អន្តរជាតិ
ចិន​៖ របាយការណ៍​អាម៉េរិក​លើ​អំណាច​យោធា​ចិន ជាការ​ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​
06, Dec 2022 , 8:08 pm        
រូបភាព
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបភាពយកពីក្រសួងការពារជាតិចិន.
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបភាពយកពីក្រសួងការពារជាតិចិន.
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Tan Kefei  នៅ​ថ្ងៃទី​៦ ខែធ្នូ បាន​ច្រានចោល​របាយការណ៍​រប​ស់​មន្ទីរ​បញ្ច​កោណ​អាម៉េរិក​ស្តីពី «​អំណាច​យោធា​ចិន​ឆ្នាំ​២០២២» ដោយ​អះអាងថា របាយការណ៍​នោះ ជាការ​ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ចិន​ជ្រើស​យក​ការអភិវឌ្ឍ​ប្រកបដោយ​សន្តិភាព និង​ប្រកាន់​គោលនយោបាយ​ការពារជាតិ​។

 
​នៅក្នុង​របាយការណ៍​ស្តីពី «​អំណាច​យោធា​ចិន​ឆ្នាំ​២០២២» ចេញ​កាលពី​ខែ​មុន មន្ទីរ​បញ្ច​កោណ​អាម៉េរិក បាន​វាយតម្លៃថា ចិន​អាច​ទំនង​ជាមាន​ស្តុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ ១៥០០ គ្រាប់​នៅត្រឹម​ឆ្នាំ ២០៣៥ ខាងមុខ ប្រសិនបើ​ចិន​បន្ត​ជាមួយនឹង​ល្បឿន​នៃ​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ​ដូច​ពេលបច្ចុប្បន្ន​។
​តួលេខ​នេះ​បាន​គូសបញ្ជាក់​ពី​ការព្រួយបារម្ភ​របស់​អា​ម៉េ​រិ​ក​នៃ​ការកើនឡើង​ចេតនា​របស់​ចិន​ក្នុង​ការពង្រីក​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើទោះបីជា​ការព្យាករណ៍​មិនបាន​បង្ហាញថា​ចិន​បាន​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​លឿន​ជាង​មុន​ក្តី​។ 
 
​ឆ្លើយតប​នឹង​របាយការណ៍​នេះ ក្រសួងការពារជាតិ​ចិន​បាន​លើកឡើងថា អាម៉េរិក​កំពុង​ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពី​ទំនើបកម្ម​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​របស់​ចិន​។ ក្រសួង​ក៏បាន​បន្ថែមថា អាម៉េរិក​គួរតែ​ពិនិត្យមើល​លើ​គោលនយោបាយ​នុយក្លេអ៊ែរ​របស់ខ្លួន​ជាមុន ព្រោះ​អាម៉េរិក​បច្ចុប្បន្ន​មាន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​ពិភពលោក​។​
 
​ក្រសួងការពារជាតិ​ចិន​បាន​បន្ថែមថា អាម៉េរិក​កំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា ដើម្បី​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ជួរមុខ និង​កំពុងធ្វើការ​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​តាមរយៈ​ភាពជា​ដៃគូ​សន្តិសុខ​ជាមួយ​អង់គ្លេស និង​អូស្ត្រាលី​។ 
 
«​យើង​ចង់​សង្កត់ធ្ងន់ថា ចិន​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដំបូង​គេ​គ្រប់ពេលវេលា ឬ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ហើយ​រក្សា​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​នៅ​កម្រិត​ទាប​បំផុត​ដើម្បី​តែ​ការពារ​សន្តិសុខ​ជាតិ​ប៉ុណ្ណោះ​»​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការពារជាតិ​ចិន​។ 

លើសពីនេះ ក្រសួង​ការពារ​ចិន​ក៏បាន​សង្កត់​ថា អាម៉េរិក​កន្លងមក ជា​ប្រទេស​បង្កើត​បញ្ហា​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក​។ អាម៉េរិក​តែង​បង្កើត​បញ្ហា​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន បង្កើត​ការបែកបាក់ និង​ការប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ពិភពលោក ហើយ​នាំមក​នូវ​ភាពចលាចល និង​គ្រោះមហន្តរាយ​គ្រប់​ទីកន្លែង​ដែល​អាម៉េរិក​លូកដៃ​។ 
 
​យោងតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុក​ខុល (SIPRI) បច្ចុប្បន្ន អាម៉េរិក​មាន​គ្រាប់​នុយក្លេអ៊ែរ​សរុប ៥៤២៨ នៅក្នុង​ឆ្នាំ​២០២២ ដោយ​ក្បាល​គ្រាប់​ចំនួន ១៧៤៤ ត្រូវបាន​បំពាក់​រួច​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com