ជាតិ
កសិករ​ចាស់វស្សា ខៀវ សុខឡេង៖ បើចង់​ជោគជ័យលើ​វិស័យ​កសិកម្ម ត្រូវ​យល់ពីធាតុផ្សំ​៨ចំណុច
27, Nov 2022 , 8:09 am        
រូបភាព
លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ
លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ «ជំនាញ, លុយ, ទឹក, ដី, ភូមិសាស្រ្ត​, តស៊ូ, ព្យាយាម និង​ម៉ឺងម៉ាត់» ទាំងនេះជា​អ្វី​ដែល​កសិករ ឬ​អ្នកប្រឡូក​ក្នុង​វិស័យ​កសិកម្ម​ទៅ​យល់​ដឹង ដើម្បី​អាច​ទទួល​បាន​លទ្ធផល ឬក៏​ជោគជ័យ​លើ​វិថីនេះ។ លោក ខៀវ សុខឡេង ម្ចាស់ចម្ការ​ទុរេន​នៅ​ខេត្ត​ត្បូងឃ្មុំ រៀបរាប់​ប្រាប់​សារព័ត៌មាន Thmey Thmey 25បែបនេះ។



លោក ខៀវ សុខឡេង ជា​ម្ចាស់ចម្ការ​ទុរេន រួមទាំង​ដំណាំ​ហូប​ផ្លែជាច្រើនមុខ នៅ​​ភូមិក្រសាំង ឃុំ​ទឹក​ជ្រៅ ស្រុក​ដំបែ ខេត្ត​ត្បូងឃ្មុំ។ បុរសវ័យ​៥៨ឆ្នាំរូបនេះ ចាប់​ផ្ដើម​ប្រឡូក​ក្នុងការ​ងារ​កសិកម្មតាំងពី​ឆ្នាំ​១៩៩៨ ដោយ​ធ្វើការ​ងារជាមន្រ្តី​រាជការផង និង​ឆ្លៀតពេល​ចុង​សប្ដាហ៍​ធ្វើ​ចម្ការ​ផង។ ដំណាំ​ដែល​លោក សុខឡេង ដាំ​លើ​ផ្ទៃ​ដី​៥០ហិកតា​រួមមាន កៅស៊ូ, ស្វាយចន្ទី, សាវម៉ាវ, មង្ឃុត និង​ទុរេន ខណៈទុរេនជា​ដំណាំចម្បង​របស់​ក្រុម​គ្រួសារ​លោក​។ 
  

លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ
 
កសិករ​ដែល​មាន​បទពិសោធជាង​២០ឆ្នាំរូបនេះ បានប្រាប់​​ដល់​យុវជន ឬ​អ្នក​ស្រឡាញ់​វិស័យកសិកម្ម ត្រូវ​យល់ពី​ចំណុច​សំខាន់​ចំនួន​៨​ ទើបអាច​ជោគជ័យ​លើ​វិស័យ​កសិកម្ម។ ចំណុច​សំខាន់ចំនួន ៨ ដែលជា​បទពិសោធរបស់​លោក សុខ​ឡេង​​ រួមមាន ជំនាញ, លុយ, ទឹក, ដី, ភូមិសាស្រ្ត, តស៊ូ, ព្យាយាម និង​ម៉ឺង​ម៉ាត់។ កសិករ សុខឡេង លើកឡើងថា៖​«មនុស្ស​បើមិន​មាន​ជំនាញទេ មិនមានលុយទេ ធ្វើ​អ្វី​មិន​ចេញ​ទេ​។ បើធ្វើកសិកម្ម មុននឹង​ទិញ​ដី​ ត្រូវគិតលើដី ទឹក និងភូមិសាស្រ្ត។ ជាពិសេស​ត្រូវ​តស៊ូ ព្យាយាម និង​ម៉ឺង​ម៉ាត់»។ 
 
បើតាម​លោក សុខឡេង «ជំនាញ» ​គឺ​ផ្ដោត​លើការ​ចេះដឹង​ពី​បច្ចេកទេស និងការ​ថែទាំ ដែល​ទាមទារឱ្យ​កសិករ​ត្រូវមាន​មុននឹង​ប្រឡូក​ក្នុង​វិស័យនេះ។ ចំណែក «លុយ» ​ជា​ទុន​ដ៏​សំខាន់។ រីឯ ដី កសិករ​ត្រូវ​គិតពី​ប្រភេទដីនោះអាច​​ដំណាំ​អ្វី​បាន​​។ ដោយ​ឡែក ទឹក ប្រសិនបើដីនោះមិនមានទឹក នោះ​កសិករ​នឹង​មិនអាច​ដាំ​ដំណាំបាន​ឡើយ​។ ចំពោះ​ ភូមិសាស្រ្ត​ ​ផ្ដោតលើ​ទីតាំងអំណោយផលសម្រាប់​ដំណាំ ដែល​មិនបង្កបញ្ហាដល់ដំណាំ​ ដូចជា​បញ្ហា​អាកាសធាតុ ខ្យល់ខ្លាំង​ជា​ដើម។ សម្រាប់​ការ​តស៊ូ, ព្យាយាម និង​ម៉ឺង​ម៉ាត់​វិញ សំដៅដល់​ការ​មិន​បោះបង់​នៅពេល​ជួបបញ្ហា ជាពិសេស​ត្រូវ​មាន​ភាព​ច្បាស់​ការ​នឹង​ការ​ងារ។


  ដំណាំដែលលោក ខៀវ សុខឡេង​ បានដាំ។
 
ទម្រាំ​ទទួលបាន​លទ្ធផល​ល្អ​នា​ពេល​បច្ចុប្បន្ននេះ លោក ខៀវ សុខឡេង បានជួប​បញ្ហា​ប្រឈម​ជាច្រើន។ «កាលឆ្នាំ១៩៩៨ ​ខ្ញុំ​ប្រឈម​ច្រើនណាស់ ដោយ​សារ​ភ្លៀង​ខ្លាំង និង​​ជំងឺដំណាំ​ធ្វើទុក្ខ។ អ៊ីចឹងខ្ញុំខំប្រឹង​​យក​បទ​ពិសោធ​ពីខាងកំពតផង ពីខាង​ថៃ​ផង​ ដើម្បី​រៀនពី​ការ​ដាំដុះ និង​ថែទាំ​របស់គេ​»។ នេះ​ជា​ការ​បញ្ជាក់របស់​ម្ចាស់ចម្ការ​ទុរេន​ សុខឡេង។ 
 
ទោះ​មិន​ចេះ​អក្សរ​ តែ​លោក សុខឡេង មិន​ដែល​បោះបង់​ការ​តស៊ូ​ ព្យាយាម ក្នុង​វិស័យ​កសិកម្មនេះឡើយ។ លោក សុខឡេង បាន​ធ្វើ​ដំណើរ​ទៅខេត្តមួយចំនួន និង​ប្រទេសថៃ វៀតណាម ដើម្បី​សិក្សា​បន្ថែម​ពី​ការ​ដាំដុះ​ដំណាំ​ទុរេន​ឱ្យ​បាន​ល្អ។ ក្រៅ​មាន​បទពិសោធច្បាស់​ក្នុង​ការងារដាំដុះដំណាំ​ហូប​ផ្លែ​ លោក សុខឡេង​ តែង​ចែក​រំលែក​ចំណេះដឹង​ដល់​កសិករ និង​អ្នក​ស្រឡាញ់កសិកម្ម តាមរយៈ​បណ្ដាញ​សង្គម និង​ចែករំលែក​នៅ​ចម្ការ​របស់លោក​ផ្ទាល់។​
  

ទុរេនរបស់លោក ខៀវ សុខឡេង។
 
បច្ចុប្បន្ន​ មន្រ្តី​ចូលនិវត្តន៍រូបនេះ​ មាន​ទុរេន​ជាង ២ពាន់ដើម ក្នុងនោះ​​ទុរេន​ដែលអាយុ២៣ឆ្នាំ​ មាន​ចំនួន​៣០០ដើម និង​បាន​ហុចផលប្រមាណ ១៥០តោនក្នុង​មួយឆ្នាំ​។ លោក ពេញចិត្ត​នឹង​ជីវភាព​របស់លោកក្នុង​បច្ចុប្បន្ន ដែល​​អាច​ជួយ​ផ្គត់ផ្គង់គ្រួសារបាន​សមរម្យ។ លើសពីនេះ ម្ចាស់ចម្ការទុរេនរូបនេះ ក៏​បាន​ផ្ដល់​ការងារដល់​អ្នក​ដែល​ជួយ​ការងារ​ក្នុងចម្ការ​របស់​លោកចំនួន ២៥នាក់​ផងដែរ។
 
កសិករចាស់​វស្សារូបនេះ ផ្ដាំផ្ញើដូច្នេះ៖ «បងប្អូនកសិករ ដែលដាំដំណាំ សូម​កុំ​ដាំ​ដំណាំតែ​មួយ​មុខ។ មាន​ស្វាយ​ចន្ទី មានកៅស៊ូ និង​ដំណាំហូប​ផ្លែ​ផ្សេង​ៗ​ខ្លះទៅ ដាំ​ដំឡូង​ខ្លះទៅ​។ បើអាមួយលក់មិនចេញ អាច​ផ្សេងលក់ចេញ។​ ខ្ញុំ​ធ្វើ​អ៊ីចឹង ទើប​ខ្ញុំ​ឈ្នះ​»។ បើតាម​លោក​ សុខឡេង កសិករដែលដាំ​តែមួយមុខ ខ្លះ​ជួប​បញ្ហា​ តែ​លោក នៅតែ​អាច​ឈរ​ជើង​ដល់​បច្ចុប្បន្ន៕​
 
 
 

Tag:
 កសិកម្ម
  ខៀវ សុខឡេង​
© រក្សាសិទ្ធិដោយ thmeythmey.com