អន្តរជាតិ
លោក Dominic Williams៖ ខ្ញុំរៀនភាសាខ្មែរនៅតាមហាងបាយ សាលា និងតាមផ្លូវ
09, Dec 2022 , 8:59 am        
រូបភាព
អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថតដោយ ឈន សុផាត
អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ។ រូបថតដោយ ឈន សុផាត
ភ្នំពេញ៖ អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams ជាអ្នកការទូតបរទេសមួយរូបដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក Dominic អះអាងថា លោករៀនភាសាខ្មែរតាំងពីមុនពេលមកបំពេញការងារមកម្ល៉េះ។ ជាមួយចំណេះដឹងភាសាខ្មែរ អ្នកការទូតរូបនេះ អាចពង្រឹងទំនាក់ទំនងទ្វេភាគី យល់ពីវប្បធម៌ខ្មែរ និងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនកម្ពុជា។

 
តាមពិតទៅ លោក Dominic បានរៀនភាសាខ្មែរចំនួន១៨ខែមុនធ្វើដំណើរមកកាន់កម្ពុជា។ មកដល់កម្ពុជាកាលពីខែមីនា លោកក៏សង្វាតរៀនភាសាខ្មែរទៀត។ នៅថ្ងៃទី៥ ខែវិច្ឆិកា លោក ក៏ថ្វាយសារតាំងដល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា ដែលនាឱកាសនោះ លោកក៏ប្រើប្រាស់ភាសាខ្មែរក្នុងសវនាការនោះដែរ។
 
ការរៀនភាសាខ្មែរនេះ ត្រូវអគ្គរាជទូតអង់គ្លេសចាត់ទុកជាបទពិសោធថ្មីសម្រាប់លោកដែលនិយាយភាសាច្រើន ព្រោះភាសាខ្មែរ ជាភាសាទី១ នៅក្រៅតំបន់អឺរ៉ុបដែលលោកបានរៀន។ លោកបានលើកឡើងថា មានភាពខុសគ្នារវាងភាសាខ្មែរ និងភាសានៅតំបន់អឺរ៉ុប។  
 
កត្តាអ្វីដែលជួយលោក Dominic អាចនិយាយ ឬសរសេរខ្មែបានល្អ? លោកឆ្លើយថា លោកបានរៀនភាសាខ្មែរពេញម៉ោងអំឡុងពេលនៅអង់គ្លេស ហើយខិតខំរៀនបន្ថែមដោយខ្លួនឯងទៀត។ អ៊ីនធឺណិត ក៏ជាប្រភពចំណេះដឹងភាសាខ្មែរដែរ ដោយលោកមើលវីដអូរបស់ផលិតកម្មខ្មែរមេគង្គ ដែលនិយាយភាសាខ្មែរអមដោយការបកប្រែជាភាសាអង់គ្លេស និងស្ដាប់វិទ្យុផ្សាយជាភាសាខ្មែរដូចជាសំឡេងសហរដ្ឋអាម៉េរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យ។  
 
បន្ទាប់ពីមកដល់កម្ពុជាក្នុងខែមីនា លោកក៏បន្តរៀនភាសាខ្មែរនៅមជ្ឈមណ្ឌលការសិក្សាខេមរភាសានៅសៀមរាប។ ទីនោះហើយដែលលោកអាចអនុវត្តភាសាខ្មែររបស់លោក។
 
«នៅទីនោះ ខ្ញុំមានឱកាសរៀនជាមួយប្រជាជនកម្ពុជាជាច្រើននៅហាងបាយ នៅមជ្ឈមណ្ឌលការសិក្សា នៅតាមផ្លូវ។ ខ្ញុំមានឱកាសអនុវត្តអ្វីដែលខ្ញុំបានរៀនពីមុន។» លោក Dominic បញ្ជាក់ច្បាស់ៗបែបនេះជាភាសាខ្មែរ។
 
ក្នុងកិច្ចសម្ភាសដំបូងជាមួយសារព័ត៌មានថ្មីៗដែលធ្វើជាភាសាខ្មែរក្រោយចូលកាន់តំណែងជាផ្លូវការ លោក Dominic Williams អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និយាយថា​ ការចេះនិយាយភាសាខ្មែរ​ នឹងជួយលោកក្នុងការធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនកម្ពុជា ព្រោះលោកអាចនិយាយជាមួយពួកគេដោយផ្ទាល់បាន ហើយអាចស្វែងយល់កាន់តែច្រើនពីវប្បធម៌ប្រទេសម្ចាស់ផ្ទះ។ លោកតែងប្រើប្រាស់ភាសាខ្មែរក្នុងសំណេរ ឬវីដេអូខ្លីដែលបង្ហោះលើបណ្ដាញសង្គមរបស់លោក និងនៅពេលលោកជួបជនជាតិខ្មែរ។
 
មិនត្រឹមដឹងពីវប្បធម៌ខ្មែរឡើយ លោក Dominic ក៏អាចដឹងពីព័ត៌មាននានាដែលកើតឡើងក្នុងប្រទេសកម្ពុជាផងដែរ។ លោកពន្យល់ថា អានកាសែតជាភាសាអង់គ្លេស និងភាសាខ្មែរ មានពាក្យខុសគ្នា ហើយលោកអាចឃើញកម្ពុជា ស្ថានភាពប្រជាជនកម្ពុជាបាន បើសិនលោកនិយាយភាសាខ្មែរបាននោះ។
 
«ខ្ញុំទទួលបានការស្វាគមន៍រាក់ទាក់នៅពេលបានជួបគ្នា។ ជាពិសេសពួកគេបានឃើញថា ខ្ញុំអាចនិយាយភាសាខ្មែរ ហើយអ្នកទាំងអស់ចង់និយាយជាមួយខ្ញុំក្នុងភាសាខ្មែរ។ ខ្ញុំគិតថា វាជួយខ្ញុំជាច្រើនក្នុងការងារខ្ញុំ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២។» អគ្គរាជទូតអង់គ្លេសដដែលនិយាយដូច្នេះ៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com