អន្តរជាតិ
អាម៉េរិក អញ្ជើញជប៉ុនឱ្យចូលរួមជាមួយកងកម្លាំងខ្លួនឈរជើងនៅអូស្រ្តាលី
07, Dec 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី និងអាម៉េរិកនាសន្និសីទសារព័ត៌មាន។ រូបថតទ AFP
រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី និងអាម៉េរិកនាសន្និសីទសារព័ត៌មាន។ រូបថតទ AFP
ដោយ:
អាម៉េរិកនឹងបង្កើនវត្តមានកងទ័ពអាកាស ជើងគោក និងជើងទឹកនៅអូស្រ្តាលីដែលរួមមានយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងផង។ បើតាមការប្រកាសរបស់រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ក្រោយកិច្ចពិភាក្សាជាមួយសមភាគីអូស្រ្តាលី ប្រទេសទាំងពីរក៏ឯកភាពអញ្ជើញជប៉ុនចូលរួមដែរ ស្របពេលប្រទេសទាំងនេះបារម្ភពីឥទ្ធិពលចិនក្នុងតំបន់។

 
ថ្លែងក្រោយជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្រ្តីអូស្រ្តាលី និងអាម៉េរិកនៅថ្ងៃទី៦​ ខែធ្នូ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន លើកឡើងថា ប្រទេសទាំងពីរបានឯកភាពអញ្ជើញជប៉ុនឱ្យបញ្ចូលកងកម្លាំងជាមួយអាម៉េរិកឈរជើងនៅអូស្រ្តាលីបន្ថែមពីលើការបង្កើនកងកម្លាំងរបស់ខ្លួន។ 
 
«អ្វីដែលយើងបានព្រមព្រៀងធ្វើនោះគឺបង្កើនកម្លាំងទ័ពផ្លាស់ប្តូរជើងទឹក ជើងគោក និងជើងអាកាស ទាំងនេះប្រាកដណាស់ជាកងកម្លាំងបង្វិលទៅអូស្រ្តាលី»។ លោក អូស្ទីន ថ្លែងបែបនេះទៅកាន់សន្និសីទកាសែតរួមជាមួយសមភាគីអូស្រ្តាលីដែលរួមមានរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរផង។ 
 
ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិអាម៉េរិកមិនបានលម្អិតពីពេលវេលា ឬចំនួនកងកម្លាំង នាវា និងយន្តហោះដែលត្រូវបន្ថែមក្នុងការផ្លាស់ប្តូរនេះទេ។ លោក អូស្ទីន និយាយថា អាម៉េរិក និងចិនមានចក្ខុវិស័យដូចគ្នាដែលប្រទេសក្នុងតំបន់អាចកំណត់អនាគតរបស់ពួកគេផ្ទាល់ ប៉ុន្តែជាអកុសលបច្ចុប្បន្នចក្ខុវិស័យនេះកំពុងប្រឈមបញ្ហា ដោយសារតែទង្វើដ៏គឃ្លើន និងគ្រោះថ្នាក់របស់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមទាំងតៃវ៉ាន់ ប្រទេសកោះប៉ាស៊ីហ្វិក ក៏ដូចជានៅសមុទ្រចិនខាងត្បូង និងខាងកើត។ 
 
ភាគីទាំងពីរក៏បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមថានឹងពង្រីកទីតាំងសម្រាប់កងទ័ព និងកងកម្លាំងជើងទឹករបស់អាម៉េរិកនៅអូស្រ្តាលីដើម្បីពង្រឹងវត្តមានរបស់អាម៉េរិកលើដីគោកផងដែរ។ 
 
តាំងពីរដ្ឋបាលអតីតប្រធានាធិបតីអាម៉េរិក បារ៉ាក់ អូបាម៉ា កងទ័ពជើងទឹកអាម៉េរិករាប់ម៉ឺននាក់បានផ្លាស់ប្តូរជារៀងរាល់ឆ្នាំដើម្បីហ្វឹកហ្វឺន និងធ្វើលំហាត់យោធារួមនៅដែនដីភាគខាងជើងអូស្រ្តាលី។ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែតុលា អាម៉េរិកក៏គ្រោងពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរចំនួនប្រាំមួយគ្រឿងនៅមូលដ្ឋានទ័ពអាកាសនៅភាគខាងជើងអូស្រ្តាលីផងដែរ។
 
ដូចកិច្ចប្រជុំរវាងរដ្ឋមន្រ្តីអូស្រ្តាលី និងអាម៉េរិកកាលពីឆ្នាំមុន អាម៉េរិក អង់គ្លេស និងអូស្រ្តាលីបង្កើតកិច្ចព្រមព្រៀងសន្តិសុខហៅថា AUKUS ដែលជួយអូស្រ្តាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ តែត្រូវបានចិន​រិះគន់យ៉ាងខ្លាំង៕
 
 
 
 

Tag:
 អាម៉េរិក
  អូស្រ្តាលី
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com