ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍ និងរដ្ឋបាល​​ខេត្ត​ព្រះ​សីហនុ ពិនិត្យ​លទ្ធភាព​រៀបចំ​«សារមន្ទីរឆ្នេរ»
10, Dec 2022 , 11:29 am        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍ និងអាជ្ញាធរ​​ខេត្ត​ព្រះ​សីហនុ ពិនិត្យ​លទ្ធភាព​ ដើម្បី​​រៀបចំ«សារមន្ទីរឆ្នេរ»។ សម្ដេច លើក​ឡើង​បែបនេះ នៅ​ក្នុង​ពិធី​បើក​មហា​សន្និបាត​លើក​ទី​១៦ នៃ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក នា​ខេត្ត​ព្រះ​សីហនុ។



នៅ​ព្រឹក​ថ្ងៃទី១០ ធ្នូនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អញ្ជើញចូលរួម​នៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ​ក្រោម​ប្រធានបទ «ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្ដី​សង្ឃឹម​»។​ ក្នុង​ពិធី​បើក​មហាសន្និបាតលើកទី១៦នេះ សម្ដេច ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​ប្រឹក្សា​ភិបាល និង​សមាជិក​ក្លឹប​ទាំង​អស់ ដែល​បាន​គាំទ្រ​ឆ្នេរ​សមុទ្រ​កម្ពុជា និង​យល់ព្រម​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជាទាំង​មូលជា​សមាជិក។ 


គណៈអធិបតីក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។ រូបភាពពី SPM

សម្ដេចនាយករដ្ឋមន្រ្តី​ បន្តថា ការ​ចូលជា​សមាជិក​ក្លឹបនេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​មុខមាត់​របស់​តំបន់​សមុទ្រ​កម្ពុជា ទាំងលើ​​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង​បរិស្ថាន។ បើតាម​សម្ដេច កិច្ច​ការ​នេះ បាន​ធ្វើ​ឱ្យ​តំបន់​ឆ្នេរ​កម្ពុជា​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ​វិនិយោគ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ និង​ត្រូវ​បាន​ចាត់ទុក​ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​ទាក់ទាញផងដែរ​។​
 
ក្នុង​ឱកាស​នោះ សម្ដេច ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំ«សារមន្ទីរឆ្នេរ» (Maison de le Baie)។ បន្ថែម​លើនេះ សម្ដេច​ក៏​បាន​ស្នើ​ឱ្យ​ប្រធាន​ក្លឹប និង​សមាជិក​ក្លឹប​ទាំង​អស់ ជួយ​ចែក​រំលែកបទ​ពិសោធ​ និង​ដំណើរ​ការ​នៃការ​រៀប​ចំ​សារមន្ទីរឆ្នេរជាដើម​។
 
ជាមួយ​គ្នានេះ សម្ដេច ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍ ​សហការ​ជាមួយ​ក្លឹប​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ សិក្សា​រៀប​ចំ​ឱ្យ​មាន​នូវ ស្ថាប័ន​អង្កេត​ទេសចរណ៍​សម្រាប់​ឆ្នេរ។ ការ​បង្កើត​ស្ថាប័ន​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​​ ដូច​ដែល​សមាជិក​ផ្សេងទៀត បាន​រៀបចំ។​
 
សូម​បញ្ជាក់ថា ឆ្នេរ​សមុទ្រ​កម្ពុជា​ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​​ពេញ​សិទ្ធិ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ក្នុង​អង្គ​មហា​សន្និ​បាត​លើក​ទី​៧ កាល​ពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ទី​ក្រុង​តូបាកូតា ប្រទេស​សេណេហ្កាល់​។ ឆ្នេរ​សមុទ្រ​កម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម​ថា «ឆ្នេរសមុទ្រកម្ពុជា តារារះ​នាទិសនិរតី»៕
 

Tag:
 ទេសចរណ៍
  ឆ្នេរ
  ព្រះ​សីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com