អន្តរជាតិ
EU បង្កើនសម្ពាធលើរុស្ស៊ីដោយបន្ថែមកញ្ចប់ទណ្ឌកម្មទី៩ លើបុគ្គលនិងស្ថាប័នចំនួន២០០
09, Dec 2022 , 12:19 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី៧ ខែធ្នូ បានលើកឡើងថា សហភាពអឺរ៉ុប (EU) កំពុងតែស្នើដាក់​កញ្ចប់ទណ្ឌកម្មទី៩ លើរុស្ស៊ីដែលនឹងបន្ថែមបុគ្គល និងស្ថាប័នប្រមាណ២០០ ក្នុងបញ្ជីមានស្រាប់ ខណៈដែលប្លុកមួយនេះបង្កើនកិច្ចខិតខំដាក់សម្ពាធលើរុស្ស៊ី។

 
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន និយាយថា រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន ហើយបានកំណត់​គោលដៅ​លើជនស៊ីវិល និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ស៊ីវិល​ដោយ​ចេតនា។​ 
 
«ពួកយើងឈរជាមួយអ៊ុយក្រែន ហើយពួកយើងកំពុងតែធ្វើឱ្យរុស្ស៊ីទូទាត់សម្រាប់ភាពឃោរឃៅ​របស់​ពួកគេ»។ លោកស្រី Leyen លើកឡើងបែបនេះរួចបន្តថា កញ្ចប់ទណ្ឌកម្មចំនួន៨​កន្លងមក ​កំពុង​ដាក់​សម្ពាធយ៉ាងខ្លាំងលើរុស្ស៊ី។ ពេលនេះ EU កំពុង​បង្កើន​សម្ពាធ​លើ​រុស្ស៊ី​បន្ថែមទៀត​ជាមួយ​កញ្ចប់​ទណ្ឌកម្មទី៩។
 
កញ្ចប់ទណ្ឌកម្មថ្មីនេះ នឹងដាក់បញ្ចូលបុគ្គល និងស្ថាប័នចំនួន២០០ ដែលរួមមាន​កង​កម្លាំង​ប្រដាប់​អាវុធរុស្ស៊ី មន្រ្តី ក្រុមហ៊ុនឧស្សាហកម្មការពារ សមាជិកសភា ក្រុមប្រឹក្សាសហព័ន្ធ រដ្ឋមន្ត្រី អភិបាល ខេត្ត និងបក្សនយោបាយ។ បញ្ជីឈ្មោះខាងលើគ្របដណ្តប់អង្គភាព និងបុគ្គលដែលជាប់ទាក់ទងការ​វាយប្រហារដោយមីស៊ីលដ៏ឃោរឃៅនិងចេតនារបស់រុស្ស៊ីប្រឆាំងជនស៊ីវិល ការ​ចាប់​ពង្រត់​កុមារ​អ៊ុយក្រែនទៅកាន់រុស្ស៊ី និងការលួចផលិតផលកសិកម្មអ៊ុយក្រែន។
 
ក្រៅពីនេះ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះក៏បានបញ្ជាក់ថា EU ស្នើឱ្យមានទណ្ឌកម្មលើ​ធនាគារ​រុស្ស៊ី​ចំនួន​៣បន្ថែមទៀត។ EU ក៏គ្រោងនឹងដាក់ការត្រួតពិនិត្យ និងការរឹតបន្តឹងការនាំចេញថ្មី ជា​ពិសេស​សម្រាប់ទំនិញប្រើប្រាស់បានពីរគោលដៅដែលរាប់បញ្ចូលទាំងសារធាតុគីមីសំខាន់ៗ គ្រឿង​អេឡិច​ត្រូនិក និងគ្រឿងបរិក្ខារបច្ចកវិទ្យាព័ត៌មានសម្រាប់ផលិតអាវុធ។
 
ទន្ទឹមនេះផងដែរ EU ​ក៏ហាមឃាត់ការនាំចេញដ្រូនដោយផ្ទាល់ទៅកាន់រុស្ស៊ី និងការនាំចេញទៅ​កាន់​ប្រទេសទីបីណាមួយដូចជាអ៊ីរ៉ង់ដែលអាចផ្គត់ផ្គង់ទៅឱ្យរុស្ស៊ីបន្តទៀត៕
 
 
 
 
 
 
 

Tag:
 EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com