អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក ឯកភាពលក់គ្រឿងបរិក្ខារយោធាឱ្យតៃវ៉ាន់ ៤២៥លានដុល្លារបន្ថែម
× ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី៧ ខែធ្នូ បានបើកភ្លើងបៃតងលក់គ្រឿងបរិក្ខារយោធាចំនួន ៤២៥លានដុល្លារឱ្យតៃវ៉ាន់ ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងមានភាពចម្រូងចម្រាសជាមួយគ្នាជុំវិញបញ្ហាក្រុងតៃប៉ិ។
ក្រោយជំនួបលោកស៊ី ជិនភីង ប្រធានាធិបតីចិន ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកោះបាលី ឥណ្ឌូណេស៊ី ក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់គ្រឿងបរិក្ខារយោធាទំហំ ៤២៥លានដុល្លារ។ កញ្ចប់គ្រឿងបរិក្ខារយោធានេះ ធ្វើឡើងដើម្បីគាំទ្រតៃវ៉ាន់លើកម្លាំងយន្តហោះចម្បាំង F-16 និងយន្តហោះដឹងជញ្ជូន C-130 រួមទាំងគ្រឿងបរិក្ខារផ្សេងទៀត។
កញ្ចប់ថវិកាមួយនេះ អាចធ្វើឱ្យចិនខឹងសម្បារថែមទៀត ខណៈពេលកន្លងមក ប្រធានាធិបតីចិន ក្នុងជំនួបជាមួយសមភាគីអាម៉េរិក បានចាត់ទុកតៃវ៉ាន់ជាបន្ទាត់ក្រហម នៅក្នុងទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។
ក្នុងការឯកភាពចុងក្រោយនេះ ក្រសួងការបរទេសអាម៉េរិក បានលើកឡើងថា សំណើលក់អាវុធនេះ បម្រើឱ្យប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចជាតិអាម៉េរិក តាមរយៈការបន្តគាំទ្រលើសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់។
កន្លងមក រដ្ឋបាលអាម៉េរិករបស់លោក បៃឌិន បានបើកភ្លើងបៃតង ដើម្បីលក់អាវុធឱ្យតៃវ៉ាន់ជាញឹកញាប់ ក្នុងទំហំជាច្រើនលានដុល្លារ។ ការឯកភាពលក់អាវុធទាំងនោះ បានធ្វើឱ្យចិនប្រតិកម្មយ៉ាងខ្លាំង និងជំរុញឱ្យអាម៉េរិកលុបចោលការលក់អាវុធទាំងនោះ៕
Tag:
អាម៉េរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com