ជាតិ
ក្រសួង​អប់រំ ចាប់​ផ្ដើម​កែ​សន្លឹក​កិច្ចការ​បេក្ខជននៅ​ថ្ងៃនេះ និង​មិនឱ្យ​​គ្រូបង្រៀនយក​ទូរសព្ទចូលបន្ទប់កំណែឡើយ​
11, Dec 2022 , 12:29 pm        
រូបភាព
លោកគ្រូ អ្នកគ្រូ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន។ រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា។
លោកគ្រូ អ្នកគ្រូ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន។ រូបភាពពី ក្រសួងអប់រំ យុវជន និងកីឡា។
ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និ​ង​កីឡា បាន​ចាប់ផ្ដើម​​ដំណើរ​ការ​​កំណែ​សន្លឹក​កិច្ច​ការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ នៅ​ថ្ងៃទី១១ ខែធ្នូនេះ នៅតាម​មណ្ឌល​កំណែ​ចំនួន ១០។ ក្នុង​ដំណើរការ​កំណែនេះ ក្រសួង​អប់រំ មិន​អនុញ្ញាត​ឱ្យ​ចូលនូវ​ឧបករណ៍​អេឡិចត្រូនិក និង​ទូរសព្ទដៃ​ចូល​បន្ទប់​កំណែ​ឡើយ។



ក្រោយ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ បាន​​បញ្ចប់​កាល​ពី​ថ្ងៃទី៦ ធ្នូ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចាប់​ផ្ដើម​ដំណើរការ​កំណែនៅថ្ងៃទី​១១ ធ្នូនេះ។ ក្រសួង​អប់រំ បាន​កំណត់​យក​មណ្ឌល​កំណែ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ សម្រាប់​កែ​សន្លឹក​វិញ្ញាសា​របស់​បេក្ខជនទាំង១០​មុខវិជ្ជា។
 
បើតាម​ក្រសួង​អប់រំ ក្នុង​ដំណើរការ​កំណែនេះ មិនអនុញ្ញាត​ឱ្យលោកគ្រូ អ្នកគ្រូ ​យកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែឡើយ។ ជាមួយគ្នានេះ​ គ្រប់បន្ទប់កំណែទាំងអស់ មានបំពាក់កាម៉េរ៉ាសុវត្ថិភាព និងក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។
 
បន្ថែមលើនេះ ក្រសួង​អប់រំ ក៏​បាន​ណែ​នាំ​ដល់​លោកគ្រូ អ្នក​គ្រូ ឱ្យ​បំពេញ​ភារកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ និង​យក​ចិត្ត​ទុកដាក់​ក្រោម​ស្មារតី​ទទួលខុសត្រូវខ្ពស់ផងដែរ។ សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​ថ្ងៃទី ២៧ ធ្នូ សម្រាប់​ប្រកាស​លទ្ធផល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក សម្រាប់​ខេត្ត​ផ្សេង​ៗ​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី ២៨ ធ្នូ៕ 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com