun Sen Cup តាម​តំបន់​នីមួយៗ និង ជុំ​ផា្ដច់ព្រ័ត្រ រួម​ទាំង​លីក​រដូវកាល ២០១៤ នេះ​ផង​ដែរ។

បើ​ទោះ​ជា​លេខ ១ បណ្ដោះ​អាសន្ន​មែន ប៉ុន្ដែ​ត្រាយអាស៊ី មាន៧ ​ពិន្ទុ​ស្មើ​ក្រុម​លេខ ២ ណាហ្គាខប ក្រុម​លេខ ៣ ភ្នំពេញក្រោន និង ក្រុម​លេខ ៤ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តែ​ទាស់​គ្រាប់​បាល់​ទាត់​បញ្ជូលទី​ប៉ុណ្ណោះ។


ចំណែក​ក្រុម​អាស៊ីអឺរ៉ុប និង Albirex Niigata កំពុង​តែ​ចាប់​ផ្ដើម​មិន​បាន​ល្អ​នៅ​ដើម​រដូវកាល​ព្រោះ​នៅ​បាត​តារាត ឈរ​នៅ​​តំបន់​ដែល​ត្រូវ​ជម្រុះ​ចេញ​ទៅ​លេង​វគ្គ​ Play Off។

សម្រាប់​តារាង​ចំ​ណាត់​ថ្នាក់​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ជាងគេរួមមាន គួច ដានី រក​បាន​៤គ្រាប់ ខណៈ​ សុខ ច័ន្ទ​រស្មី ដែល​ជាមិត្ត​រួម​ក្រុម​ត្រាយ​អេស៊ីរក​បាន​៣គ្រាប់ស្មើ ចាន់ វឌ្ឍនាកា (បឹងកេត) ស៊ុន សុ​វណ្ណរិទ្ធី (ណាហ្គា​ខប) និង Kazuki Tatsuta (Albirex)៕




© រក្សាសិទ្ធិដោយ thmeythmey.com