អន្តរជាតិ
រុស្ស៊ី បន្តបាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ហើយចោទអ៊ុយក្រែនវាយប្រហារមូលដ្ឋានទ័ពអាកាសខ្លួន
06, Dec 2022 , 11:49 am        
រូបភាព
ដោយ:
រុស្ស៊ីនៅថ្ងៃទី៥ ខែធ្នូ បាញ់មីស៊ីលលើរដ្ឋធានីកៀវ និងក្រុងអ៊ុយក្រែនផ្សេងទៀតដែលបណ្តាលឱ្យមនុស្សយ៉ាងតិចបួននាក់បាត់បង់ជីវិត ហើយបណ្តាញផ្គត់ផ្គង់ទឹក និងអគ្គិសនីក្នុងក្រុងមួយចំនួនត្រូវបានកាត់ផ្តាច់។ ទន្ទឹមនេះ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃដដែលចោទអ៊ុយក្រែនថា ប្រើដ្រូនវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ខ្លួនចំនួនពីរដែលស្ថិតមិនឆ្ងាយពីក្រុងមូស្គូ។

 
តាំងពីខែតុលា រុស្ស៊ីស្ទើតែជារៀងរាល់សប្តាហ៍បាញ់មីស៊ីលលើក្រុង និងរដ្ឋធានីរបស់អ៊ុយក្រែនជាច្រើនដោយសំដៅលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីជាដើម។ បើតាមការប្រកាសរបស់មន្រ្តីអ៊ុយក្រែន រុស្ស៊ីនៅថ្ងៃទី៥ ខែធ្នូ បាញ់មីស៊ីលវាយប្រហារក្រុងអ៊ុយក្រែនជាថ្មីរួមមានក្រុង Odesa, Cherkasy និង Kryvyi Rih។ នៅឯភាគខាងត្បូងអ៊ុយក្រែនផ្ទះសម្បែងត្រូវបានបំផ្លិចបំផ្លាញ ហើយបើនៅភាគខាងជើងប្រទេស ចរន្តអគ្គិសនី និងទឹកត្រូវបានកាត់ផ្តាច់។ 
 
ក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៥ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថាកងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីភាគច្រើនដែលបាញ់សំដៅលើអ៊ុយក្រែន។ បើតាមអាជ្ញាធរអ៊ុយក្រែន ក្នុងចំណោមគ្រាប់រ៉ុក្កែត៧០គ្រាប់ដែលបាញ់មកលើអ៊ុយក្រែនត្រូវបានចាប់បាន៦០គ្រាប់។ 
 
«គ្រាប់គ្រាប់មីស៊ីលរុស្ស៊ីដែលត្រូវបានបាញ់ទម្លាក់ ជាព័ស្តុតាងជាក់ស្តែងដែលបញ្ជាក់ថាភេរវកម្មអាចកម្ចាត់បាន»។ លោក ហ្សេលេនស្គី លើកឡើងបែបនេះ។
 
ចំណែកឯនៅរុស្ស៊ីវិញ ក្រសួងការពារជាតិរុស្ស៊ីអះអាងថាដ្រូនអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់ខ្លួនចំនួនពីរដែលស្ថិតនៅក្រុង Ryazan និង Saratov ហើយសម្លាប់ទាហានបីនាក់ និងរងរបួសបួននាក់។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ីនានា យន្តហោះពីរត្រូវបានបំផ្លាញក្នុងការបំផ្ទុះនៅមូលដ្ឋានទ័ពអាកាស Engels ក្បែរក្រុង Saratov ដោយសារការខ្ចាយបំបែកដ្រូននៅពេលត្រូវបានបាញ់ទម្លាក់។ រីឯមូលហេតុនៃការបំផ្ទុះនៅក្រុង Ryazan វិញមិនទាន់មានព័ត៌មានទេ។
 
«របបក្រុងកៀវប៉ុនប៉ងវាយប្រហារមូលដ្ឋានទ័ពអាកាស Dyagilevo នៅតំបន់ Ryazan និងមូលដ្ឋានទ័ព Engels នៅតំបន់ Saratov ជាមួយដ្រូនសម័យសូវៀត»។ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់បែបនេះនៅថ្ងៃទី៥ ខែធ្នូ ហើយបន្ថែមថាការវាយប្រហារដ្រូននេះជាភេរវកម្ម។ 
 
បើទោះអ៊ុយក្រែនច្រានចោលការចោទប្រកាន់ខាងលើ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា រុស្ស៊ីឆ្លើយតបទៅវិញដោយវាយប្រហារបានចំទាំងអស់នៃ១៧គោលដៅលើអង្គភាពយោធា ថាមពល មជ្ឈមណ្ឌលទំនាក់ទំនង ក៏ដូចជាប្រព័ន្ធគ្រប់គ្រងយោធារបស់អ៊ុយក្រែន៕
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com