ជាតិ
ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុត រួម​គ្នាដាំ​កូនកោងកាងជាង២ពាន់ដើម និងដាក់​ឈ្មោះថា«កោងកាង សាងស្នេហ៍»
12, Dec 2022 , 8:29 am        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
ភ្នំពេញ៖ ប្រតិភូនៃប្រទេសជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក រួមជាមួយ​តំណាង​ក្រសួង​ទេសចរណ៍ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​រួម​គ្នា​ដាំ​កូន​កោងកាងចំនួន ២៣៨៨ ដើម នៅ​ក្នុងឃុំតានៃ ស្រុកព្រៃនប់។ កូនកោងកាងដែលបានដាំទាំងនេះ ត្រូវ​បានប្រសិទ្ធនាមថា «កោងកាង សាងស្នេហ៍» ដែលបង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរទាំងអស់។



កូនកោងកាងចំនួន ២,៣៨៨ ដើម ត្រូវ​បានដាក់​ដាំ​ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ត្រូវបានប្រសិទ្ធនាមថា «កោងកាង សាងស្នេហ៍»។ បើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ «កោងកាង សាងស្នេហ៍» បង្ហាញពីនិមិត្តរូប នៃសេចក្តីស្រឡាញ់ និងចំណងមិត្តភាព ភាតរភាព សាមគ្គីភាពយូរអង្វែង រវាងសមាជិកនៃក្លឹបឆ្នេរទាំងអស់។ 
   

រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
ក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍នៃមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១១ ខែធ្នូ មានការចូលរួមពីប្រតិភូនៃប្រទេសជាសមាជិកក្លឹប, លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន​លើក​ឡើងថា៖ «នេះពិតជាកិត្តិយស និងមោទកភាពសម្រាប់ប្រជាជនខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសជាទីតាំងរៀបចំមហាសន្និបាតក្លឹប ស្របពេលនឹងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣»។ 
 
បើតាម​លោក គួច ចំរើន​ ពិធីដាំដើមកោងកាងអនុស្សាវរីយ៍នាពេលនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានជ្រើសរើសយកដើមកោងកាង ដែលជារុក្ខជាតិដុះតាមតំបន់ឆ្នេរ ឬតំបន់ទឹកប្រៃលាយសាប ត្រូវបានគេរកឃើញនៅតាមឆ្នេរសមុទ្រត្រូពិច ជាពិសេសនៅតំបន់មហាសមុទ្រឥណ្ឌាខាងលិច។ 


 រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
«ព្រៃកោងកាងដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធបរិស្ថាន និងជារបៀងតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ។ កោងកាងជាកន្លែងរក្សាផលស្តុក ជាដែនជម្រក ជាកន្លែងបង្កាត់ពូជ ប្រភពមេពូជនៃធម្មជាតិ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សតាមរយៈការផ្តល់ជាប្រភពអាហារ និងឱសថបុរាណ»។ នេះជា​ការ​បរិយាយរបស់​លោក គួច ចំរើន ដោយ​បន្តថា កោងកាង ក៏​ជារបាំងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ការបាក់ឆ្នេរសមុទ្រ ការហូរច្រោះឆ្នេរ ការកើនឡើងកម្ពស់ទឹកសមុទ្រ និងការរក្សាទុកកាបូន ដែលរួមចំណែក ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
 
អភិបាលខេត្តរូបនេះ ជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងសមាជិកក្លឹបឆ្នេរទាំងអស់ នឹងបន្តរីកលូតលាស់ រឹងមាំ ដើម្បីជាមូលដ្ឋានក្នុងការជំរុញដោះស្រាយបញ្ហាប្រឈមរួមនានា ក្នុងកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុជាសកល។ 
 

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ។ រូបភាពពីរដ្ឋបាលខេត្តព្រះសីហនុ។
 
លោក គួច ចំរើន​ ក៏បានថ្លែងអំណរគុណដល់​លោក​ ម៉ុង ឬទ្ធី ដែលបានផ្តល់ទីតាំង និងសម្របសម្រួលរៀបចំពិធីដាំដើមកោងកាង សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ អភិបាលខេត្តរូបនេះ អះអាងថា នឹងខិតខំថែរក្សាកោងកាងសាងស្នេហ៍នេះ និងប្រែក្លាយតំបន់នេះ ជាតំបន់អភិរក្សកោងកាងមួយដ៏សំខាន់ ដើម្បីរួមចំណែករក្សាតុល្យភាពបរិយាកាស និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិ។
 
សូម​បញ្ជាក់ថា ប្រទេសកម្ពុជាមានព្រៃកោងកាងសរុបចំនួន ៥៨,៨៥២ ហិចតា ក្នុងនោះខេត្តព្រះសីហនុ មានផ្ទៃដីព្រៃកោងកាងចំនួន ៩,៣៥២ ហិចតា មានចំនួន ៣៩ ប្រភេទ។ នេះបើតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ៕ 
 

Tag:
 ទេសចរណ៍
  ឆ្នេរសមុទ្រ
  ខេត្ត​ព្រះ​សីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com