ជាតិ
សម្ដេច ហ៊ុន សែន៖ «ខ្ញុំមិន​ទៅ​ពី​អាស៊ី នាំប្រេងទៅ​ចាក់លើ​ភ្លើង ក្នុង​ទ្វីប​អឺរ៉ុប​នោះទេ»
11, Dec 2022 , 3:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីបើកបុណ្យសមុទ្រ។ រូបភាពពីផេក SPM
សម្ដេច ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីបើកបុណ្យសមុទ្រ។ រូបភាពពីផេក SPM
ភ្នំពេញ៖ «ខ្ញុំមិន​ទៅ​ពី​អាស៊ី នាំប្រេងទៅ​ចាក់លើ​ភ្លើង ក្នុង​ទ្វីប​អឺរ៉ុប​នោះទេ»។ សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​បែបនេះ នៅ​​ក្នុងពិធីបើកបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» កាលពី​យប់ថ្ងៃទី​១០ ធ្នូ។



នៅ​យប់​ថ្ងៃទី​១១ ធ្នូនេះ សម្ដេច​ ហ៊ុន សែន ​ប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំ​គណៈប្រតិភូ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ច​ប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុងព្រុចសែល នាថ្ងៃទី ១៤ ខែធ្នូ ខាងមុខនេះ។
 

ក្នុង​ដំណើរទស្សនកិច្ច​ទៅ​តំបន់​អឺរ៉ុបនេះ សម្ដេច ប្រមើល​ឃើញ​ថាប្រធានបទ​​ត្រូវ​ពិភាក្សា​ នឹង​ទាក់ទងពី​បញ្ហា​សន្តិភាព​ ដែល​ជា​ប្រធានបទ​ដ៏​ធំ។ ក្រៅ​ពី​មាន​ជំនួបពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​បារាំង សម្ដេច ហ៊ុន សែន ក៏​នឹង​ចូល​រួម​សន្និសីទស្ដី​ពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែនផងដែរ។ 
 
ពាក់ព័ន្ធ​នឹង​ប្រធានបទខាងលើ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ សង្កត់​ធ្ងន់​ថា៖ «ខ្ញុំមិនទៅពីអាស៊ី នាំប្រេងទៅចាក់លើភ្លើង ក្នុងទ្វីបអឺរ៉ុបនោះទេ។ សង្រ្គាម​កំពុងតែ​កើត​នៅក្នុង​តំបន់​អឺរ៉ុប​​ ដែលនៅ​ទី​ធ្លាប់តែមានសន្តិភាព ក៏ប៉ុន្តែ​ឥឡូវនេះ ​​តាមរយៈបញ្ហាដែលកំពុងកើតនៅ​អឺរ៉ុប បាន​ក្លាយជា​ប្រធានបទដ៏​ធំ​»។
 
សូម​បញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នឹងមានព្រឹត្តិការណ៍អមជាច្រើនរួមមាន​ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប លើកទី១០, កិច្ចប្រជុំកំពូលយុវជនអាស៊ាន-សហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអបអរសាទរប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។ អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្ដេចនាយករដ្ឋមន្រ្តី នឹងមានកម្មពិធីពិសាអាហារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ។ ក្រៅពីនេះ សម្ដេច នឹងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុបផងដែរ៕
 

Tag:
 នយោបាយ
  ហ៊ុន សែន
  អឺរ៉ុប
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com