អន្តរជាតិ
EU បញ្ជូនសំណុំរឿងបញ្ហាប៉ាតង់ជាមួយចិន និងជម្លោះចិន-លីទុយអានីទៅ WTO ទីស្នាក់កណ្ដាលគណៈកម្មកាអឺរ៉ុប។ រូបថត Xinhua
× គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៧ ខែធ្នូបានស្នើសុំបង្កើតក្រុមប្រឹក្សាវិនិច្ឆ័យនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ខណៈដែលបញ្ហាប៉ាតង់ជាមួយចិន និងបញ្ហាដែលចិនហាមឃាត់ការនាំចូលរបស់លីទុយអានីដោយមិនមានការបញ្ជាក់ មិនអាចដោះស្រាយចេញតាមរយៈជំនួបទ្វេភាគី។
ជម្លោះពាណិជ្ជកម្មពីរករណីជាមួយចិនត្រូវធ្លាក់ដល់ដៃ WTO។ ករណីទីមួយនោះគឺ ការចោទចិនលើការរឹតបន្តឹងសិទ្ធិរបស់ក្រុមហ៊ុនសហភាពអឺរ៉ុប (EU) ក្នុងការប្រើប្រាស់តុលាការបរទេសដើម្បីការពារប៉ាតង់បច្ចេកវិទ្យាខ្ពស់ និង ករណីទីពីរនោះគឺ ការហាមឃាត់ការនាំចូលរបស់លីទុយអានីដោយមិនមានការបកស្រាយច្បាស់លាស់។
EU អះអាងថា ករណីទាំងពីរនេះធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អាជីវកម្មអឺរ៉ុប និងការរំខានដល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង EU។ គណៈកម្មការអឺរ៉ុបបានស្នើសុំជាផ្លូវការក្នុងការប្រឹក្សាជាមួយចិននៅ WTO លើបញ្ហានេះ ដែលជាជំហានដំបូងក្នុងការដោះស្រាយបញ្ហាក្នុងកម្រិតអង្គការអន្តរជាតិ។ យ៉ាងណាមិញ ដំណាក់កាលប្រឹក្សាបែបនេះ មិនងាយនឹងដោះស្រាយបញ្ហាបាននោះទេ។
ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នឹងដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ EU ស្របតាមនីតិវិធីដោះស្រាយវិវាទរបស់ WTO។
សំណើរបស់គណៈកម្មការខាងលើកើតឡើងស្របពេលដែល EU ត្រួតពិនិត្យជំហររបស់ខ្លួនចំពោះចិន ខណៈមើលឃើញថា ចិនជាដៃគូប្រកួតប្រជែងជាងដៃគូសហការ។
គួររំលឹកថា ទំនាក់ទំនងពាណិជ្ជកម្មរវាង EU និងចិនរឹតតែអាក្រក់ទៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈពេលដែលតុលាការចិនបានចេញដីការរារាំងក្រុមហ៊ុនអឺរ៉ុបពីការស្វែងរកសំណងទាក់ទងកម្មសិទ្ធិបញ្ញាស្ដង់ដារនៅតុលាការអឺរ៉ុប និងតុលាការផ្សេងទៀតក្រៅពីតុលាការចិន។ បន្ថែមពីនេះ វត្តមានស្ថានទូតកោះតៃវ៉ាន់នៅលីទុយអានីក៏ជារឿងមួយទៀតដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែពិបាកដោះស្រាយផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com