សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែធ្នូ បានចុះហត្ថលេខាលើប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ឲ្យកាន់មុខតំណែងជាអភិបាលរងក្រុង-ស្រុកនៃខេត្តបន្ទាយមានជ័យ។
តាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២ ខែសីហា លោក ស៊ុត ង៉ុយ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងក្រុងប៉ោយប៉ែត ទៅជាអភិបាលរងស្រុកព្រះនេត្រព្រះ ខណៈដែលលោក នាង ហាវ ពីអភិបាលរងក្រុងសិរីសោភ័ណ ផ្ទេរទៅបម្រើការងារនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ មន្ត្រី២០រូបទៀត ទទួលបានការតែងតាំងថ្មី សម្រាប់មុខតំណែងជាអភិបាលរងក្រុង-ស្រុក។ ក្នុងចំណោមមន្ត្រីទាំងនេះ មួយចំនួនមានឋានន្តរស័ក្តីវរមន្ត្រី មួយចំនួនទៀតជានាយក្រមការ, គ្រូបង្រៀន, មន្ត្រីបច្ចេកទេស និងមន្ត្រីសុខាភិបាល ជាដើម។
មន្ត្រីដែលត្រូវបានតែងតាំងជាអភិបាលរងស្រុកសិរីសោភ័ណ មាន លោក វិ វ៉ា, លោក អ៊ុំ វិណារ៉ា និងលោក អ៊ឹម សុភារៈ។ នៅក្រុងប៉ោយប៉ែត អភិបាលរងថ្មី មានលោក មាស សំណាង, លោក បោន សិលា, លោក ពេស រិយាស័ក និង លោក ញឹម ផឿង។
ជាមួយគ្នានេះ លោក គឹម សុខៈនិរន្តរ៍, លោក មិន និមល ត្រូវបានតែងតាំងជាអភិបាលរងស្រុកមង្គលបូរី, លោក ហ៊ឹង សុជា ជាអភិបាលរងស្រុកព្រះនេត្រព្រះ, លោក គុណ រតនា, លោក សាំង សុវណ្ណតារា ជាអភិបាលរងស្រុកអូរជ្រៅ។
នៅស្រុកស្វាយចេកឯណោះវិញ អភិបាលរងថ្មី មានលោក អឿន សេដ្ឋា និង លោក លី សុខ រីឯលោក សៀង រ៉ា និងលោកស្រី មួង សុភឿន ជាអភិបាលរងស្រុកម៉ាឡៃ។
នៅស្រុកថ្មពួក លោក ចាន់ សារិ និងលោកស្រី ពាក សិលា ត្រូវបានទទួលការតែងតាំងជាអភិបាលរង ខណៈលោកស្រី ចំរើន ដាណេ និងលោក ហឺ រីហាំង ជាអភិបាលរងស្រុកភ្នំស្រុក៕