ជាតិ
លោក ឌិត ទីណា ចង់ឱ្យ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្លាយជាសាកលវិទ្យាល័យនាំមុខ ក្នុងប្រទេស និងតំបន់
08, Dec 2022 , 8:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ហ្វេសប៊ុក​លោក ឌិត ទីណា
លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបភាពពី​ហ្វេសប៊ុក​លោក ឌិត ទីណា
ភ្នំពេញ៖ នៅ​ថ្ងៃអនាគត លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម មាន​បំណង​ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងតំបន់។ ការ​លើកឡើងបែបនេះ បន្ទាប់ពី​លោក ជួប​ពិភាក្សា​ពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម កាល​ពី​ថ្ងៃទី​៧ ធ្នូ។



លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​លើក​ឡើងថា កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ ហើយ​ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់ និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។ 
  

ជំនួបជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបភាពពីហ្វេសប៊ុក​លោក ឌិត ទីណា
 
«ជាចក្ខុវិស័យនាពេលអនាគត ខ្ញុំចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់»។ នេះ​ជាការ​លើក​ឡើងរបស់​លោក ឌិត ទីណា ដោយ​បន្តថា ដើម្បីសម្រេចគោលដៅនេះ ត្រូវ​មានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់។ 
 
រដ្ឋមន្រ្តី​កសិកម្មរូបនេះ មាន​ជំនឿថា​​ប៉ុន្មានឆ្នាំទៅមុខ និស្សិត​ដែល​ចេញពីសាកលវិទ្យាល័យនេះ នឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយ។ ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម លោក ឌិត ទីណា បង្ហាញ​ក្ដី​សង្ឃឹម​ដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាព»។
 
សូម​បញ្ជាក់ថា សាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៦៤។ នា​ពេល​កន្លង​ទៅ​ និស្សិត​កសិកម្ម​នៃ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម បាន​ចុះ​កម្មសិក្សា​នៅប្រទេសអ៊ីស្រាអែល តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Buildingផងដែរ។ និស្សិតកម្ពុជា ដែលបានទៅសិក្សានៅអ៊ីស្រាអែល ភាគច្រើនត្រូវបានបណ្ដុះបណ្ដាលចំណេះដឹងបច្ចេកទេសកសិកម្មទាំងទ្រឹស្ដី និងការអនុវត្ត៕
 

Tag:
 កសិកម្ម
  អប់រំ
  ឌិត ទីណា​
© រក្សាសិទ្ធិដោយ thmeythmey.com