អន្តរជាតិ
ក្រសួងការបរទេសចិន៖ ការអភិវឌ្ឍរបស់ពិភពលោក និងចិន មិនអាចកាត់ផ្តាច់ចេញពីគ្នា
07, Dec 2022 , 10:20 am        
រូបភាព
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
ការអភិវឌ្ឍរបស់ចិន មិនអាចសម្រេចបាន ដោយគ្មានពិភពលោកបានឡើយ ហើយពិភពលោក ក៏ត្រូវការចិនផងដែរ ដើម្បីវិបុលភាព។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី  Mao Ning បានបញ្ជាក់បែបនេះ នៅថ្ងៃទី៦ ខែធ្នូ។

 
 
ក្នុងវិចារណកថាទាក់ទិននឹងចិន ដែលចុះផ្សាយលើទស្សនាវដ្តី Foreign Affairs អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានយល់ឃើញថា ការកើនឡើងឥទ្ធិពលរបស់ចិនមិនអាចធានាភាពឯកោរបស់ចិន ឬការបង្ការកិច្ចសហប្រតិបត្តិការឡើយ។ មិនតែប៉ុណ្ណោះ មេដឹកនាំអាល្លឺម៉ង់រូបនេះ មិនឯកភាពឡើយ ចំពោះគំនិត ដែលអះអាងថា ពិភពលោក កំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាមត្រជាក់ថ្មី ដែលជំរុញឱ្យអាម៉េរិកប្រឆាំងនឹងចិន។​
 
ទាក់ទិននឹងវិចារណកថាខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងការពារថា ចិនតែងគោរពគោលបំណងនៃគោលនយោបាយការបរទេសរបស់ខ្លួន ដើម្បីការពារសន្តិភាពពិភពលោក និងលើកតម្កើងការអភិវឌ្ឍរួម រួមទាំងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀត។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបកស្រាយថា ការរឹតត្បិត និងធ្វើឱ្យចិនស្ថិតក្នុងភាពឯកោ មិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ។ ត្រង់ចំណុចនេះ លោកស្រី Mao បានបន្ថែមថា និន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចបច្ចុប្បន្ន ជាការទទួលផលប្រយោជន៍ទៅវិញទៅមក និងស្ថានភាពឈ្នះៗ ហើយសេដ្ឋកិច្ចចិន បានចូលរួមយ៉ាងខ្លាំងជាមួយពិភពលោក។
 
បើតាមមន្រ្តីក្រសួងការបរទេសចិន ការអភិវឌ្ឍរបស់ចិន មិនអាចសម្រេចបាន ដោយគ្មានពិភពលោកបានឡើយ ហើយពិភពលោក ក៏ត្រូវការចិនផងដែរ។ ជុំវិញបញ្ហានេះ លោកស្រី Mao បានប្តេជ្ញាថា ចិននឹងបន្តការបើកចំហរ និងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីចែករំលែកលើឱកាសក្នុងការអភិវឌ្ឍ៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com