អន្តរជាតិ
ជប៉ុន អង់គ្លេស និងអ៊ីតាលី ចាប់ដៃគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ
09, Dec 2022 , 5:39 pm        
រូបភាព
គំរូយន្តហោះចម្បាំង Tempast ដែលស្ថិតក្រោមគម្រោងរបស់អង់គ្លេស។ រូបថត AFP
គំរូយន្តហោះចម្បាំង Tempast ដែលស្ថិតក្រោមគម្រោងរបស់អង់គ្លេស។ រូបថត AFP
ដោយ:
អ៊ីតាលី ជប៉ុន និងអង់គ្លេស ប្រកាសពីគម្រោងសហការគ្នាអភិវឌ្ឍយន្តហោះចម្បាំងថ្មីឱ្យចេញប្រតិបត្តិការបានត្រឹមឆ្នាំ២០៣៥។ នេះជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ជប៉ុនក្រៅពីដៃគូជាមួយអាម៉េរិកលើកដំបូងហើយតាំងពីសង្រ្គាមលោកលើកទីពីរ ស្របពេលភាពតានតឹងភូមិសាស្រ្តនយោបាយកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

 
តាមសេចក្តីប្រកាសរួមរបស់អ៊ីតាលី ជប៉ុន និងអង់គ្លេស កិច្ចព្រមព្រៀងត្រីភាគីមានបំណងដាក់ឱ្យយន្តហោះចម្បាំងជួរមុខដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបឱ្យធ្វើប្រតិបត្តិការត្រឹមឆ្នាំ២០៣៥ ដោយរួមបញ្ចូលគម្រោងប្រព័ន្ធប្រយុទ្ធដែនអាកាសអនាគតរបស់អង់គ្លេសដែលស្គាល់ថាជា Tempest ជាមួយកម្មវិធី F-X របស់ជប៉ុន។
 
កិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានហៅថា កម្មវិធីប្រយុទ្ធផ្លូវអាកាសជាសកល (Global Combat Air Programme)។ បើតាមក្រសួងការពារជាតិជប៉ុន ក្រុមហ៊ុនអ៊ីតាលី Leonardo ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុន BAE Systems របស់អង់គ្លេសនឹងដឹកនាំការរចនាយន្តហោះដែលនឹងមានសមត្ថភាពឌីជីថលកម្រិតខ្ពស់ក្នុងបញ្ហាសិប្បនិមិត្ត និងសង្រ្គាមតាមប្រព័ន្ធអ៊ីនធឺណិត។ 
 
«យើងប្តេជ្ញារក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ សេរី និងបើកចំហដែលសំខាន់ជាងពេលណាៗទាំងអស់ នៅពេលគោលការណ៍ទាំងនេះកំពុងប្រឈមបញ្ហា និងរងការគំរាម ហើយការឈ្លានពានកំពុងកើនឡើង»។ មេដឹកនាំប្រទេសទាំងបីបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី៩ ខែធ្នូ។
 
ទោះជាយ៉ាងនេះ ប្រទេសទាំងបីមិនទាន់ធ្វើការលើសេចក្តីលម្អិតពីដំណើរការគម្រោងនេះទេ។ អង់គ្លេសវិញប្រកាសថា ប្រទេសផ្សេងទៀតក៏អាចចូលរួមក្នុងគម្រោងនេះបានដែរ។ 
 
ទាក់ទងគម្រោងនេះ អាម៉េរិកដែលប្តេជ្ញាការពារប្រទេសទាំងបីតាមរយៈសមាជិកភាពណាតូ និងកិច្ចព្រមព្រៀងសន្តិសុខដាច់ដោយឡែកជាមួយជប៉ុន ក៏បានស្វាគមន៍កិច្ចព្រមព្រៀងប្រទេសតំបន់អឺរ៉ុប និងជប៉ុននេះដែរ។ 
 
«អាម៉េរិកគាំទ្រកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរបស់ជប៉ុនជាមួយដៃគូ និងសម្ព័ន្ធមិត្តដែលមានចិត្តដូចគ្នារួមមានអង់គ្លេស និងអ៊ីតាលី»។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិកក្នុងសេចក្តីថ្លែងការណ៍រួមជាមួយក្រសួងការពារជាតិជប៉ុន។
 
កិច្ចព្រមព្រៀងរវាងប្រទេសទាំងបីធ្វើឡើង ស្របពេលនយោបាយភូមិសាស្រ្តនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែតានតឹងដែលរាប់ចាប់ពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េជាដើម៕
 
 
 
 

Tag:
 អ៊ីតាលី
  ជប៉ុន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com